រដ្ឋមន្ត្រីពាក់ព័ន្ធនៃប្រទេសសមាជិកអឺរ៉ុប បានជួបប្រជុំគ្នាបន្ទាន់ នៅប្រទេសលុចសាំបួរ ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា ទប់ទល់នឹងបញ្ហានេះ ក៏ប៉ុន្តែវិបត្តិនេះមិនទាន់អាចរកដំណោះស្រាយបានផង ស្រាប់តែមានបញ្ហាបន្ថែមមួយពីលើទៀត ពោលគឺដោយសារតែការខ្វែងគំនិត ទាស់សំដី និង មិនចុះសម្រុងគ្នារវាងប្រទេសសមាជិកអឺរ៉ុប ដែលធ្វើឲ្យគេមិនបានសម្រេចវិធានការអ្វីទាល់តែសោះ។
មិនចុះសម្រុងគ្នា ហើយរកដំណោះស្រាយមិនបានក៏ដោយសារតែ បារាំង អេស្ប៉ាញ ក្រិច និង សាធារណរដ្ឋឆេកជាដើម បានផ្តល់យោបល់ឲ្យដោះស្រាយក្នុងក្របខណ្ឌសហភាពអឺរ៉ុបទាំងមូលតែម្តងទៅ ដើម្បីបញ្ចុះតម្លៃថាមពល។ ពោលគឺ អឺរ៉ុបត្រូវតែរួមគ្នា ពិនិត្យ និងរៀបចំឡើងវិញ នូវទីផ្សារផ្គត់ផ្គង់ និងចែកចាយថាមពល ដើម្បីការពារកុំឲ្យតម្លៃឡើងចុះមិនប្រាកប្រជា។
ប៉ុន្តែ ផ្ទុយពីប៉ុន្មានប្រទេសខាងលើ មានប្រទេសចំនួន៩ ដែលក្នុងនោះ មានបងធំរបស់អឺរ៉ុបគឺ អាល្លឺម៉ង់ ផង បានចេញមកបដិសេដថា ខ្លួនមិនគាំទ្រចំពោះគំនិតចង់កែទម្រង់ទីផ្សារថាមពលអឺរ៉ុបឡើយ ដោយបានអះអាងថា វានឹងមិនជួយបញ្ចុះតម្លៃថាមពលឡើយ ព្រោះតម្លៃថាមពល បានរងឥទ្ធិពលដោយផ្ទាល់ ពីទីផ្សារពិភពលោក នៃតម្លៃវត្ថុធាតុដើមប្រភពថាមពលហ្វូស៊ីលឯណោះទេ។
ទោះកិច្ចប្រជុំនេះ មិនមានផ្ដល់ជាដំណោះស្រាយរួម ឬផ្លែផ្កាអ្វីក៏ដោយចុះ ប៉ុន្ដែ នៅចុងបញ្ចប់នៃកិច្ចប្រជុំ គណកម្មការអឺរ៉ុប បានសន្យថា គេនឹងពិនិត្យមើលរឿងនេះបន្ថែមទៀតនៅពេលក្រោយ។ គណៈកម្មការអឺរ៉ុប ក៏កំពុងសិក្សាដែរ ក្នុងករណីទិញហ្គាសរួមគ្នា ថាតើ អ្នកណាជាអ្នកចំណាយលើការស្តុកហ្គាស ហើយត្រូវបែងចែង ឲ្យគ្នាដោយរបៀបណា។
សូមជម្រាបថា វិបត្តិថាមពលកំពុងតែដាក់សម្ពាធយ៉ាងខ្លាំង ដល់ប្រទេសជឿនលឿន ខណៈដែលសន្និសីទអន្តរជាតិស្តីពីអាកាសធាតុលើកទី២៦ នឹងខិតជិតមកដល់ក្នុងពេលមិនដល់មួយសប្តាហ៍ផង។ បញ្ហានេះ បានធ្វើឲ្យមានការខ្វែងគំនិតគ្នា រវាងក្រុមប្រទេសចង់ដំឡើងពន្ធលើប្រភពថាមពលដែលបញ្ចេញឧស្ម័នកាបូនិក និងអ្នកដែលចង់ទាមទារបញ្ចុះអត្រាពន្ធ ដើម្បីបន្ថយតម្លៃលក់លើទីផ្សារ៕