
កម្មវិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមទេសរដ្ឋមន្រ្តី ឆែម គាតរិទ្ធី ប្រធានក្រុម ប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌, លោក Anthony Robert Gill នាយកប្រតិបត្តិនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB)ប្រចាំនៅកម្ពុជា, ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការមកពីក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល ព្រមទាំងដៃគូអភិវឌ្ឍ និងវិស័យឯកជន សរុបប្រមាណ៥០០នាក់។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានលើកឡើងថា សិក្ខាសាលានៅថ្ងៃនេះបានគូសបញ្ជាក់យ៉ាងប្រចក្ស ពីការបោះជំហានទៅមុខឆ្ពោះទៅការសម្រេចបាននូវបង្គោលចរយ៉ាងសំខាន់មួយ ក្នុងរបៀបវារៈកែទម្រង់ របស់រាជរដ្ឋាភិបាលកម្ពុជាកម្ពុជា ក៏ដូចជាបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ការតាក់តែង លិខិតបទដ្ឋានគតិយុត្ត ប្រកបដោយភាពឆ្លាតវៃ ការកសាងស្ថាប័ន និងវិធានឱ្យកាន់តែរឹងមាំ ព្រមទាំងការប្រកាន់ខ្ជាប់នូវការកសាងបរិយាកាសគោលនយោបាយសមស្រប ដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន ភាពធន់ និងចីរភាព។ RIA មិនមែនជាការងារ ឬគំនិតផ្តួចផ្តើម ថ្មីទេ ប៉ុន្តែជាការធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើស្ថាប័នូបនីយកម្ម (institutionalize) ការងារតាក់តែងនិងរៀបចំច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយ ឱ្យប្រសើរជាងមុននៅក្នុង ស្ថាប័ន រាជរដ្ឋាភិបាល ដើម្បីធានានូវសង្គតិភាព, បញ្ចៀសការជាន់ដែន សមត្ថកិច្ចគ្នា, ការពារនូវការបង្កើនបន្ទុក អនុលោមភាពច្រើនលើសលប់ និងធានាផលប្រយោជន៍សង្គម-សេដ្ឋកិច្ច ស្របតាមអាទិភាពដែលបានកំណត់ដោយ រាជរដ្ឋាភិបាល។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានគូសបញ្ជាក់ថា កន្លងមក ក្រោមការដឹកនាំប្រកប ដោយចក្ខុវិស័យ របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ការអនុវត្ត RIA បានចាប់ផ្ដើមពី ឆ្នាំ២០១១ និងបានដាក់ចេញនូវសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារ RIA នៅតាមក្រសួង ស្ថាប័ន នៅឆ្នាំ២០១៦ ដោយទីស្តីការគណៈរដ្ឋមន្រ្តីដើរតួនាទីជាទ្វារបាល ដឹកនាំសម្របសម្រួល និង ពិនិត្យ មុននឹង ដាក់ជូនគណៈរដ្ឋមន្ត្រី។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវ អនុក្រឹត្យស្ដីពីការ ដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្ដីពីនីតិវិធីនិងវិធាននៃការតាក់តែង សេចក្ដីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត និងបានប្រកាសដាក់ឱ្យអនុវត្ត “ក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់ រាជរដ្ឋាភិបាល” ក្នុងគោលដៅ កែទម្រង់ច្បាប់កម្ពុជាឱ្យទៅជាប្រព័ន្ធច្បាប់មួយដែលមានឯកភាព ប្រសិទ្ធភាព សមានគតិភាព ឧត្តមានុភាព គតិយុត្ត និងសន្តិសុខគតិយុត្ត ស្របតាមឧត្តមានុវត្តន៍អន្តរជាតិ និងបរិការណ៍កម្ពុជា ដើម្បីធានាឱ្យបាននូវវប្បធម៌នីតិរដ្ឋ ដែលជាមូលដ្ឋានចាំបាច់ក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ក្នុងកិច្ចការ ទ្រទ្រង់រដ្ឋ ការ កសាងជាតិ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយជវភាព និងភាពរស់រវើក ឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

ក្នុងឱកាសនេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុតបានលើកឡើងនូវយោបល់ចំនួន ៦ចំណុច សម្រាប់ ការពង្រឹងការអនុវត្ត RIAរួមមាន ទី១. ទីស្តីការគណៈរដ្ឋមន្ត្រីត្រូវពង្រឹងមុខងារស្នូល ជាស្ថាប័ន សម្របសម្រួល ពិនិត្យ និងវាយតម្លៃលើសេចក្តីព្រាងច្បាប់ វិសោធនកម្មច្បាប់និងនិរាករណ៍ច្បាប់។ ECOSOCC ជាអង្គភាពបង្គោលសម្រាប់អនុវត្ត RIAត្រូវបង្កើតប្រព័ន្ធប្រតិបត្តិការ និងប្រព័ន្ធតាមដានត្រួតពិនិត្យច្បាស់លាស់ និងត្រូវ ធ្វើ បច្ចុប្បន្ន កម្ម សៀវភៅគោលការណ៍ណែនាំ RIA និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ទី២. ទីស្តីការ គណៈ រដ្ឋមន្ត្រី នឹងធ្វើឌីជីថលនីយកម្មដំណើរការ RIA រួមបញ្ចូល ទាំង ការបង្កើតមូលដ្ឋានទិន្នន័យរួម (RIA Data Center) និងការ រៀបចំទម្រង់គំរូ ដែលជួយលើការរៀបចំរបាយការណ៍វាយតម្លៃ ទី៣. សូមគ្រប់ក្រសួង ស្ថាប័នចូលរួមក្នុងការធ្វើស្ថាប័ នូបនីយកម្ម RIA ដោយបង្កើតក្រុមការងារ RIA ដែលគាំទ្រដោយគោលការណ៍ ណែនាំ ថ្នាក់ជាតិដំណើរការ ច្បាស់លាស់ និងយន្តការត្រួតពិនិត្យសកម្ម ទី៤. សូមគ្រប់ក្រសួងស្ថាប័នពង្រឹងសមត្ថភាពអង្គភាព និង ធនធាន មនុស្ស ដើម្បីស្វែងយល់អំពី RIA សេចក្តីព្រាងច្បាប់ និងគោលនយោបាយប្រកប ដោយ ប្រសិទ្ធភាព ព្រមទាំង ធ្វើការវិភាគសេដ្ឋកិច្ចនិងសង្គមដោយម៉ត់ចត់ រួមទាំងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលផង ដោយមានការចូលរួម ពី ភាគីពាក់ព័ន្ធ ការពិគ្រោះយោបល់ សាធារណៈ និងការ អនុលោម តាម ស្តង់ដា អន្តរជាតិ ទី៥. សូមគ្រប់ក្រសួងស្ថាប័ន ពង្រឹងការរៀបចំលិខិតបទដ្ឋានគតិយុត្តផ្អែកលើវិទ្យាសាស្ត្រ ដើម្បីធានាការតាក់តែងសេចក្ដីព្រាងច្បាប់និងគោល នយោបាយមានសង្គតិភាពនិងភាពអាចរំពឹងទុកជាមុនបាន ទី៦. សូមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្ដល់ការ យកចិត្តទុកដាក់បន្ថែមទៀត លើ ការវិភាជន៍ ថវិកា ឱ្យ បាន គ្រប់ គ្រាន់ ដល់គ្រប់ក្រសួងស្ថាប័ន ដើម្បីធានាឱ្យ ការ អនុវត្ត RIA បានពេញលេញ និង ទី៧. សូមដៃគូអភិវឌ្ឍ ជាពិសេស ADB ផ្តល់កិច្ចសហការជាមួយរាជរដ្ឋាភិបាល រៀបចំជាក្របខ័ណ្ឌយុទ្ធសាស្រ្ត ឬផែនការនៃការអនុវត្ត RIA ដើម្បីសម្រេចគោលដៅរយៈពេលខ្លី មធ្យម និងរយៈពេលវែង ដែលជាផ្នែកមួយនៃកំណែទម្រង់ប្រព័ន្ធច្បាប់នៅកម្ពុជា។


























