ទន្ទឹមនឹងនេះ តំណាងវិស័យឯកស្នើឱ្យអគ្គនាយកដ្ឋានពន្ធពិនិត្យលទ្ធភាពលុបបំណុលពន្ធដារដល់វិស័យឯកជន ដែលអគ្គនាយកដ្ឋានពន្ធដារបានរកឃើញ។ ជាការឆ្លើយតបមេពន្ធដារ អះអាងថា អគ្គនាយកដ្ឋានពន្ធដារ បានផ្តល់ការអនុគ្រោះ និងលើកលែងបំណុលពន្ធជាហូរហែរួចមកហើយ និងបានជំរុញឱ្យវិស័យឯកជនត្រូវបង្កើនតម្លាភាព និងអនុវត្តតាមច្បាប់ពន្ធដារឱ្យបានពេញលេញ ដើម្បីបញ្ចៀសបញ្ហាចម្រូងចម្រាសផ្សេងៗ។ តើវាអាចក្លាយជាទម្លាប់អាក្រក់ និងធ្វើឱ្យប៉ះពាល់ដល់ភាពប្រកួតប្រជែងរបស់ក្រុមហ៊ុន ដែលបង់ពន្ធត្រឹមត្រូវទេ ប្រសិនអគ្គនាយកដ្ឋានពន្ធដារ ចេះតែបន្តលើកលែងបំណុលពន្ធដល់ក្រុមហ៊ុន ដែលមិនអនុលោកតាមច្បាប់ពន្ធដារ?
ក្នុងឱកាសធ្វើជាវាគ្មិនក្នុងវេទិកាពន្ធដារកម្ពុជា ឆ្នាំ២០២៦ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអំពាវនាវឱ្យអគ្គនាយកដ្ឋានពន្ធដារពិនិត្យលទ្ធភាពបន្ថែមទៀតក្នុងការលាងបាប ដែលសំដៅលើការលុបបំណុលពន្ធដារ ដែលនៅសេសសល់ចំពោះវិស័យឯកជន ដែលអគ្គនាយកដ្ឋានបានរកឃើញ ដើម្បីជំរុញឱ្យពួកគេអាចមានលទ្ធភាពបន្ដបង្កើតអាជីវកម្មថ្មីៗ និងចូលរួមអនុលោមតាមច្បាប់ពន្ធដារកាន់តែប្រសើរឡើង។
ឆ្លើយតបនឹងការអំពាវនាវនេះ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាលតែងតែផ្តល់ការអនុគ្រោះ និងលើកលែងសម្រាប់វិស័យឯកជនពាក់ព័ន្ធនឹងបញ្ហាពន្ធដារជាបន្តបន្ទាប់ ដើម្បីជួយសម្រួលដល់វិស័យឯកជន។ ទោះយ៉ាងណា ឯកឧត្តម ជំរុញឱ្យវិស័យឯកជនត្រូវបង្កើនការប្រតិបត្តិអាជីវកម្មប្រកបដោយតម្លាភាព និងអនុលោមឱ្យបានពេញលេញតាមច្បាប់ពន្ធដារ ដើម្បីបញ្ចៀសបញ្ហាដដែលៗ ដែលអាចកើតមានទៅថ្ងៃខាងមុខ។
តើវាអាចក្លាយជាទម្លាប់អាក្រក់ និងធ្វើឱ្យប៉ះពាល់ដល់ភាពប្រកួតប្រជែងរបស់ក្រុមហ៊ុន ដែលបង់ពន្ធត្រឹងត្រូវទេ ប្រសិនបើអគ្គនាយកដ្ឋានពន្ធដារ ចេះតែបន្តលុបបំណុលពន្ធដល់ក្រុមហ៊ុន ដែលមិនអនុលោមតាមច្បាប់ពន្ធដារ? ឆ្លើយតបនឹងសំណួរនេះ ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា ពិតប្រាកដណាស់វាអាចធ្វើឲ្យប៉ះពាល់ដល់ភាពប្រកួតប្រជែងយ៉ាងខ្លាំង បើសិនជាការលុបបំណុលពន្ធជាញឹកញាប់ពេកវានឹងក្លាយជាទម្លាប់អាក្រក់ និងគ្មានស្តង់ដា ព្រោះក្រុមហ៊ុន សហគ្រាសមិនគោរពច្បាប់អាចមានអត្ថប្រយោជន៍លើក្រុមហ៊ុន សហគ្រាសបង់ពន្ធត្រឹមត្រូវ។ មួយវិញទៀតការដែលបំផ្លាញវិន័យពន្ធ ធ្វើឱ្យអ្នកវិនិយោគ អ្នកជំនួញអាជីវកម្មខ្លះរំពឹងថានឹងមានការលើកលែងនាពេលក្រោយៗទៀត។ ពិសេសជាងនេះទៅទៀត វាធ្វើឲ្យប៉ះពាល់ចំណូលជាតិ និងភាពជឿទុកចិត្តគ្នា និងធ្វើឲ្យសាធារណជនយល់ថា ប្រព័ន្ធច្បាប់ពន្ធដារមិនស្មើភាព។ ប៉ុន្តែក្រុមអ្នកវិភាគសេដ្ឋកិច្ចលើកឡើងដែរថា វាអាចសមស្រប នៅពេលមានវិបត្តិសេដ្ឋកិច្ច ករណីពិសេស ឬ tax amnesty ដែលមានគោលការណ៍ច្បាស់លាស់ កំណត់ពេល និងតម្លាភាព។ សរុបជារួមការលុបបំណុល ឬលើកលែងពន្ធគ្មានស្តង់ដា អាចប៉ះពាល់អវិជ្ជមានដល់ក្រុមហ៊ុនស្មោះត្រង់ និងបរិយាកាសប្រកួតប្រជែង ប៉ុន្តែបើអនុវត្តដោយគោលការណ៍ច្បាស់លាស់វាអាចក្លាយជាឧបករណ៍គោលនយោបាយបាន។
គួរជម្រាបថា វេទិកាពន្ធដារកម្ពុជា ឆ្នាំ២០២៦ បានបង្ហាញពីការចូលរួមជាបន្តបន្ទាប់របស់អគ្គនាយកដ្ឋានពន្ធដារ (GDT) ក្នុងការពង្រឹងរដ្ឋបាលពន្ធដារ ការបង្កើនវប្បធម៌អនុលោមភាព និងការពង្រឹងកិច្ចសន្ទនារវាងវិស័យសាធារណៈ និងឯកជន។ ព្រឹត្តិការណ៍នេះ ជាវេទិកាដ៏សំខាន់មួយក្នុងការបញ្ជាក់ពីទិសដៅកំណែទម្រង់ ការពង្រឹងគោលការណ៍តម្លាភាព និងការលើកកម្ពស់ឌីជីថលូបនីយកម្មនៅក្នុងប្រព័ន្ធពន្ធដារនៅកម្ពុជា៕