កិច្ចប្រជុះនេះ ធ្វើបានធ្វើឡើងដោយប្រតិបត្តិតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. និង ឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការ កសហវ., អមដោយឯកឧត្តម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ នៃ អ.គ.ហ. នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំជាមួយតំណាងមកពីក្រសួង ស្ថាប័នចំនួន ២៣ រួមជាមួយនឹងតំណាងមកពីអង្គភាពក្រោមឱវាទ កសហវ. ចំនួន ៣ ជាអាទិ៍ អគ្គនាយកដ្ឋានថវិកា អគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិត យ៉េត វីណែល ក៏បានរំលឹកផងដែរអំពីគោលដៅរបស់គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងការអនុវត្តប្រព័ន្ធ «ថវិកាព័ត៌មានសមិទ្ធកម្ម» ជាមូលដ្ឋានក្នុងឆ្នាំ២០២៦ ដើម្បីបន្ដកែលម្អការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព។ ឯកឧត្ដមបណ្ឌិត ក៏បានបញ្ចាក់ថា ដើម្បីធានាបានគណនេយ្យភាពពេញលេញចំពោះសមិទ្ធកម្ម អង្គភាពថវិកានីមួយៗ ត្រូវមានសិទ្ធិគ្រប់គ្រាន់ ស្របទៅតាមច្បាប់ ក្នុងការគ្រប់គ្រងប្រតិបត្តិការចំណូល និងចំណាយថវិកាក្នុងវង្វង់ឥណទានថវិការបស់ខ្លួន។ ក្នុងន័យនេះ ការធ្វើប្រតិភូកម្មសិទ្ធិអំណាចពេញលេញ ជូនអង្គភាពថវិកាក្រោមឱវាទក្រសួង ស្ថាប័ន គឺជាគន្លឹះដ៏សំខាន់ ដើម្បីឈានទៅសម្រេចបានគោលដៅចុងក្រោយ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ «គណនេយ្យភាពសមិទ្ធកម្ម»។
បន្ទាប់ពីក្រសួង ស្ថាប័ន ធ្វើបទអន្តរាគមន៍អំពីវឌ្ឍនភាព កត្តាសត្យានុម័ត ព្រមទាំងផ្តល់ការឯកភាពលើផែនការរួម, ឯកឧត្ដមបណ្ឌិត បានធ្វើការបូកសរុប ព្រមទាំងបញ្ជាក់ពីគោលជំហររបស់ កសហវ. ក្នុងការចូលរួមដោះស្រាយនូវបញ្ហាប្រឈមនានា ទាំងក្នុងក្របខ័ណ្ឌស្ថាប័ន កិច្ចការបច្ចេកទេស និងការបង្កើនសមត្ថភាពដល់មន្ត្រីអនុវត្តការងារ ដើម្បីសម្រេចបានតាមគោលដៅរំពឹងទុក។ អ.គ.ហ. នឹងយកលទ្ធផល និងស្មារតីនៃអង្គប្រជុំនាពេលនេះ ដើម្បីគោរពស្នើសុំការពិនិត្យ និងសម្រចដ៏ខ្ពង់ខ្ពស់ពី ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
មុននឹងបញ្ចប់ ឯកឧត្ដមបណ្ឌិត បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណដល់គ្រប់ក្រសួង ស្ថាប័នទាំងអស់ ដែលបាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តកិច្ចការនេះ ប្រកបដោយស្មារតីបុរេសកម្ម និងមានភាពជាម្ចាស់ខ្ពស់ ព្រមទាំងបានស្នើសុំឱ្យអង្គភាពពាក់ព័ន្ធក្រោមឱវាទ កសហវ. បន្ដផ្ដល់ការគាំទ្រដល់គ្រប់ក្រសួង ស្ថាប័ន ឱ្យអស់ពីកម្លាំងកាយចិត្ត លើកិច្ចការដ៏មានសារៈសំខាន់នេះ។