តើមកទល់ពេលនេះស្ថានភាពតម្លៃស្រូវ OM

តើមកទល់ពេលនេះតម្លៃស្រូវ OM មានការប្រែប្រួលយ៉ាងណា ក្រោយរាជរដ្ឋាភិបាលទម្លាក់កញ្ចប់ថវិកាជួយអន្តរាគមន៍?


តម្លៃស្រូវ OM នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ បន្ទាប់ពីឈ្មួញវៀតណាមកាត់បន្ថយការចុះប្រមូលទិញ ដែលធ្វើឱ្យកសិករធ្វើស្រែដោយប្រើប្រាស់ពូជស្រូវនេះមានការរអ៊ូរទាំយ៉ាងខ្លាំង។ ពាក់ព័ន្ធការធ្លាក់ចុះតម្លៃស្រូវប្រភេទ OM នេះ រាជរដ្ឋាភិបាលកម្ពុជាបានទម្លាក់កញ្ចប់ថវិការាប់សិបលានដុល្លារ ដើម្បីជួយអន្តរាគមន៍លើបញ្ហាតម្លៃស្រូវមានការធ្លាក់ចុះនេះ។ តើមកទល់ពេលនេះតម្លៃស្រូវ OM មានការប្រែប្រួលយ៉ាងណាហើយ ក្រោយរាជរដ្ឋាភិបាលទម្លាក់កញ្ចប់ថវិកាជួយអន្តរាគមន៍?
តើមកទល់ពេលនេះស្ថានភាពតម្លៃស្រូវ OM
ដោយ

លោក សុង ស៊ីថា កសិករធ្វើស្រែម្នាក់នៅខេត្តតាកែវបានប្រាប់សារព័ត៌មានខេមបូណូមីសថា មកដល់ពេលនេះតម្លៃស្រូវ OM ប្រភេទបាយទន់នៅតំបន់របស់លោកអាចលក់បានចន្លោះពី៨២០រៀលទៅ៨៣០រៀលក្នុង១គីឡូក្រាមមានការឡើងថ្លៃបន្តិចបើធៀបនឹងតម្លៃដែលបានធ្លាក់ចុះខ្លាំងកាលពីមុន។ តែយ៉ាងណាកសិកររូបនេះរអ៊ូរទាំថា តម្លៃនេះហាក់មិនទាន់មានតុល្យភាពជាមួយការចំណាយនៅឡើយទេ។ ជាមួយគ្នានេះលោកបានអះអាងថា នៅតំបន់របស់លោកមិនទាន់មានរោងម៉ាស៊ីនកិនស្រូវក្នុងស្រុកមកជួយទិញនៅឡើយទេ។

ដោយឡែកលោកស្រី ឯក សុខម៉េង កសិករធ្វើស្រែម្នាក់នៅខេត្តតាកែវដែរនោះបានអះអាងថា តម្លៃស្រូវ OM ប្រភេទបាយរឹងនៅតំបន់របស់លោកស្រីហាក់មានការកើនឡើងបន្តិចដែរ ពោលគឺអាចលក់បានចន្លោះពី៧៣០រៀលទៅ៧៤០រៀលក្នុង១គីឡូក្រាមកាលពីប៉ុន្មានថ្ងៃមុន។ ប៉ុន្តែបច្ចុប្បន្នបានធ្លាក់ចុះបន្តិចវិញមកនៅត្រឹមចន្លោះពី៦៥០រៀលទៅ៦៨០រៀលក្នុង១គីឡូក្រាម។ ទន្ទឹមនឹងនេះ លោកស្រី ក៏បានស្នើដល់ភាគីពាក់ព័ន្ធពិសេសរោងម៉ាស៊ីនកិនស្រូវធំៗជួយចុះប្រមូលទិញស្រូវក្នុងតំបន់របស់លោកស្រី ដើម្បីជួយដល់កសិករដែលកំពុងខ្វះខាត។

ជាមួយគ្នានេះ លោក វង្ស វិ កសិករធ្វើស្រែម្នាក់នៅស្រុកពារាំង ខេត្តព្រៃវែងបានអះអាងថា តម្លៃស្រូវ OM កាលពីសប្តាហ៍មុន រោងម៉ាស៊ីនកិនស្រូវនៅខេត្តព្រៃវៃងបានចុះប្រមូលទិញដោយឱ្យតម្លៃប្រមាណ១ពាន់រៀលក្នុង១គីឡូក្រាម។ ប៉ុន្តែនៅពេលនេះដោយសាររោងម៉ាស៊ីនស្រូវផ្អាកទិញបណ្ដោះអាសន្ន ស្រូវ OM ត្រូវបានឈ្មួញកណ្តាលចុះទិញដោយផ្តល់តម្លៃត្រឹមតែ៦០០រៀលក្នុង១គីឡូក្រាមតែប៉ុណ្ណោះខណៈកាលមុនបណ្យចូលឆ្នាំចិនអាចលក់បាន៨រយរៀលក្នុង១គីឡូក្រាមប្រភេទស្រូវស្ងួត។

ពាក់ព័ន្ធស្ថានភាពតម្លៃស្រូវ OM នេះដែរ ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា តម្លៃស្រូវ OM បច្ចុប្បន្នមិនទាន់មានភាពប្រែប្រូលគួរឱ្យកត់សម្គាល់នៅឡើយទេ ដោយឡែកស្រូវប្រភេទសែនក្រអូប និងស្រង៉ែជាដើម ដែលជាស្រូវក្នុងស្រុកនៅតែទទួលបានតម្លៃខ្ពស់ដដែល។

សូមបញ្ជាក់ថា មករាជរដ្ឋាភិបាលកម្ពុជាបានទម្លាក់កញ្ចប់ហិរញ្ញប្បទានពិសេសនេះបានពីរលើកហើយ ដោយលើកទីមួយបានបញ្ចេញទឹកប្រាក់ចំនួន៤០លានដុល្លារអាម៉េរិកកាលពីខែធ្នូ កន្លងទៅ ដោយកាលពីពេលថ្មីៗនេះបានទម្លាក់៣០លានដុល្លារអាម៉េរិកបន្ថែមទៀត ដើម្បីឱ្យរោងម៉ាស៊ីនកិនស្រូវអាចមានលទ្ធភាពប្រមូលទិញស្រូវពីប្រជាពលរដ្ឋ ដែលកំពុងជួបបញ្ហាទីផ្សារ៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ការលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ពីផ្លូវជាតិលេខ៤ទៅខេត្តកោះកុង សម្រេចបាន៨២%ហើយ

គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តម្លៃ៧៨លានដុល្លារ ដែលមានប្រវែង១៤៨គីឡូម៉ែត្រពីផ្លូវជាតិលេខ៤ ទៅខេត្តកោះកុង សម្រេចលទ្ធផលបានជាង៨២%ហើយ ក្…

OpenAI ប្ដេជ្ញាធ្វើការជាមួយរដ្ឋាភិបាលអាម៉េរិក ក្រោយក្រុមហ៊ុនចិន DeepSeek ធ្វើឱ្យផ្សារហ៊ុនបច្ចេកវិទ្យាអាម៉េរិកក្រឡាប់ចាក់ខាតបង់ជាង១ទ្រីលានដុល្លារ

ពិភពលោកមានការស្រឡាំងកាំងយ៉ាងខ្លាំងនៅពេលលេចឡើងវត្តមាន AI ជំនាន់ថ្មីដែលចំណាយដើមទុនអភិវឌ្ឍន៍ត្រឹមតែជាង៥លានដុល្លារ របស់ក្រុមហ៊ុនបច្ចេកវិទ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ