ឯកឧត្តម វង្សី វិស្សុត៖

ឯកឧត្តម វង្សី វិស្សុត៖ កម្ពុជាត្រូវការប្រព័ន្ធច្បាប់មួយរឹងមាំដែលផ្អែកលើនីតិរដ្ឋ ដើម្បីសម្រេចបានគោលដៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០


ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងខិតខំជំរុញល្បឿននៃការកែទម្រង់ច្បាប់ ដើម្បីលើកស្ទួយប្រទេសកម្ពុជាឱ្យឈានកាន់តែខ្ពស់ដូចសម័យអង្គរ និងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្តម វង្សី វិស្សុត៖
ដោយ

ដើម្បីអាចឈានទៅសម្រេចគោលដៅទាំងនេះ ឯកឧត្តម វង្សី វិស្សុត មានទស្សនៈយល់ឃើញថា កម្ពុជាត្រូវការប្រព័ន្ធច្បាប់មួយ ដែលផ្អែកលើនីតិរដ្ឋ ដ្បិតវាអាចជួយប្រទេសកម្ពុជាក្នុងការការពារឯករាជ្យភាព បូរណភាពទឹកដី ភាពជាម្ចាស់ ការពារសិទ្ធិមនុស្ស និងកម្មសិទ្ធឯកជន យុត្តិធម៌សង្គម ព្រមទាំងគាំទ្រដល់សេដ្ឋកិច្ចទីផ្សារដែលរស់រវើក ក៏ដូចជាការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចទាំងមូល។

នាពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្តីពីការងារនីតិកម្ម និងការងារកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាលកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ មានការជឿជាក់ថា នៅពីរទស្សវត្សរ៍ខាងមុខក្នុងក្របខណ្ឌនៃយុទ្ធសាស្រ្តបញ្ចកោណទាំង៥ដំណាក់កាល រាជរដ្ឋាភិបាលបាននិងកំពុងជំរុញល្បឿននៃការកែទម្រង់ច្បាប់ ដើម្បីលើកស្ទួយមោទនភាពជាតិឱ្យឈានកាន់តែខ្ពស់ឡើងដូចសម័យអង្គរ តាមរយៈការកសាងជាតិមួយឱ្យរឹងមាំ រស់រវើក រុងរឿង និងមានវិបុលភាព ក្លាយជាប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០។ ប៉ុន្តែដើម្បីអាចសម្រេចបាននូវរបៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនេះ ឯកឧត្តម វង្សី វិស្សុត មានទស្សនៈយល់ឃើញថា កម្ពុជាត្រូវការប្រព័ន្ធច្បាប់មួយ ដែលផ្អែកលើនីតិរដ្ឋ ដើម្បីការពារឯករាជ្យ បូរណភាពទឹកដី ភាពជាម្ចាស់ ការពារសិទ្ធិមនុស្ស និងកម្មសិទ្ធឯកជន យុត្តិធម៌សង្គម ព្រមទាំងគាំទ្រដល់សេដ្ឋកិច្ចទីផ្សារដែលរស់រវើក ក៏ដូចជាការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចទាំងមូល។

សម្រាប់ ឯកឧត្តម វង្សី វិស្សុត ការតាក់តែងច្បាប់ និងការអនុវត្តច្បាប់ គឺមានទំនាក់ទំនងគ្នាយ៉ាងស្អិតរមួត ពឹងផ្អែក និងគាំទ្រគ្នាទៅវិញទៅមក ពោលគឺគុណភាពនៃការតាក់តែងច្បាប់គាំទ្រដល់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ហើយប្រសិទ្ធភាពនៃការអនុវត្តច្បាប់ គឺជាសូចនាករវាស់វែងសមិទ្ធកម្មនៃការតាក់តែងច្បាប់។ ដូច្នេះភាពជោគជ័យនៃការកែទម្រង់ច្បាប់ គឺមានលក្ខណៈពឹងផ្អែកគ្នាជាអន្តរសកម្ម ហើយជាលទ្ធផល គឺបង្កើតបាននូវមូលដ្ឋានគ្រឹះសម្រាប់សង្គមមួយមានស្ថិរភាព វិបុលភាព វឌ្ឍនភាព និងសមធម៌។ ក្នុងន័យនេះ ដើម្បីសម្រេចចក្ខុវិស័យនៃការកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល គុណភាពនៃការតាក់តែងច្បាប់ និងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ គឺជាកត្តាគន្លឹះដែលមិនអាចខ្វះបាន ដើម្បីធានាចីរភាពនៃការកសាងនីតិរដ្ឋ និងអភិបាលកិច្ចល្អ។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានរំលឹកថា នៅក្រោយឆ្នាំ១៩៩៣ កម្ពុជាបានរៀបចំប្រព័ន្ធច្បាប់ និងរដ្ឋបាលរបស់ខ្លួនឡើងវិញនៅក្រោមដំបូលរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដោយទទួលយកជំនួយពីដៃគូអភិវឌ្ឍន៍ជាច្រើនប្រទេស ទាំងប្រទេសដែលប្រកាន់យកប្រព័ន្ធច្បាប់ Civil Law និងប្រទេសដែលប្រកាន់យកប្រព័ន្ធច្បាប់ Common Law ក្នុងគោលដៅចម្បង គឺធ្វើសមាហរណកម្មប្រទេសឡើងវិញ ចូលទៅក្នុងតំបន់ និងសាកលលោក ដែលធ្វើឱ្យច្បាប់កម្ពុជាបច្ចុប្បន្នមានអត្តសញ្ញាណបែបចម្រុះពណ៌ ច្រើនស្រទាប់ លាយឡំដោយច្បាប់បែបប្រពៃណីផង ច្បាប់បែបទំនើបផង និងទស្សនវិជ្ជាច្បាប់បែបចម្រុះផង។ ស្ថានភាពនេះ ជាមរតកប្រព័ន្ធច្បាប់ ដែលបន្សល់ទុកឱ្យកម្ពុជាបច្ចុប្បន្ន ស្ថិតក្នុងអត្ថបទច្បាប់ផង និងស្ថិតនៅក្នុងផ្នត់គំនិតរបស់អ្នកច្បាប់ខ្មែរផង។

ទោះបីជាយ៉ាងនេះក្តីឯកឧត្តម វង្សី វិស្សុត អះអាងថា នៅជាងពីរទស្សវត្សរ៍ចុងក្រោយនេះ កម្ពុជាបានបោះជំហានយ៉ាងស្វាហាប់ក្នុងការធ្វើទំនើបកម្មច្បាប់ ស្របតាមស្តង់ដារអន្តរជាតិ ដោយប្រកាន់យកនូវគោលការណ៍«នីតិរដ្ឋ»ជាមូលដ្ឋានគ្រឹះ និងបានចារឹកក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ឈរលើគុណតម្លៃស្នូល រួមមានប្រព័ន្ធនយោបាយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស និងសិទ្ធិបុគ្គល និងប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ។ ហើយនៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបង្កើតស្ថាប័នពីររួមមានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ដែលមានភារកិច្ចផ្តោតលើការកែទម្រង់ប្រព័ន្ធច្បាប់ទាំងមូលរបស់ប្រទេសកម្ពុជា និងគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ដែលផ្តោតលើការកែទម្រង់ប្រព័ន្ធយុត្តិធម៌៕




អត្ថបទបន្ទាប់


ខេត្តព្រះសីហនុរំពឹងស្រូបទាញគម្រោងវិនិយោគថ្មីៗបានកាន់តែច្រើន ក្រោមឥទ្ធិពលដំឡើងពន្ធរបស់លោក ត្រាំ

មន្រ្តីជាន់ខ្ពស់នៃរដ្ឋបាលខេត្តព្រះសីហនុបានអះអាងថា ក្រោយរាជរដ្ឋាភិបាលផ្តល់ការលើកទឹកចិត្ត និងដាក់ចេញយន្តការជំរុញការអភិវឌ្ឍន៍ខេត្តព្រះសីហនុបា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ