ទណ្ឌកម្មថ្មីលើរុស្ស៊ី

អន្តរជាតិថ្កោលទោស និងព្រមានដាក់ទណ្ឌកម្មបន្ថែមទៀតលើរុស្ស៊ីជាថ្មី ក្រោយមានការសម្លាប់ជនស៊ីវិលរាប់រយនាក់


ក្រោយពីរុស្ស៊ីបានដកកងទ័ពចេញអស់ពីតំបន់ក្បែររដ្ឋធានីកៀវ កាលពីចុងសប្តាហ៍មុននេះ, សហគមន៍អន្តរជាតិ និងប្រទេសមហាអំណាចជាច្រើន បានចេញមកថ្កោសទោសអំពើឃោរឃៅរបស់រុស្ស៊ី ដែលបានសម្លាប់ជីវិតជនស៊ីវិលអស់ជាច្រើនអំឡុងពេលដែលខ្លួននៅកាន់កាប់ទឹកដីរបស់អ៊ុយក្រែន។ សហគមន៍អន្តរជាតិ កើតទុក្ខមិនសុខចិត្តឡើយ ហើយចោទប្រកាន់រុស្ស៊ីថា បានប្រព្រឹត្តិអំពើប្រល័យពូជសាសន៍ ព្រមទាំងទាមទារឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិកាត់ទោសទីក្រុងម៉ូស្កូលើរឿងនេះថែមទៀត។
អន្តរជាតិថ្កោលទោសរុស្ស៊ីសម្លាប់ជនស៊ីវិលរាប់រយនាក់
ដោយ

ប្រតិកម្ម​របស់​សហគមន៍​អន្តរជាតិ និង​ប្រទេស​មហាអំណាច ធ្លាក់​មក​នៅ​ក្រោយ ដែល​គេ​បានឃើញ​រូបភាព​ដ៏​ឃោរឃៅ និង​ទិដ្ឋភាព​ដ៏​គួរ​ឲ្យ​អាណោចអាធ័ម នៅ​តំបន់ ប៊ូ​ឆា ជា​ក្រុង​តូច​មួយ​នៅ​ក្បែរ​ក្រុង​កៀវ ដែល​រុ​ស្ស៊ី​ដក​ជម្លៀស​កងទ័ព​ចេញ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន​។

កាលពី​ចុង​ស​ប្តា​ហ៍​មុន​នេះ ភាគី​អ៊ុយ​ក្រែ​ន​បាន​រក​ឃើញ​សាកសព​សរុប​ជាង​៤០០​សាកសព នៅ​ក្នុង​ទីប្រជុំជន​ក្រុង​ប៊ូ​ឆា ចំងាយ​ជិត ៤០​គី​ឡួ​ម៉ែ​ត​ពី​រដ្ឋធានី​កៀវ​។ បើ​តាម​អភិបាលក្រុង​មួយ​នេះ យ៉ាង​ហោច​ណាស់​សាកសព​ជាង​៣០០​នាក់ ក្នុង​ចំណោម​នោះ ត្រូវ​បាន​សម្លាប់​ដោយ​កងទ័ព​រុ​ស្ស៊ី​។

ប៉ុន្តែ​ភាគី រុ​ស្ស៊ី​បាន​បដិសេធ​ការ​ចោទប្រកាន់ ដែល​ថា ទាហាន​ខ្លួន​បាន​សម្លាប់​ជន​ស៊ី​វិល​នៅ ប៊ូ​ឆា​។ រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​និយាយ​ថា គ្មាន​អ្នកស្រុក​ណា​ម្នាក់​ទទួល​រង​គ្រោះ​ពី​អំពើ​ហឹ​ង្សា​ណាមួយ​ពី​កងកម្លាំង​រុ​ស្ស៊ី​ទេ ហើយ​បាន​ចោទប្រកាន់​ទីក្រុង​កៀវ​វិញ​ថា​បាន​ញុះញង់ និង​បំភ្លៃ​ព័ត៌មាន​សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​លោក​ខាងលិច​។

ក្រសួងការពារជាតិ​រុ​ស្ស៊ី​បាន​ចេញ​មក​ធ្វើ​សេចក្តីថ្លែងការណ៍​ភ្លាម​ៗ​នៅ​យប់​ថ្ងៃអាទិត្យ ទាត់​ចោលការ​ចោទប្រកាន់​ទាំងនេះ​ដោយ​បាន​រៀបរាប់​ថា អំឡុង​ពេល​ដែល​កងទ័ព រុ​ស្ស៊ី​នៅ​កាន់កាប់​ក្នុង​តំបន់ មិន​មាន​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ណា​ម្នាក់​រង​អំពើ​ហិង្សា​នោះ​ទេ​។ ក្រសួងការពារជាតិ​រុ​ស្ស៊ី​បន្ថែម​ថា​៖ មិន​ត្រឹមតែ​មិន​បាន​ប្រើ​អំពើ​ហិង្សា​លើ​ពលរដ្ឋ​នោះ​ទេ រុ​ស្ស៊ី​ថែម​ទាំង​បាន​បញ្ជូន​ស្បៀងអាហារ​ប្រមាណ ៤៥០​តោន សម្រាប់​ជា​ជំនួយ​មនុស្សធម៌ មក​ក្នុង​តំបន់​ជុំវិញ​ក្រុង​កៀវ​ថែម​ទៀត​។

បើ​តាម​សារព័ត៌មាន​រ៉​យ​ទ័​របា​ន​ចុះ​ផ្សាយ​ដោយ​ស្រង់​ប្រភព​ពី​អាជ្ញាធរ​ក្រុង​ប៊ូ​ឆា ដោយ​បាន​អះអាង​ថា គេ​ប្រទះ​ឃើញ​សាកសព​ជន​ស៊ី​វិល​មួយ​ចំនួន ត្រូវ​បាន​គេ​ចងដៃ​ព័ទ្ធ​ទៅ​ក្រោយ និង​មាន​ស្នាម​គ្រាប់​កំ​ភ្លើង​នៅ​លើ​ក្បាល​ផង​ដែរ​។

សហគមន៍​អន្តរជាតិ​ព្រួត​គ្នា​ថ្កោលទោស និង​បន្ថែម​ទណ្ឌកម្ម​លើ​រុ​ស្ស៊ី

ប្រតិកម្ម​បាន​ធ្លាក់​មក​ជា​បន្តបន្ទាប់​ពី​សហគមន៍​អន្តរជាតិ ពិសេស​ប្រទេស​លោក​ខាងលិច ចាប់តាំងពី​ពេល​ដែល​រុ​ស្ស៊ី​ឈាន​ជើង​ចូល​ឈ្លានពាន​អ៊ុយ​ក្រែ​ន​មក​។ ប៉ុន្ដែ ថ្មី​ៗ​នេះ ទណ្ឌកម្ម​កំពុង​ត្រូវ​បាន​គេ​រៀបចំ​ដាក់​សង្កត់សង្កិន​លើ​ទីក្រុង​ម៉ូ​ស្កូ​បន្ថែម​ផង​ដែរ ក្រោយ​មានការ​សម្លាប់​ជន​ស៊ី​វិល​នៅ​ទីក្រុង​ប៊ូ​ឆា​រាប់រយ​នាក់​។

សម្រាប់​ចក្រភព​អង់គ្លេស ឃាតកម្ម​ប្រព្រឹត្ត​ដោយ​យោធា​រុ​ស្ស៊ី​នេះ ត្រូវ​បាន​រដ្ឋមន្ត្រី​ការ​បរទេស​អង់គ្លេស លោកស្រី លី​ស​ទ្រឺ​ស (Liz Truss) បាន​ទាមទារ​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បើក​ការ​ស៊ើបអង្កេត​ចំពោះ​ឧក្រិដ្ឋកម្ម​សង្គ្រាម​។ រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​ឯណោះ​វិញ គឺ​លោក​អាន់​តូ​នី ប្លី​ង​ខេន (Antony Blinken) បាន​ហៅ​អំពើរ​បស់ទ័ព​រុ​ស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​ថា ច្បាស់​ណាស់​វា​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ  និង​អាច​ជា​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ផង​ដែរ​។ ដោយឡែក​ប្រធានាធិបតី​បារាំង​លោក អេ​ម៉ា​នូ​អែ​ល ម៉ា​ក្រុង​(Emmanuel Macron) បាន​ទាមទារ​ឲ្យ​រដ្ឋអំណាច​ក្រុង​ម៉ូ​ស្កូ ត្រូវ​តែ​ទទួលខុសត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​។

ក្រៅពី​ប្រទេស​មហាអំណាច ក៏​មាន​ដែរ​តំណាង​អង្គការ និង​ស្ថាប័ន​ធំ​ៗ​ផ្សេង​ទៀត​រួម​មាន សហភាព​អឺរ៉ុប អង្គការ​ណា​តូ និង​អង្គការសហប្រជាជាតិ សុទ្ធតែ​បាន​ថ្កោលទោស​រុ​ស្ស៊ី​មិន​ដាច់​ពី​មាត់​នោះ​ទេ​។ 

ប្រធាន​ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​លោក ឆាល​មី​ឆែ​ល​(Charles Michel)  បរិហារ​ពី​ភាព​ឃោរឃៅ​របស់​រុ​ស្ស៊ី ព្រមទាំង​សន្យា​ថា សហភាព​អឺរ៉ុប​នឹង​ប្រមែរ​ប្រមូល​ភស្តុ​តាង​ដាក់​ប្តឹង​រុ​ស្ស៊ី​ទៅ​តុលាការអន្តរជាតិ​។ អគ្គលេខាធិការ​អង្គការ​ណា​តូ លោក ចេ​ន ស្តូ​លេ​ន​ប៊ឺ​ក​(Jens Stoltenberg) ក៏​អះអាង​ថា ទ​ង្វើ​ឃោរឃៅ​នេះ មិន​ដែល​កើត​មាននៅ​អឺរ៉ុប​ឡើយ​នា​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ​។

ប្រធាន​អង្គការសហប្រជាជាតិ គឺ​លោក អង់​តូ​នី​ញូ ហ្គូ​ទែ​រ៉េ​ស​(Antonio Guterres)​ឯណោះ​វិញ​ក៏​បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ Twitter ថា​លោក​មាន​ក្តី​រន្ធត់​ចិត្តខ្លាំង​ណាស់​នៅ​ពេល​បានឃើញ​រូបភាព​ជន​ស៊ី​វិល​ស្លាប់​នៅ​ក្នុង​ទីក្រុង​ប៊ូ​ឆា របស់​អ៊ុយ​ក្រែ​ន​និង​បាន​អំពាវនាវ​ឲ្យ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​ពី​មូលហេតុ​នាំ​ឲ្យ​មាន​ហេតុការណ៍​នេះ​កើតឡើង​។

ជាមួយ​គ្នា​នេះ​ដែរ ប្រទេស​អា​ល្លឺ​ម៉​ង់​បាន​ចេញ​មុខ​មក​អះអាង​មុនគេ​ថា លោក​ខាងលិច​នឹង​យល់ព្រម​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​រុ​ស្ស៊ី​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ បន្ថែម​ពីលើ​សម្ពាធ​សេដ្ឋកិច្ច​ដ៏​ធំធេង ដែល​រុ​ស្ស៊ី​កំពុង​មាន​នា​ពេល​បច្ចុប្បន្ន​។ អធិការបតី​អា​ល្លឺ​ម៉​ង់​លោក អូ​ឡា​ហ្វ ស្កុល​(Olaf Scholz) ព្រមាន​ថា លោកពូ​ទី​ន និង​អ្នកគាំទ្រ​របស់​លោក នឹង​ទទួល​រង​ផលវិបាក​ជាង​នេះ​ទៀត​៕

None



អត្ថបទបន្ទាប់


គល់ស្លឹកគ្រៃពូជ«ភ្លុកដំរី» ត្រៀមនាំចេញទៅកាន់កាណាដាឆាប់ៗនេះ

ស្លឹកគ្រៃប្រភេទ«ភ្លុកដំរី» កំពុងមានតម្រូវការទីផ្សារខ្លាំងទាំងទីផ្សារក្នុងស្រុក និងការនាំចេញ ពិសេសទីផ្សារក្បែរខាងកម្ពុជា គឺប្រទេសថៃ តែម្ដង ដ…

វិបត្តិសេដ្ឋកិច្ចស្រីលង្កា៖ រដ្ឋមន្ត្រីមួយចំនួនរបស់ស្រីលង្កាស្នើសុំលាលែងពីតំណែង

រដ្ឋមន្ត្រីមួយចំនួនរបស់ស្រីលង្កាស្នើសុំលាលែងពីតំណែង ខណៈវិបត្តិសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ។ រដ្ឋមន្ត្រីមួយរូបរបស់ស្រីលង្កាបានឲ្យដឹងថា រដ្ឋមន្ត្រីមួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ