យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Nikkei Asia បានគូសបញ្ជាក់ថា ប្រាក់ប៉េសូហ្វីលីពីន បានធ្លាក់ចុះដល់កម្រិតទាបបំផុតជាប្រវត្តិសាស្ត្រកាលពីថ្ងៃសុក្រ សប្តាហ៍មុន ក្នុងអត្រា៦០ប៉េសូក្នុង១ដុល្លារ។ ទោះបីជាធនាគារកណ្តាលហ្វីលីពីន បានបើកកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ដើម្បីរក្សាគោលនយោបាយអត្រាការប្រាក់ក្នុងបំណងទប់ស្កាត់ការធ្លាក់ថ្លៃក៏ដោយ ក៏ទីផ្សារហាក់មិនទាន់បង្ហាញសញ្ញាវិជ្ជមានណាមួយនៅឡើយទេ។
ស្ថានភាពស្រដៀងគ្នានេះក៏កំពុងកើតមានពាសពេញតំបន់អាស៊ី ក្នុងនោះប្រាក់វ៉ុនរបស់កូរ៉េខាងត្បូង បានធ្លាក់ចុះ៤% ក្នុងរយៈពេលតែមួយខែ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល១៧ឆ្នាំកន្លងមកនេះ។ ចំណែកប្រាក់បាតថៃ បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល១០ខែកាលពីថ្ងៃទី២៣ ខែមីនា កន្លងទៅ ខណៈប្រាក់យ៉េនជប៉ុន ត្រូវបានជួញដូរក្នុងតម្លៃទាបបំផុតរហូតដល់១៦០យ៉េនក្នុង១ដុល្លារកាលពីថ្ងៃទី២៧ ខែមីនា។
ផ្ទុយទៅវិញ តម្រូវការប្រាក់ដុល្លារអាម៉េរិក បានហក់ឡើងយ៉ាងខ្លាំង ដោយសារវិនិយោគិនចាត់ទុកវាជាទ្រព្យសម្បត្តិសុវត្ថិភាព ក្នុងអំឡុងពេលមានវិបត្តិ។ សន្ទស្សន៍ប្រាក់ដុល្លារបានកើនឡើង២% គិតត្រឹមថ្ងៃព្រហស្បតិ៍។ ដោយឡែករូបិយប័ណ្ណរបស់ប្រទេសនាំចេញធនធានប្រេងហាក់មានភាពធន់ ក្នុងនោះប្រាក់ក្រូនន័រវែស ធ្លាក់ចុះត្រឹម១% ខណៈប្រាក់ដុល្លារកាណាដា និងអូស្ត្រាលី ធ្លាក់ចុះក្នុងចន្លោះពី១% ទៅ២% ប៉ុណ្ណោះ ដែលបង្ហាញពីភាពរឹងមាំជាងរូបិយប័ណ្ណនៅតំបន់អាស៊ី។
ផ្អែកតាមរបាយការណ៍របស់ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា បានព្រមានថា ប្រសិនបើភាពចលាចលក្នុងទីផ្សារថាមពលនេះអូសបន្លាយលើសពី១ឆ្នាំ នោះអត្រាកំណើនសេដ្ឋកិច្ចរបស់អាស៊ីអាចនឹងធ្លាក់ចុះរហូតដល់១,៣% ក្នុងអំឡុងឆ្នាំ២០២៦-២០២៧ ខណៈដែលអតិផរណាអាចនឹងហក់ឡើងដល់៣,២%៕
អត្ថបទៈ សួន ឡង់ទី