លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ យល់ឃើញថា ការឆ្មក់ចូលលំនៅឋានរបស់ពលរដ្ឋភៀសសឹកខ្មែរនៅចំណុចឃុំថ្មដា ខេត្តពោធិ៍សាត់ពីសំណាក់ក្រុមយោធាថៃ បានបង្ហាញឱ្យឃើញកាន់តែច្បាស់ពីការឈ្លានពានរបស់ប្រទេសជិតខាងមួយនេះមកលើដែនអធិបតេយ្យភាពកម្ពុជា។ បើតាមអ្នកជំនាញរូបនេះ សកម្មភាពរបស់យោធាថៃនេះ កំពុងដើរហួសកាន់តែជ្រៅ និងបានរំលោភលើច្បាប់អន្តរជាតិ ខណៈកម្ពុជា ក៏មិនគួរបណ្ដែតបណ្ដោយឱ្យមានការបំពានបែបនេះកើតឡើងទៀតនោះទេ ព្រោះការអត់ធ្មត់ខ្លាំងពេកបានធ្វើឱ្យយោធាថៃ ប្រព្រឹត្តអំពើកខ្វក់មកលើកម្ពុជា កាន់តែខ្លាំងឡើងៗ។ បើតាមលោក សេក សុជាតិ នៅក្នុងស្ថានភាពនេះ កម្ពុជា ត្រូវប្រមូលយកភស្តុតាង និងប្ដឹងមេដឹកនាំថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីឱ្យពួកគេទទួលខុសត្រូវចំពោះការឈ្លានពានមកលើកម្ពុជានេះ។
ដោយឡែក លោកមេធាវី សុខ សំអឿន ប្រធានក្រុមអ្នកច្បាប់ និងជាទីប្រឹក្សាអមរិន្ទ បានចាត់ទុករូបភាពវិឌីអូសកម្មភាពរបស់យោធាថៃ រំលោភចូលក្នុងលំនៅឋានរបស់ពលរដ្ឋខ្មែរនៅចំណុចឃុំថ្មដា ខេត្តពោធិ៍សាត់ កាលពីពេលថ្មីៗនេះ បានបង្ហាញយ៉ាងច្បាស់ពីការឈ្លានពានរបស់យោធាថៃ មកដែនអធិបតេយ្យរបស់កម្ពុជា។
សូមបញ្ជាក់ថា កាលពេលថ្មីៗនេះមានក្រុមយោធាថៃ ១ក្រុមប្រដាប់ដោយអាវុធគ្រប់ដៃបានឆ្លងដែនខុសច្បាប់ចូលទឹកដីកម្ពុជា និងបានបើកទ្វារដើរចូលក្នុងផ្ទះរបស់ពលរដ្ឋខ្មែរនៅភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ខណៈពលរដ្ឋជាម្ចាស់ផ្ទះបានភៀសសឹកគេចពីការបាញ់ប្រហាររបស់យោធាថៃ នៅតាមខ្សែបន្ទាត់ព្រំដែន។ គិតត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ សង្គ្រាមឈ្លានពានរបស់យោធាថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា បានអូសបន្លាយពេលឈានដល់ថ្ងៃទី១៥ហើយ ដែលបានបណ្តាលឱ្យពលរដ្ឋស៊ីវិលជាច្រើននាក់ស្លាប់ និងរបួស៕
អត្ថបទ៖ បូ ដូឡា