
ទោះបីជំនួបចរចារវាងមន្ត្រីជំនាញរបស់ចិន និងអាម៉េរិកនៅទីក្រុងឡុងដ៏ កាលពីថ្ងៃទី៩ ខែមិថុនា បានបញ្ចប់ដោយគ្មានលទ្ធផលក៏ដោយ តែជំនួបនេះបានធ្វើឱ្យទីផ្សារមាស ប្រេងឆៅ និងភាគហ៊ុនរងការរង្គោះរង្គើ។ ជាក់ស្តែងតម្លៃមាសនៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះ០,៥%មកនៅត្រឹម៣ពាន់៩រយ៧០ដុល្លារក្នុងមួយតម្លឹង។ ចំណែកទីផ្សារប្រេងឆៅបានកើនឡើងប្រមាណ០,២៥% ឈានដល់៦៧,២០ ដុល្លារក្នុងមួយបារ៉ែល ដែលជាតម្លៃខ្ពស់បំផុតក្នុងរយៈពេល២ខែកន្លងមកនេះ។ រីឯតម្លៃភាគហ៊ុននៅផ្សារភាគហ៊ុន MSCI នៅតំបន់អាស៊ីប៉ាស៊ីហ្វិកបានកើនឡើង០,៥% រីឯផ្សារហ៊ុន Nasdaq បានកើនឡើង០,៦២% និងផ្សារហ៊ុន S&P 500 បានកើនឡើង០,៤៣%។
អ្នកវិភាគបានវាយតម្លៃថា ការប្រែប្រួលទីផ្សារមាស ប្រេងឆៅ និងភាគហ៊ុននេះអាចដោយសារទីផ្សាររងឥទ្ធិពលពីការបង្ហាញសុទិដ្ឋិនិយមរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិកចំពោះជំនួបរវាងមន្ត្រីជាន់ខ្ពស់អាម៉េរិក និងចិននៅទីក្រុងឡុងដ៏។ តែយ៉ាងណាអ្នកវិភាគជឿជាក់ថា ភាពប្រែប្រួលនេះទំនងជាមិនមាននិរន្តភាពនោះទេ ប្រសិនបើការចរចារបស់មហាអំណាចទាំងពីរលើកទី២នេះ មិនមានអ្វីរីកចម្រើនជាងជំនួបកាលពីខែមុន នៅប្រទេសស្វីសទេនោះ។
យ៉ាងណាមិញអ្នកវិភាគយល់ឃើញថា ស្ថានភាពទីផ្សារប្រេង និងផ្សារហ៊ុន ព្រមទាំងតម្លៃមាសនៅតែបន្តមានទំនាក់ទំនងដ៏ជិតស្និទនឹងលទ្ធផល នៃកិច្ចពិភាក្សានៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ បន្តទៀត៕
ដោយៈ សរ សុជាតិ