ការិយាល័យទេសចរណ៍ប្រចាំទីក្រុងប៉ារីស បានឱ្យដឹងថា ព្រឹត្តិការណ៍កីឡាអូឡាំពិកនៅទីក្រុងប៉ារីស ឆ្នាំនេះអាចទាក់ទាញអ្នកចូលរួមលើសពី១៥លាននាក់ ដោយបានផ្តល់ប្រាក់ចំណូលរហូតដល់ប្រមាណ១២ពាន់លានដុល្លារអាម៉េរិក ខុសពីអ្វីដែលអ្នកជំនាញបានវិភាគពេលព្រឹត្តិការណ៍នេះចាប់ផ្តើមដំណើរការដំបូង ដែលថា បារាំងអាចប្រឈមនឹងការខាតបង់ផ្នែកសេដ្ឋកិច្ច ដោយសារព្រឹត្តិការណ៍នេះ។
គណៈកម្មាធិការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងប៉ារីស ឆ្នាំ២០២៤ បានកត់ត្រាថា សំបុត្រសរុបចំនួន១០,៦លានសំបុត្រត្រូវបានលក់ ឬចែកសម្រាប់ព្រឹត្តិការណ៍នេះ ក្នុងនោះ៩,៤លានសំបុត្រសម្រាប់អូឡាំពិក និង១,២លានសំបុត្រសម្រាប់ប៉ារ៉ាឡាំពិក ខណៈព្រឹត្តិការណ៍កីឡាអូឡាំពិក ដែលទាក់ទាញបំផុតនៅឆ្នាំ១៩៩៦ នៅទីក្រុងអាត្លងតា គឺអាចលក់និងចែកចាយសំបុត្របានត្រឹម៨,៣លានសំបុត្រប៉ុណ្ណោះ។
ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសាកល UBS បាននិយាយថា ព្រឹត្តិការណ៍ធំៗដូចជា កីឡាអូឡាំពិក ក៏ដូចជា Eras Tour របស់កំពូលតារាចម្រៀងអាម៉េរិក តៃល័រ ស្វីហ្វ អាចបង្កើតឱ្យមានការភ្ញាក់ផ្អើលភ្លាមៗនៅក្នុងប្រព័ន្ធសេដ្ឋកិច្ចក្នុងស្រុក ជាពិសេសគឺអតិផរណា ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ដ៏ធំទាំងនេះប្រហែលជាមិនបង្កើនតម្លៃនៃការរស់នៅសម្រាប់ប្រជាជនក្នុងតំបន់នោះទេ។
ទោះបីព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទីក្រុងប៉ារីស បានជំរុញកំណើនតម្រូវការ និងតម្លៃនៅក្នុងឧស្សាហកម្ម និងសេវាកម្មផ្សេងៗ រួមទាំងសណ្ឋាគារ និងក្រុមហ៊ុនអាកាសចរណ៍ ឲ្យមានការកើនឡើង និងការប្រឈមផ្សេងៗ ប៉ុន្តែវាមិនបានធ្វើឲ្យសេដ្ឋកិច្ចក្នុងស្រុកមានបញ្ហាឡើយ។ ការប្រកួតកីឡាអូឡាំពិក បានធ្វើឱ្យតម្លៃនៃសេវាកម្ម និងទំនិញផ្សេងៗនៅទីក្រុងប៉ារីសកើនឡើង ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ប្រជាជនបារាំង នៅប៉ារីស ទំនងជាមិនមានអារម្មណ៍ថា ពួកគេកំពុងប្រឈមមុខនឹងបញ្ហាឡើយ៕
ដោយៈ សរ សុជាតិ