
ទិន្នន័យសមតុល្យនៃការទូទាត់ ដែលចេញផ្សាយកាលពីថ្ងៃសុក្រ សប្តាហ៍មុន បានបង្ហាញថា ទំហំវិនិយោគផ្ទាល់ពីបរទេសរបស់ចិន នៅក្នុងឆ្នាំ២០២៤ របស់ចិនបានធ្លាក់ចុះប្រមាណ៩០% បើធៀបនឹងឆ្នាំ២០២៣ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល៣៣ឆ្នាំមកនេះ ប៉ុន្តែត្រីមាសចុងក្រោយឃើញថា ទំហំវិនិយោគផ្ទាល់ពីបរទេស (FDI) របស់ចិន ហាក់បង្ហាញភាពវិជ្ជមានឡើងវិញ ដោយឈានដល់តម្លៃ១៧,៥ពាន់លានដុល្លារបន្ទាប់ពីបានធ្លាក់ចុះពីរត្រីមាសជាប់ៗគ្នា។
ការវិនិយោគសរុបប្រចាំឆ្នាំបានកើនឡើងដល់៣៤៤ពាន់លានដុល្លារក្នុងឆ្នាំ២០២១ ហើយក៏បានចាប់ផ្ដើមធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងត្រីមាសពីខែមេសា ដល់ខែមិថុនា ឆ្នាំ២០២២ ខណៈដែលការបិទទីក្រុងសៀងហៃ ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តសូន្យកូវីដរបស់រដ្ឋាភិបាល បានធ្វើឱ្យសេដ្ឋកិច្ចចិន ធ្លាក់ចុះ។
កាលពីមុន ប្រទេសចិន បានដាក់ចេញគោលនយោបាយកំណែទម្រង់ និងបើកទូលាយដោយបានទាក់ទាញការវិនិយោគ អ្នកមានជំនាញ និងបច្ចេកវិទ្យាពីក្រៅប្រទេសដែលជំរុញឱ្យមានកំណើនសេដ្ឋកិច្ចខ្លាំង ប៉ុន្តែគោលនយោបាយសូន្យកូវីដ បានបង្កើតភាពមិនច្បាស់លាស់ក្នុងចំណោមវិនិយោគិនបរទេសធ្វើឱ្យមានការប្រែប្រួលកំណើនបែបនេះ។
កត្តាសំខាន់មួយទៀតដែលធ្វើឱ្យការនិយោគបរទេសធ្លាក់ចុះ គឺការកើនឡើងនូវក្តីបារម្ភអំពីវិធានការរបស់ចិនក្នុងការបង្កើនការគាបសង្កត់លើសន្តិសុខជាតិ រួមទាំងការបង្រ្កាបលើចារកម្ម ខណៈដែលការរំពឹងទុកអំពីកំណើនត្រូវបានបង្អាក់ដោយសារតែការធ្លាក់ចុះសេដ្ឋកិច្ចជាបន្តបន្ទាប់ដែលចាក់ឫសនៅក្នុងទីផ្សារអចលនទ្រព្យ។
ក្រុមហ៊ុនចម្រុះជាតិសាសន៍ធំៗមួយចំនួនបានកាត់បន្ថយប្រតិបត្តិការរបស់ពួកគេនៅប្រទេសចិន កាលពីឆ្នាំមុន។ ជាក់ស្ដែងក្រុមហ៊ុន IBM ក្រុមហ៊ុន Microsoft និងក្រុមហ៊ុន Cisco Systems បានកាត់បន្ថយ ឬផ្លាស់ប្តូរទីតាំងស្រាវជ្រាវ និងអភិវឌ្ឍន៍នៅក្នុងប្រទេសចិន នៅចំពោះមុខនៃការរឹតបន្តឹងលើការផ្ទេរទិន្នន័យទៅក្រៅប្រទេស និងការគ្រប់គ្រងដោយរដ្ឋាភិបាលចិនដ៏តឹងរ៉ឹងលើអ៊ីនធឺណិត៕
អត្ថបទ៖ សុខ មង្គល