
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងធនធានទឹកនិងឧតុនិយម ព្រមទាំងសប្បុរសជននានា ជូនប្រជាជនភៀសសឹក ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុងមណ្ឌលសុវត្ថិភាព វត្តភ្នំកំបោរ ស្ថិតក្នុងភូមិពោធិ៍ចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ចំនួន៣៧០០គ្រួសារ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានពាំនាំមកជាមួយនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាពិសេសពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលតែងបានគិតគូរជានិច្ចអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បង ប្អូន អ៊ុំ ពូ មីង ក្មួយៗ ទាំងអស់ ដែលជាជនភៀសសឹក ក៏ដូចវីរយុទ្ធជនពលី និងរងរបួស នៅគ្រប់ទីកន្លែង និយាយជារួម និងនិយាយដោយឡែកនៅក្នុងខេត្តឧត្តរមានជ័យ នាពេលនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានមានប្រសាសន៍ថា ក្នុងកាលៈទេសៈដ៏លំបាកនេះ ឯកឧត្តមពិតជាយល់ច្បាស់អំពីការលំបាកដែលបង ប្អូន ពូ មីង ក្មួយៗទាំងអស់ បាននិងកំពុងជួបប្រទះ ដោយត្រូវចាកចោលផ្ទះសម្បែង ភូមិដ្ឋាន ទ្រព្យសម្បត្តិ សត្វពាហនៈ និងមុខរបរ អាជីវកម្មផ្សេងៗ ដោយសារតែផលប៉ះពាល់នៃសង្គ្រាមឈ្លានពានរបស់ថៃមកលើប្រទេសកម្ពុជាយើង ហើយការលំបាកនិងទុក្ខសោករបស់បងប្អូននាពេលនេះ ក៏ជាទុក្ខសោក និងការលំបាករបស់ខ្មែរយើងទាំងអស់គ្នាមិនថានៅទីណាក៏ដោយ ជាពិសេសជាការលំបាករបស់ រាជរដ្ឋាភិបាល និងសម្តេចធិបតី ផងដែរ។ ដូចនេះ យើងត្រូវតែបន្តរួមគ្នា រែកពុនទុក្ខលំបាកនេះទាំងអស់គ្នា និងរួមគ្នាប្រឹងប្រែង តស៊ូ លះបង់ និងហ៊ានកែ ដើម្បីប្រែក្លាយការលំបាក និងទុក្ខសោកនេះ ឱ្យក្លាយទៅជាចលនារួបរួមជាតិ និងចលនាឯកភាពជាតិ ដើម្បីកសាងជាតិខ្មែរយើង ឱ្យខ្លាំងពូកែ, ឱ្យរឹងមាំឡើង, ឱ្យកាន់តែមានសមត្ថភាពលើគ្រប់វិស័យ ដើម្បីពង្រឹងសមត្ថភាព ខឿនការពារជាតិពីសត្រូវគ្រប់កន្លែងទាំងអស់ និងដើម្បីជំរុញការអភិវឌ្ឍប្រទេសឱ្យខ្លាំងក្លាឡើង, រស់ខ្លួនឯងបាន និងពឹងពាក់លើខ្លួនឯងបាន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានគូសរំលេចអំពីគុណតម្លៃមិនអាចកាត់ថ្លៃបាននៃសន្តិភាព ហើយទុក្ខលំបាករបស់បងប្អូន ពូ មីង ទាំងអស់ដែលកំពុងជួបប្រទះនាពេលនេះ គឺជាលទ្ធផលនៃសង្គ្រាម ដែលពូមីងធ្លាប់បានឆ្លងកាត់ ធ្លាប់បានស្គាល់ពីអតីតកាល ហើយស្អប់ខ្ពើម និងមិនចង់ជួបប្រទះទៀតទេ។ ក្នុងន័យនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានអំពាវនាវឱ្យ បង ប្អូន ពូ មីងទាំងអស់គ្នាចូលរួម បន្តថែរក្សាសន្តិភាព និងការពារសន្តិភាពឱ្យខាងតែបាន ដើម្បីជាគុណប្រយោជន៍ទៅដល់ជីវភាពរស់នៅរបស់យើងផ្ទាល់ ក៏ដូចជាក្នុងការអភិវឌ្ឍជាតិ និងកសាងជាតិរបស់យើងតទៅមុខទៀត។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបន្តថា កម្ពុជាប្រកាន់យកគោលការណ៍សន្តិភាព គោលការណ៍ច្បាប់ មិនមែនគោលការណ៍ហិង្សា និងសង្គ្រាមទេ ដើម្បីដោះស្រាយបញ្ហា ការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីរបស់យើង។ យើងមិនចង់ច្បាំង មិនចង់ធ្វើសង្គ្រាមទេ ព្រោះកម្ពុជាឆ្អែតឆ្អន់នឹងសង្រ្គាមហើយកាលពីអតីតកាល ប៉ុន្តែយើងត្រូវបង្ខំចិត្តច្បាំងនៅពេលដែលគេឈ្លានពានយើងដូចពេលនេះ។ យើងត្រូវតែរក្សាសិទ្ធិការពារខ្លួន ការពារទឹកដី និងការពារប្រជាជនយើងឱ្យខាងតែបាន ហើយសូមបងប្អូន ពូ មីង និងក្មួយៗទាំងអស់ជឿទុកចិត្តលើរាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហានេះ និងបន្តគាំទ្រដល់វីរយុទ្ធជនរបស់យើង ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ លះបង់ជីវិត ដើម្បីការពារទឹកដីរបស់យើង នាពេលនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានស្នើឱ្យបងប្អូនបន្តរក្សាភាពអត់ធ្មត់ ស៊ូទ្រាំ និងថែរក្សាខ្លួន ថែសុខភាព ឱ្យបានល្អ និងបានបង្ហាញជំនឿមុតមាំថាសន្តិភាពនឹងវិលត្រឡប់មកវិញក្នុងពេលឆាប់នេះៗ តាមរយៈកិច្ចខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃ និងអស់ពីកម្លាំងកាយចិត្តរបស់ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេច
ធិបតី ហ៊ុន ម៉ាណែត ក្នុងការស្វែងរកដំណោះស្រាយលើបញ្ហាដែលកំពុងកើតមានឡើងដោយសន្តិវិធី តាមរយៈនយោបាយការទូត និងច្បាប់ ពិសេសកម្ពុជាបាននិងកំពុងធ្វើការជាមួយភាគីពាក់ព័ន្ធទាំងអស់ រួមមាន សហរដ្ឋអាម៉េរិក ប្រទេសចិន បណ្តាប្រទេសអាស៊ាន និងអង្គការអន្តរជាតិនានាជាច្រើនទៀត។

ក្នុងស្មារតីរួមគ្នាជាធ្លុងមួយ និងដើម្បីសម្រាលការលំបាករបស់បងប្អូនភៀសសឹក ក្នុងពេលដ៏លំបាកនេះ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានពាំនាំនូវអំណោយ ដែលបានមកពីការកៀរគរបរិច្ចាគពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងក្រសួងធនធានទឹកនិងឧតុនិយម សម្រាប់ចែកជូនដល់បងប្អូនប្រជាជនភៀសសឹកសរុបចំនួន៣៧០០ ដោយក្នុង១គ្រួសារទទួលបាន៖ អង្ករ ១បាវ (២០គ.ក),មី ១កេស, ទឹកត្រី ១យួរ, ត្រីខ ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ថ្នាំប៉ារ៉ាសេតាម៉ុល ១ប្រអប់, និងទឹកសុទ្ធ ១កេស។ ដោយឡែក ក្រុមហ៊ុនទូរស័ព្ទស្មាត និងសប្បុរសជនមួយចំនួនទៀត ក៏បាននាំយកនិងចែកជូនដល់បងប្អូនភៀសសឹកដោយផ្ទាល់មួយចំនួនទៀតផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងលោកជំទាវ និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងតំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានចុះសាកសួរសុខទុក្ខបងប្អូនជនភៀសសឹក ដែលកំពុងទទួលការពិនិត្យព្យាបាលពីសំណាក់គ្រូពេទ្យស័្មគ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ និងបានឧបត្ថម្ភថវិកាមួយចំនួនដល់បងប្អូនភៀសសឹកកំពុងមានជំងឺ និងគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យផងដែរ។


