នាសន្និសីទសារព័ត៌មានស្តីអំពីការបើកបរសាកល្បងរថយន្ត Kia នៅថ្ងៃទី១៥ មីនា ឆ្នាំ២០២៤ លោក សោភាន់ ចែត្រា នាយកហិរញ្ញវត្ថុក្រុមហ៊ុន Kia Cambodia កត់សម្គាល់ឃើញថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ សម្ទុះនៃការប្រើប្រាស់រថយន្តថ្មីនៅកម្ពុជា គឺមានការកើនឡើងគួរឱ្យកត់សម្កាល់ ពោលគឺនៅឆ្នាំ២០២៣កន្លងទៅ ការប្រើប្រាស់រថយន្តថ្មីកើនឡើងជាង២ម៉ឺនគ្រឿង។ កំណើនប្រើប្រាស់រថយន្តថ្មីនៅកម្ពុជានេះ ត្រូវបានអ្នកជំនាញរូបនេះអះអាងថា គឺបន្ទាប់ពីរោងចក្រផ្គុំ និងដំឡើងរថយន្តនៅកម្ពុជាមានការកើនឡើងជាបន្តបន្ទាប់ ដែលធ្វើឱ្យតម្លៃរថយន្តថ្មីបច្ចុប្បន្នហាក់មិនសូវខុសគ្នាប៉ុន្មាននោះទេធៀបនឹងតម្លៃរថយន្តជជុះ។ ម្យ៉ាងវិញទៀតការប្រើប្រាស់រថយន្តថ្មី គឺមានការធានានូវសុវត្ថិភាពនៃការប្រើប្រាស់ និងមិនចំណាយច្រើនលើការជុសជុលជាដើម។ ទន្ទឹមនេះ ការបើកឱកាសជាច្រើនក្នុងការទទួលបានកម្ចីពីធនាគារសម្រាប់ទិញរថយន្តថ្មី ក៏ជាកត្តាជំរុញឱ្យការប្រើប្រាស់រថយន្តថ្មីនៅកម្ពុជាមានកំណើនផងដែរ។
តាមរយៈកំណើននេះបានធ្វើឱ្យអ្នកជំនាញរូបនេះមានសុទិដ្ឋិនិយម និងជឿជាក់ថា ការប្រើប្រាស់រថយន្តថ្មីនៅកម្ពុជានឹងមានទំនោរកើនឡើងកាន់តែខ្ពស់ថែមទៀតនាពេលខាងមុខ ដែលវានឹងជំរុញឱ្យការនាំចូលរថយន្តជជុះពីខាងក្រៅមកកម្ពុជានឹងត្រូវបានកាត់បន្ថយ។ តែយ៉ាងណាលោក សោភាន់ ចែត្រា អះអាងថា កម្ពុជាមិនអាចកាត់ផ្តាច់ការនាំចូលរថយន្តជជុះទាំងស្រុងបាននោះទេ ដ្បិតថា កម្រិតជីវភាពរបស់ប្រជាពលរដ្ឋម្នាក់ៗខុសៗគ្នា ដែលធ្វើឱ្យពលរដ្ឋមួយចំនួននៅតែជ្រើសរើសការប្រើប្រាស់រថយន្តជជុះ។
សូមជម្រាបថា តាមរបាយការណ៍របស់សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ការលក់រថយន្តនៅកម្ពុជាជារួមក្នុងឆ្នាំ២០២៣ មានការធ្លាក់ចុះប្រមាណ២០% បើធៀបនឹងការលក់កាលពីឆ្នាំ២០២២ ក្នុងនោះការលក់រថយន្តថ្មីធ្លាក់ចុះ១០% ហើយការលក់រថយន្តជជុះធ្លាក់ចុះ៣០%។ ខណៈបច្ចុប្បន្នការនាំចូលរថយន្តថ្មីបានរួមចំណែកដល់ជាង៤០% នៃទំហំនាំចូលរថយន្តសរុប៕