ឧស្សាហកម្មអាកាសចរណ៍ទូទាំងពិភពលោកបានស្ទុះងើបឡើងវិញខ្លាំងគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ ដោយឈានជិតដល់កម្រិតមុនពេលផ្ទុះវិបត្តិកូវីដ-១៩ ក្នុងឆ្នាំ២០១៩។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Straits Times។ ទោះជាយ៉ាងណា បញ្ហាផ្គត់ផ្គង់ដែលនឹងនៅតែបន្តកើតមាន និងការទទួលបានប្រាក់ចំណេញតិចតួច បានស្ថិតក្នុងចំណោមឧសគ្គនានាដែលឧស្សាហកម្មអាកាសចរណ៍កំពុងប្រឈម។
លោក ស៊ូបាស មេណុន (Subhas Menon) អគ្គនាយកនៃសមាគមក្រុមហ៊ុនអាកាសចរណ៍អាស៊ី-ប៉ាស៊ីហ្វិក (Aapa) បានអះអាងថា នៅឆ្នាំ២០២៤ ការធ្វើដំណើរតាមផ្លូវអាកាសនឹងស្ទុះងើបឡើងវិញពេញលេញ។ ទន្ទឹមនឹងនេះដែរ សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (Iata) បានព្យាករថា នៅឆ្នាំ២០២៤ ក្រុមហ៊ុនអាកាសចរណ៍នានានឹងអាចរកបានប្រាក់ចំណេញបានប្រមាណជិត២៦ពាន់លានដុល្លារអាម៉េរិកពីប្រាក់ចំណូលរហូតដល់ជាង៩៦០ពាន់លានដុល្លារអាម៉េរិក។
សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (Iata) រំពឹងថា ចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាសនៅគ្រប់តំបន់ទាំងអស់នឹងឈានដល់កម្រិតមុនពេលផ្ទុះវិបត្ដិកូវីដ-១៩ នៅត្រឹមដំណាច់ឆ្នាំ២០២៣ នេះ លើកលែងតែតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលត្រូវបានរំពឹងថា នឹងស្ទុះងើបឡើងវិញពេញលេញនៅដើមឆ្នាំ២០២៤។
សម្រាប់ឆ្នាំ២០២៣ ប្រាក់ចំណូលក្នុងវិស័យឧស្សាហកម្មអាកាសចរណ៍ទូទាំងពិភពលោក ត្រូវបានរំពឹងថា នឹងមានកម្រិតខ្ពស់ជាងក្នុងឆ្នាំ២០២២ ជាង៣៨%។ តែទោះជាយ៉ាងណា វានៅតែទាបជាង៤,៨%នៅឡើយបើធៀបនឹងឆ្នាំ២០១៩។ ជាមួយគ្នានេះ ចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាសត្រូវបានព្យាករថានឹងទទួលបានប្រមាណ៤ពាន់៧រយលាននាក់ នៅក្នុងឆ្នាំ២០២៤ គឺខ្ពស់ជាង៩% បើធៀបនឹងចំនួនអ្នកដំណើរជាង៤ពាន់៥រយលាននាក់ ដែលទទួលបានក្នុងឆ្នាំ២០១៩៕