
ឯកឧត្តម កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីស ថា ករណីភ្លើងឆេះព្រៃនៅតំបន់ភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូង មិនបានបង្កផលប៉ះពាល់ណាមួយដល់អាយុជីវិត ឬការងាររបស់ពលករខ្មែរ ដែលកំពុងរស់នៅ និងធ្វើការនៅកូរ៉េខាងត្បូងឡើយ។ តែយ៉ាងណាមន្រ្តីជាន់ខ្ពស់រូបនេះអះអាងថា ស្ថានទូតកម្ពុជា និងអនុព័ន្ធការងារអមស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសកូរ៉េខាងត្បូង កំពុងតាមដានស្ថានការណ៍ភ្លើងឆេះព្រៃនេះ។
បើយោងតាមទំព័រហ្វេសប៊ុករបស់ស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ភ្លើងឆេះព្រៃនៅភាគអាគ្នេយ៍ប្រទេសកូរ៉េខាងត្បូងនេះ បានធ្វើឱ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើន ជាពិសេសបណ្ដាលឱ្យមានគ្រោះថ្នាក់ និងបាត់បង់អាយុជីវិតប្រជាពលរដ្ឋដែលរស់នៅតំបន់នោះជាច្រើននាក់ផងដែរ។ ទន្ទឹមនេះ ស្ថានទូតកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរដែលរស់នៅ ធ្វើការ និងសិក្សានៅសាធារណរដ្ឋកូរ៉េ ចៀសវាងការធ្វើដំណើរទៅកាន់តំបន់ដែលមានហានិភ័យខ្ពស់ និងរាយការណ៍មកកាន់ស្ថានទូត ក្នុងករណីទទួលរងផលប៉ះពាល់ ឬត្រូវការជំនួយផ្សេងៗ។
សូមបញ្ជាក់ថា បញ្ហាភ្លើងឆេះព្រៃនៅប្រទេសកូរ៉េខាងត្បូងនេះ បានចាប់ផ្ដើមឡើងតាំងពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ និងបន្ដរីករាលដាលខ្លាំងឡើងៗ ទោះបីជាមានការជួយអន្តរាគមន៍ពន្លត់ពីក្រុមជួយសង្គ្រោះក្ដី។ ករណីភ្លើងឆេះព្រៃនេះបណ្ដាលឱ្យមនុស្សយ៉ាងតិច១៨នាក់ បានស្លាប់ ខណៈមនុស្សរាប់ម៉ឺននាក់ទៀត ត្រូវបានជម្លៀសចេញពីលំនៅឋាន។ នេះបើយោងតាមសេចក្ដីរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានអន្តរជាតិធំៗជាច្រើន៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ