
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation យន្តហោះឯកជន ដែលបានដឹកលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រឡប់មកពីទីក្រុងឌូបៃ បានមកចុះចតនៅអាកាសយានដ្ឋានអន្តរជាតិដនមឿងកាលពីវេលាម៉ោង៣រសៀលថ្ងៃទីថ្ងៃទី៨ ខែកញ្ញា ហើយតាមរយៈរូបថត ដែលត្រូវបានអ្នកសារព័ត៌មានថតបានឃើញលោកដើរចូលរថយន្តទាំងញញឹមពព្រាយ ស្របពេលដែលសន្តិសុខត្រូវបានរឹតបន្តឹង។
នៅមុនពេលលោក ថាក់ស៊ីន មកដល់ អ្នកសារព័ត៌មានជាច្រើនបានព្យាយាមតាមប្រមាញ់ព័ត៌មានពីលោក ប៉ុន្តែមិនត្រូវបានអនុញ្ញាត ស្របពេលដែលលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ដែលខ្ទាតចេញពីតំណែងនាយករដ្ឋមន្រ្តីបាននិយាយប្រាប់អ្នកសារព័ត៌មានថា លោកស្រីមិនបានទៅទទួលដំណើររបស់ឪពុកខ្លួននោះទេ ដោយសារមានធុរៈត្រូវដោះស្រាយ។
កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុនលោក ថាក់ស៊ីន ត្រូវបានគេអះអាងថា បានចាកចេញពីប្រទេសថៃទៅសិង្ហបុរី ដើម្បីពិនិត្យសុខភាព ប៉ុន្តែលោកមិនបានចុះនៅសិង្ហបុរីនោះទេ បែរជាទៅដល់ទីក្រុងឌូបៃទៅវិញ។ ការចាកចេញរបស់ លោក នេះធ្វើឡើងនៅមុនពេលគណបក្សភឿថៃ ដែលមានលោកនៅពីក្រោយក្លាយជាគណបក្សប្រឆាំងនៅក្នុងសភា ក្រោយចាញ់ក្នុងការបោះឆ្នោតនៅក្នុងសភា។ បច្ចុប្បន្នលោក ថាក់ស៊ីន ដែលមានវ័យ៧៦ឆ្នាំទើបរួចផុតពីបណ្តឹងជុំវិញការប្រមាថព្រះមហាក្សត្រថៃ៕
ដោយៈ សរ សុជាតិ