លោក ម៉ាក្រុង

មេដឹកនាំបារាំងឌឹដងថា អឺរ៉ុបដើរយឺតតែមានគោលដៅច្បាស់ តែមហាអំណាចខ្លះដើរលឿនតែគ្មានទិសដៅ


ប្រធានាធិបតីបារាំងលោក អេម៉ានូអែល ម៉ាក្រុង ដែលត្រូវបានគេប្រសិទ្ធនាមថា ជាបងធំទី២នៅសហភាពអឺរ៉ុបបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន។ លោក បានថ្លែងសារដៀមដាមឌឺដងជាប្រយោលទៅកាន់មហាអំណាចខ្លះថា ទោះបីអឺរ៉ុបត្រូវបានគេមើលឃើញថា ដើរយឺត ប៉ុន្តែអឺរ៉ុបគឺជាទ្វីបដែលមានគោលដៅច្បាស់លាស់ខុសពីប្រទេសខ្លះ ដែលដើរលឿនស្លេវ តែមិនដឹងថា ស្អែកត្រូវទៅទីណានោះឡើយ។
លោក ម៉ាក្រុង
ដោយ

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Euro News លោកប្រធានាធិបតី អេម៉ានូអែល ម៉ាក្រុង បានថ្លែងទៅកាន់មេដឹកនាំអាជីវកម្ម និងវិនិយោគិនជប៉ុននៅទីក្រុងតូក្យូថា លោកដឹងយ៉ាងច្បាស់ថា អឺរ៉ុបពេលខ្លះត្រូវបានគេមើលឃើញថា ជាទ្វីបមួយដែលដើរយឺតជាងគេ ប៉ុន្តែអ្វីដែលជាតម្លៃពិតប្រាកដរបស់អឺរ៉ុប គឺសមត្ថភាពនៃការព្យាករណ៍ និងការមើលឃើញគោលដៅច្បាស់លាស់។ លោកបានសង្កត់ធ្ងន់ថា ទោះបីអឺរ៉ុបដើរយឺតតែមានគោលដៅច្បាស់លាស់ថាត្រូវដើរទៅទីណា។

នៅក្នុងអំឡុងពេលនោះ លោក ក៏បានឆ្លៀតរិះគន់ និងដៀមដាមដោយប្រយោលថា៖«ប្រជាជាតិខ្លះពិតជាដើរលឿនណាស់ លឿនជាងសម្ព័ន្ធមិត្តទៅទៀត ប៉ុន្តែនៅថ្ងៃស្អែកពួកគេបែរជាមិនដឹងថាខ្លួនឯងកំពុងស្ថិតនៅទីណា ឬត្រូវសម្រេចចិត្តដើរទៅទីណាបន្តឡើយ។

ទោះបីលោក ម៉ាក្រុង មិនបាននិយាយចំឈ្មោះប្រទេសណាមួយក៏ដោយ តែមនុស្សភាគច្រើនបានវាយតម្លៃថា ការលើកឡើងរបស់មេដឹកនាំប្រទេស ដែលជាបងធំទី២នៅតំបន់អឺរ៉ុបនេះ ទំនងជាចង់សំដៅដល់សហរដ្ឋអាម៉េរិក។ ការវាយតម្លៃបែបនេះ ក៏ដោយសារតែការលើកឡើងបែបនេះកើតមានឡើងក្រោយលោកប្រធានាធិបតី ដូណាល់ ត្រាំ បានរិះគន់បារាំងយ៉ាងចាស់ដៃជុំវិញការសម្រេចចិត្តមិនអនុញ្ញាតឱ្យយន្តហោះយោធាអាម៉េរិកហោះកាត់ដែនអាកាសបារាំង ដើម្បីទៅធ្វើអន្តរាគមន៍ក្នុងជម្លោះនៅមជ្ឈិមបូព៌ា។ លោក ត្រាំ ថែមទាំងបានបង្ហោះសារលើបណ្តាញសង្គមថា ទីក្រុងប៉ារីសគ្មានប្រយោជន៍ទាល់តែសោះនៅក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់។

ឆ្លើយតបនឹងបញ្ហានេះលោក ម៉ាក្រុង បានប្រាប់សារព័ត៌មានជប៉ុន NHK ថា បារាំងមិនពាក់ព័ន្ធនឹងយុទ្ធនាការវាយលុកយោធារបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលទៅលើអ៊ីរ៉ង់នោះទេ។ ជាមួយគ្នានេះ លោកបានបញ្ជាក់ពីជំហររួមជាមួយលោកស្រី សាណាអិ តាកាអ៊ិឈិ (Sanae Takaichi) នាយករដ្ឋមន្ត្រីជប៉ុនក្នុងការប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ និងសណ្តាប់ធ្នាប់ពិភពលោក ដោយផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិ។

លោក ម៉ាក្រុង បានសង្កត់ធ្ងន់ថា នេះហើយជាមូលហេតុដែលបារាំង និងជប៉ុនកំពុងរួមដៃគ្នាតស៊ូមតិ ដើម្បីទាមទារឱ្យមានបទឈប់បាញ់ និងការវិលត្រឡប់ទៅរកសន្តិភាព ជាពិសេសការធានានូវសេរីភាពនាវាចរណ៍នៅច្រកសមុទ្រហ័រមូស ដែលជាសរសៃឈាមសេដ្ឋកិច្ចពិភពលោក៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តម្លៃភាគហ៊ុន និងមាសធ្លាក់ចុះ ខណៈប្រាក់ដុល្លារ និងប្រេងឆៅកើនឡើង ក្រោយលោក ត្រាំ ព្រមានបង្កើនការវាយប្រហារលើអ៊ីរ៉ង់

ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ បានថ្លែងថា គោលបំណងយុទ្ធសាស្ត្រស្នូលរបស់ទីក្រុងវ៉ាស៊ីនតោននៅក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់ជិតឈានដល់ទ…

លោក ត្រាំ ព្យាយាមលួងចិត្តពលរដ្ឋខ្លួនថា ប្រតិបត្តិការយោធានៅអ៊ីរ៉ង់ជិតចប់ហើយ តែបានព្រមានពីលទ្ធភាពបង្កើនការវាយប្រហារ

ប្រធានាធិបតីសហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី១ ខែមេសា បានថ្លែងសារពិសេសទៅកាន់ប្រជាពលរដ្ឋអាម៉េរិកតាមកញ្ចក់ទូរទស្សន៍ថា កងទ័ពអាម…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ