ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង បានប្រកាសបដិសេធមិនចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាព ដែលមានភារកិច្ចត្រួតពិនិត្យដំណើរការសន្តិភាពនៅតំបន់ហ្គាហ្សានោះទេ។ អ្នកជំនាញមើលឃើញថា ការបដិសេធសំណើរបស់លោក ត្រាំ ពីសំណាក់មេដឹកនាំបារាំងនេះ បានឆ្លុះបញ្ចាំងពីភាពប្រេះឆាកាន់តែខ្លាំងរវាងអឺរ៉ុប និងសហរដ្ឋអាម៉េរិក ជាពិសេសបន្ទាប់ពីអឺរ៉ុប បានជំទាស់នឹងផែនការទិញកោះហ្គ្រីនលែនរបស់លោក ត្រាំ នាពេលកន្លងមក។
ជាការឆ្លើយតបនឹងជំហររបស់បារាំង សាព័ត៌មាន People Daily បានរាយការណ៍ថា លោក ដូណាល់ ត្រាំ បានព្រមានដាក់ពន្ធរហូតដល់២០០% លើផលិតផលស្រា ជាពិសេសស្រាសំប៉ាញរបស់បារាំង ដែលនាំចចូលទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។
ទន្ទឹមនឹងនេះ សារព័ត៌មាន ABC News ក៏បានរាយការណ៍ផងដែរថា មេដឹកនាំអឺរ៉ុបមួយចំនួន ក៏កំពុងពិចារណាមិនចូលរួមជាមួយក្រុមប្រឹក្សានេះដូចគ្នាដែរ បើទោះបីត្រូវប្រឈមនឹងការគំរាមរបស់លោក ត្រាំ យ៉ាងណាក៏ដោយ។ ក្រៅពីបញ្ហានេះ អឺរ៉ុប និងអាម៉េរិក ក៏កំពុងខ្វែងគំនិតគ្នាជុំវិញបញ្ហានៅកោះហ្រ្គីនលែន និងផែនការសន្តិភាពនៅក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
ក្រៅពីបារាំង ប្រទេសមួយចំនួនទៀត ដូចជារុស្ស៊ី និងកាណាដា ក៏កំពុងបង្ហាញពីភាពស្ទាក់ស្ទើរក្នុងការចូលរួមជាមួយក្រុមប្រឹក្សាសន្តិភាពនេះដែរ។ កាណាដា ទោះបីមិនច្រានចោលការចូលរួមទាំងស្រុង តែបានលើកឡើងថា ខ្លួនមិនចង់ចំណាយថវិការហូតដល់១ពាន់លានដុល្លារសម្រាប់អសនៈសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សានេះនោះទេ៕
ដោយៈ សរ សុជាតិ