
នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ លោក អនុទីន ឆានវីរៈគុល (Anutin Charnvirakul) ជំរុញឱ្យមានការដោះស្រាយជាបន្ទាន់ជុំវិញបញ្ហាការកើនឡើងតម្លៃលុយបាត ដែលកំពុងគំរាមកំហែងដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ច។ ការជំរុញនេះធ្វើឡើងក្រោយលុយបាតរបស់ថៃ ៣១,៥៧បាតអាចប្តូរបាន១ដុល្លារអាម៉េរិក។ ថ្លែងបន្ទាប់ពីកិច្ចប្រជុំជាមួយតំណាងសហព័ន្ធឧស្សាហកម្មថៃ លោក អនុទីន បានលើកឡើងថា លោកនឹងស្វែងរកការយល់ព្រមពីព្រះមហាក្សត្រសម្រាប់គណៈរដ្ឋមន្ត្រីថ្មីរបស់លោកនៅចុងសប្តាហ៍នេះ ដើម្បីពន្លឿនការដោះស្រាយលើបញ្ហាលុយបាតឡើងថ្លៃ។
នាយករដ្ឋមន្ត្រីថ្មីរូបនេះ បានអះអាងថា លោក ឯកនិទិ និតិថាន់ប្រាផាស (Ekniti Nitithanprapas) ដែលនឹងចូលមកដឹកនាំក្រសួងហិរញ្ញវត្ថុថៃ នឹងជួបពិភាក្សាជាមួយភាគីពាក់ព័ន្ធលើបញ្ហានៃការឡើងថ្លៃប្រាក់បាត និងផលវិបាកសម្រាប់សេដ្ឋកិច្ច។
ប្រាក់បាតថៃ កាលពីសប្តាហ៍មុនបានស្ទុះឡើងខ្លាំងរហូតដល់៧,៩% ដែលជាកម្រិតមួយ ដែលអ្នកសេដ្ឋកិច្ចក្នុងប្រទេសនេះ កំពុងរិះរកមូលហេតុ និងចាត់វិធានការបន្ទាន់ ដើម្បីដោះស្រាយ។ បើតាមការលើកឡើងរបស់សហព័ន្ធឧស្សាហកម្មថៃ អត្រាប្តូរប្រាក់បាតដែលមាននិរន្តភាពសម្រាប់សេដ្ឋកិច្ចគួរតែស្ថិតក្នុងកម្រិតពី៣៤ ទៅ៣៥បាត ក្នុងមួយដុល្លារ។
ពាក់ព័ន្ធនឹងរឿងប្រាក់បាតឡើងថ្លៃនេះ ធនាគារកណ្តាលថៃ បានជួបពិភាក្សាជាមួយសមាគមពាណិជ្ជករមាស ដើម្បីដោះស្រាយផលប៉ះពាល់ នៃការជួញដូរមាសលើរូបិយប័ណ្ណរបស់ប្រទេសនេះ បន្ទាប់ពីមានការឡើងថ្លៃយ៉ាងខ្លាំងនៃប្រាក់បាត។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន the Nation ការឡើងថ្លៃតម្លៃលុយបាតនេះកំពុងធ្វើឱ្យមានការសង្ស័យជុំវិញកំណើននាំចេញមាសរបស់ថៃ មកកាន់ទីផ្សារកម្ពុជា។ លោក ផនឆៃ ធីរ៉ាវេចា (Pornchai Thirraveja) ប្រធានការិយាល័យគោលនយោបាយសារពើពន្ធ និងជាអ្នកនាំពាក្យក្រសួងហិរញ្ញវត្ថុបានលើកឡើងថា អាជ្ញាធរកំពុងពិនិត្យមើលរបាយការណ៍ថ្មីៗនេះ ដែលថា ការនាំចេញមាសរបស់ថៃ មកកម្ពុជា មានការកើនឡើងខ្លាំង៕
ដោយៈ សរ សុជាតិ