មេដឹកនាំពិភពលោកបញ្ចេញសារអបអរលោក ដូណាល់ ត្រាំ យ៉ាងប្រយ័ត្នប្រយែង

តើមេដឹកនាំពិភពលោកឆ្លើយតបយ៉ាងណាចំពោះជ័យជំនៈរបស់លោក ដូណាល់ ត្រាំ?


ក្រោយលោក ដូណាល់ ត្រាំ បានឈ្នះនៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ មេដឹកនាំពិភពលោកធំៗ ដែលរួមមានទាំងរុស្ស៊ី ចិន អ៊ុយក្រែន បារាំង កូរ៉េខាងត្បូង ជាដើមបានអបអរ លោក ត្រាំ ប៉ុន្តែរាល់សារជូនពរ និងអបអរនានាហាក់ដាក់ការប្រុងប្រយ័ត្នយ៉ាងខ្ពស់ចំពោះការផ្លាស់ប្តូរមេដឹកនាំអាម៉េរិកនៅក្នុងរង្វង់ដើមឆ្នាំ២០២៥ ខាងមុខ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានធំៗជាច្រើន។
មេដឹកនាំពិភពលោកបញ្ចេញសារអបអរលោក ដូណាល់ ត្រាំ យ៉ាងប្រយ័ត្នប្រយែង

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ បានអបអរសាទរចំពោះលោក ដូណាល់ ត្រាំ ដែលបានឈ្នះការបោះឆ្នោតនៅសហរដ្ឋអាម៉េរិក ហើយបានសរសើរលោកចំពោះការបង្ហាញពីភាពក្លាហាននៅពេលដែលខ្មាន់កាំភ្លើងព្យាយាមធ្វើឃាត រួចបាននិយាយថា ទីក្រុងម៉ូស្គូបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសន្ទនាជាមួយប្រធានាធិបតីជាប់ឆ្នោតពីគណបក្សសាធារណរដ្ឋ។

ដោយឡែក ប្រធានាធិបតីចិនលោក ស៊ី ជិនភីង ក៏បានអបអរសាទរចំពោះលោក ត្រាំ ហើយបានជំរុញឱ្យប្រទេសទាំងពីរស្វែងរកវិធីត្រឹមត្រូវ ដើម្បីចុះសម្រុងគ្នា ខណៈដែលពន្ធគយរបស់សហរដ្ឋអាម៉េរិកកំពុងគម្រាមកំហែងឱ្យពួកគេត្រឡប់ទៅរកថ្ងៃនៃសង្រ្គាមពាណិជ្ជកម្មកាលពីឆ្នាំមុន។ លោក ស៊ី ក៏បានអំពាវនាវឱ្យមានការពង្រឹងកិច្ចសន្ទនា ដើម្បីគ្រប់គ្រងភាពខុសគ្នាឱ្យបានត្រឹមត្រូវ។

រីឯប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមៀរ ហ្សេឡេនស្គី ( Volodymyr Zelenskyy) ក៏បានអបអរសាទរចំពោះជ័យជម្នះរបស់លោក ត្រាំ ផងដែរ។ លោកបានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា លោក និងលោក ត្រាំ ធ្លាប់ជួបគ្នាកាលពីខែកញ្ញា ហើយថា ពួកគេមានចំណាប់អារម្មណ៍ក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ចដែលមានផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជាតិអ៊ុយក្រែននិងអាម៉េរិក។

ដោយឡែក ប្រធានាធិបតីកូរ៉េខាងត្បូងលោក យុន ស៊ូកយុល (Yoon Suk Yeol ) ក៏បានអបអរសាទរលោក ត្រាំ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយនិយាយថា អនាគតនៃសម្ព័ន្ធភាពសហរដ្ឋអាម៉េរិកជាមួយកូរ៉េខាងត្បូងនឹងភ្លឺថ្លាជាងមុនក្រោមការដឹកនាំដ៏រឹងមាំរបស់លោក ត្រាំ។

នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមលោកប្រធានាធិបតីបារាំង អេម៉ានូអែល ម៉ាក្រុង ( Emmanuel Macron) ក៏បានបង្ហោះផងដែរថា លោកបានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការរួមគ្នាជាមួយលោក ត្រាំ ជាមួយនឹងការជឿជាក់ និងដោយការគោរពគ្នាទៅវិញទៅមក ប៉ុន្តែនៅក្នុងសារនោះ លោកក៏បានបង្កប់ការព្រួយបារម្ភមួយចំនួនពាក់ព័ន្ធនឹងអនាគត នៃទំនាក់ទំនងអាម៉េរិក និងសហភាពអឺរ៉ុបផងដែរ។

ដោយឡែក លោក ស៊ីជីរូ អ៊ីស៊ីបា (Shigeru Ishiba) នាយករដ្ឋមន្រ្តីជប៉ុនវិញមានសេចក្តីរាយការណ៍ថា បានទំនាក់ទំនងជាមួយនឹងលោក ត្រាំ តាមទូរស័ព្ទប្រមាណជា៥នាទី ហើយក៏មានការលេចធ្លាយព័ត៌មានថា លោកប៉ុនប៉ងជួបពិភាក្សាជាមួយនឹងលោក ត្រាំ ដោយផ្ទាល់នៅខែនេះតាមគំរូលោក ស៊ីនហ្សូ អាបេ (Shinzo Abe)អតីតនាយករដ្ឋមន្រ្តីជប៉ុនបានធ្វើនៅពេលលោក ត្រាំ ឈ្នះឆ្នោតកាលពីអណត្តិមុន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


រោងចក្រដំឡើងរថយន្ត Ford នៅខេត្តពោធិ៍សាត់ដំឡើងរថយន្តបានជាង២ពាន់គ្រឿងនៅ១០ខែឆ្នាំនេះ អត្ថបទ៖ បូ ដូឡា,រូបភាព តែន ចិន

រោងចក្រដំឡើងរថយន្តហ្វត (Ford) នៅខេត្តពោធិ៍សាត់ដំឡើងរថយន្តបានជាង២ពាន់គ្រឿងនៅក្នុងរយៈពេល១០ខែកន្លងមកនេះ ហាក់មានការថយចុះបន្តិចបើធៀបនឹងការ…

តើទីផ្សារប្រើប្រាស់រថយន្តថ្មី និងរថយន្តជជុះមានការប្រែប្រួលយ៉ាងណានៅមួយរយៈចុងក្រោយនេះ?

បច្ចុប្បន្នការប្រើប្រាស់រថយន្តថ្មី ត្រូវបានគេសង្កេតឃើញកំពុងមានការពេញនិយមខ្លាំង ខណៈការប្រើប្រាស់រថយន្តជជុះនាំចូល ក៏នៅតែមានការពេញនិយមដូចគ្នា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ