តម្លៃដំឡូងមីស្រស់នៅតែស្ថិតក្នុងកម្រិតទាប

តើមកទល់ពេលនេះតម្លៃដំឡូងមីស្រស់មានការប្រែប្រួលយ៉ាងណាហើយ?


ទីផ្សារដំឡូងមីស្រស់នៅកម្ពុជាមិនទាន់មានភាពល្អប្រសើរនៅឡើយទេ បើទោះបីមានក្រុមហ៊ុនមួយចំនួនបានកិច្ចសន្យាទិញសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសចិនជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយក៏ដោយ។ ជាក់ស្តែងតម្លៃដំឡូងមីស្រស់បច្ចុប្បន្នអាចលក់បានក្រោម២០០រៀលក្នុង១គីឡូក្រាមតែប៉ុណ្ណោះ ដែលតម្លៃនេះត្រូវបានជំនាញអះអាងថា មិនទាន់អាចផ្តល់ប្រាក់ចំណេញដល់កសិករនៅឡើយទេ។
តម្លៃដំឡូងមីស្រស់នៅតែស្ថិតក្នុងកម្រិតទាប
ដោយ

លោក អិល ឈិញ ប្រធានសមាគមកសិករដំឡូងមីខ្មែរបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៥ ខែមេសានេះ ដំឡូងមីស្រស់ត្រូវបានលក់ចេញក្នុងតម្លៃប្រមាណ១៤០រៀល១គីឡូក្រាម ខណៈនៅតាមរោងចក្រមានតម្លៃ១៨៥រៀលក្នុង១គីឡូក្រាម ពោលគឺអាស្រ័យតាមប្រភេទម្សៅ។ បើតាមអះអាងរបស់ប្រធានសមាគមរូបនេះ ស្របពេលដំឡូងមីស្រស់មិនសូវមានតម្លៃបានជំរុញឱ្យកសិករមួយចំនួនងាកពីការលក់ដំឡូងស្រស់មកហាលស្ងួតលក់វិញ ខណៈដំឡូងស្ងួតអាចលក់បានក្នុងតម្លៃប្រមាណ៥២០រៀលក្នុង១គីឡូក្រាម។ ទោះបីតម្លៃដំឡូងមីស្រស់នៅឆ្នាំនេះមិនសូវមានភាពល្អប្រសើរ តែកសិករនៅតែបន្តដាំដំណាំប្រភេទនេះ ដ្បិតពួកគេសង្ឃឹមថា ទីផ្សារដំឡូងមីអាចនឹងមានភាពប្រសើរឡើងវិញនាពេលខាងមុខ។

ជាមួយគ្នានេះលោក ស៊ីន វុទ្ធី អគ្គលេខាធិការសមាគមសម្ព័ន្ធដំឡូងមីកម្ពុជា-ចិនកត់សម្គាល់ឃើញថា តម្លៃដំឡូងមីស្រស់នៅឆ្នាំនេះហាក់ទាបជាងឆ្នាំមុន ដែលធ្វើឱ្យកសិករធ្លាក់ចុះប្រាក់ចំណេញ។ យ៉ាងណាមិញអគ្គលេខាធិការរូបនេះរំពឹងថា ក្រសួងពាណិជ្ជកម្មនឹងជួយសម្របសម្រួលលើទីផ្សារដំឡូងមីជូនដល់កសិករ ដើម្បីឱ្យពួកគេមានលទ្ធភាពក្នុងការបន្តដាំដុះបន្តទៀត។

ពាក់ព័ន្ធទីផ្សារដំឡូងមីនេះដែរឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកាលពីពេលថ្មីៗ បានដឹកនាំប្រតិភូសហព័ន្ធដំឡូងមីកម្ពុជាចូលរួមក្នុងជំនួបជាមួយសភាឧស្សាកម្មថៃ និងបានចុះអនុស្សរណៈនៃការយោគយល់គ្នាលើការទិញដំឡូងមីពីកម្ពុជាចំនួន៣០ម៉ឺនតោនក្នុងមួយឆ្នាំ។ ជាមួយគ្នានេះ ភាគីកម្ពុជា និងថៃក៏បានពិភាក្សាស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយពាក់ព័ន្ធនឹងទីផ្សារ និងខ្សែច្រវាក់ផ្គត់ផ្គង់ផលិតកម្មកែច្នៃដំឡូងមី ពោត សណ្តែក វត្ថុធាតុដើមផលិតចំណីសត្វ, កិច្ចសម្រួលពាណិជ្ជកម្ម និងភស្តុភាកម្មផងដែរ៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


ចិនថាខ្លួនមិនទាន់មានការចរចាបញ្ហាពន្ធជាមួយអាម៉េរិកនោះទេ ហើយថា បើអាម៉េរិកចង់ចរចា

ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានអះអាងកាលពីថ្ងៃទី២៣ ខែមេសា ថា រដ្ឋបាលរបស់លោកកំពុងចរចាជាមួយមហាយក្សចិនជុំវិញសង្គ្រាមពន្ធគយ។ ទោះ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ