បើតាមអ្នកជំនាញនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យានេះ បានឲ្យដឹងថា នៅឆ្នាំ២០២១នេះ ការលក់បន្ទះឈីបនៅទូទាំងសកលលោកនឹងមានដល់ទៅជិត៥៣០ពាន់លានដុល្លារអាមេរិក កើនឡើង២០% ធៀបនឹងឆ្នាំមុន ដោយសារតែបច្ចុប្បន្ននេះ ការផ្គត់ផ្គង់បន្ទះឈីបគឺកំពុងមានក្នុងសភាពកក្អម ពោលគឺកាន់តែមានតិចទៅ ចំពេលដែលតម្រូវការរីកកាន់តែធំ។
បើយោងតាមស្ថាប័នជំនាញផ្នែកស្ថិតិពាណិជ្ជកម្មបន្ទះអេឡិចត្រូនិកពិភពលោក (World Semiconductor Trade inc) បានឲ្យដឹងថា ការលក់បន្ទះឈីបត្រូវបានរំពឹងថា នឹងបន្ដកើនឡើងទៀតនៅឆ្នាំ២០២២ ជាមួយកំណើនជិត៩% និងមានទឹកប្រាក់សរុប ជាង៥៧០ពាន់លានដុល្លារអាមេរិក។ តម្រូវការបន្ទះឈីបនេះ បានកើនឡើងខ្លាំង ចាប់តាំងពីមានកូវីដ-១៩ផ្ទុះឡើង ធ្វើឲ្យមនុស្សត្រូវស្នាក់នៅផ្ទះច្រើនជាងមុន ដូច្នេះ តម្រូវការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាដូចជាកុំព្យូទ័រ Table ជាដើមមានការកើនឡើងយ៉ាងគំហុក ដែលវាបានធ្វើឲ្យតម្រូវការបន្ទះឈីបសម្រាប់ការផលិតឧបករណ៍ទាំងនេះ ក៏កើនឡើងគំហុកដែរ។
ជាមួយគ្នានេះ ការផលិតរថយន្ដក៏មានតម្រូវការកើនឡើងខ្លាំងដែរ ប៉ុន្ដែ រោងចក្រជាច្រើន ដូចជា Honda, Volkswagen ជាដើមបានកាត់បន្ថយការផលិតរបស់ខ្លួន ដោយសារតែពួកគេខ្វះខាតបន្ទះឈីបសម្រាប់បម្រើដល់ការផលិតរថយន្ដរបស់ខ្លួន។
ក្រុមហ៊ុនផលិតយានយន្ដ និងគ្រឿងបន្លាស់ដ៏ធំរបស់អាមេរិក General Motors ក៏បានបញ្ជាក់កាលពីខែកុម្ភៈកន្លងទៅថា ក្រុមហ៊ុនក៏នឹងបន្ថយការផលិតនៅរោងចក្រចំនួន៤របស់ខ្លួន ដោយសារតែការផ្គត់ផ្គង់បន្ទះឈីបមានការខ្វះខាត ដែលអាចនឹងបន្ដរយៈពេលពេញមួយឆ្នាំ២០២១នេះតែម្ដង។
តំបន់អាស៊ីប៉ាស៊ីហ្វិក ដោយមិនរាប់បញ្ជូលប្រទេសជប៉ុន ត្រូវបានគេរំពឹងថា នឹងនាំមុខគេនៅក្នុងការលក់បន្ទះឈីបនៅក្នុងឆ្នាំនេះ ដោយមានកំណើនខ្ពស់បំផុតជាង២៣% តាមពីក្រោយដោយសហភាពអឺរ៉ុបនឹងកើនឡើងជាង២១%។
ទីផ្សារបន្ទះឈីបនៅជប៉ុនវិញ ត្រូវបានព្យាករថា នឹងកើនឡើងជិត១៣% ហើយនៅអាមេរិកនឹងកើនជាង១១%។ សូមបញ្ជក់ថា ថ្មីៗនេះ មហាអំណាចអាមេរិក និងចិន សុទ្ធតែបានបង្ហាញពីមហច្ឆិតារបស់ខ្លួនក្នុងការប្រជែងតំណែងយកលេខ១ លើការផលិតបន្ទះឈីបនេះ ដោយមហាយក្សទាំងពីនេះ មានផែនការត្រៀមថវិការរាប់ពាន់លានដុល្លារ ដើម្បីជំរុញការស្រាវជ្រាវ និងផលិតបន្ទះឈីប ឬបន្ទះអេឡិចត្រូនិកនេះឲ្យបានកាន់តែច្រើនជាមួយសមត្ថភាពកាន់តែខ្ពស់ ខណៈដែលកន្លងមកអាមេរិក និងចិនក៏មានការតឹងតែងដាក់គ្នានៅក្នុងជំនួញបន្ទះឈីបផងដែរ៕