វិស័យពាណិជ្ជកម្ម

តើការដំឡើងពន្ធលើដែកថែប និងអាលុយមីញ៉ូមរបស់អាម៉េរិក ធ្វើឱ្យប៉ះពាល់ដល់ទីផ្សារអាស៊ីកមម្រិតណា ទើបជប៉ុន និងកូរ៉េខាងត្បូង ខំប្រឹងខ្នះខ្នែងខ្លាំងម្ល៉េះ?


រដ្ឋាភិបាលជប៉ុន និងកូរ៉េខាងត្បូង ដែលជាប្រទេសនាំចេញដែកដ៏សំខាន់នៅអាស៊ី កំពុងប្រញាប់ប្រញាល់រៀបចំការឆ្លើយតបទៅនឹងការដំឡើងពន្ធ២៥% របស់លោក ដូណាល់ ត្រាំ លើផលិតផលដែកថែប និងអាលុយមីញ៉ូម ដែលនាំចូលទៅកាន់សហរដ្ឋអាម៉េរិក។ តាមរយៈវិធានការរបស់លោក ត្រាំ នេះ វាអាចប្រឈមនឹងការផ្ទុះឡើងនូវភាពតានតឹងពាណិជ្ជកម្ម និងបង្កភាពឈឺចាប់ដល់ប្រទេសដែលមានសេដ្ឋកិច្ចធំៗជាច្រើនលើពិភពលោក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
វិស័យពាណិជ្ជកម្ម
ដោយ

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្រេចដំឡើងពន្ធ២៥% លើផលិតផលដែកថែប និងអាលុយមីញ៉ូមនាំចូលទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ដែលចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ដើម្បីលើកទឹកចិត្តអ្នកវិនិយោគ និងផលិតកម្មដែកនៅក្នុងស្រុក និងកាត់បន្ថយការគំរាមកំហែងដល់សន្តិសុខជាតិរបស់សហរដ្ឋអាម៉េរិក។

ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដែលជាអ្នកនាំចេញដែកថែប និងជាសម្ពន្ធមិត្តចាក់ទឹកមិនលិចរបស់សហរដ្ឋអាម៉េរិក ទំនងជាត្រូវទទួលថ្មបាក់ពីការយកពន្ធគយនេះធ្ងន់ធ្ងរជាងគេនៅក្នុងតំបន់អាស៊ី។ ដូច្នេះហើយទើបកាលពីពេលថ្មីៗនេះ ប្រទេសទាំងពីរបានខិតខំប្រឹងឆ្លើយតបចំពោះបញ្ហាពន្ធគយនេះយ៉ាងប្រញាប់ប្រញាល់តែម្ដង។

ជាក់ស្ដែងនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីហ្គេរូ អ៊ីស៊ីបា (Shigeru Ishiba) បានជួបពិភាក្សាជាមួយលោក ដូណាល់ ត្រាំ នៅសេតវិមានកាលពីចុងសប្តាហ៍មុនជុំវិញការដំឡើងពន្ធ២៥% លើដែកថែប និងអាលុយមីញ៉ូមរបស់អាម៉េរិក។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលជប៉ុននឹងពិនិត្យឱ្យបានហ្មត់ចត់អំពីផលប៉ះពាល់លើប្រទេសជប៉ុន និងស្នើឱ្យសហរដ្ឋអាម៉េរិក លើកលែងពន្ធលើផលិតផលដែករបស់ខ្លួន។

ប្រធានខុទ្ទកាល័យនាយករដ្ឋមន្ត្រីជប៉ុន លោក យ៉ូស៊ីម៉ាសា ហាយ៉ាស៊ី (Yoshimasa Hayashi) បានប្រាប់អ្នកសារព័ត៌មានថា ជប៉ុនបានដាក់សំណើសុំលើកលែងពន្ធនេះទៅកាន់រដ្ឋាភិបាលសហរដ្ឋអាម៉េរិករួចហើយតាមរយៈស្ថានទូតជប៉ុន ប្រចាំទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ សប្តាហ៍នេះ។

ចំណែកប្រទេសកូរ៉េខាងត្បូងវិញ ប្រធានាធិបតី ស្តីទី លោក ឆយ សាងមុក (Choi Sang-mok) កាលពីថ្ងៃទី១២ ខែកុម្ភៈ បានកោះប្រជុំមន្ត្រីរដ្ឋាភិបាលពាក់ព័ន្ធពាណិជ្ជកម្ម ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រឆ្លើយតបទៅនឹងលក្ខខណ្ឌប្រែប្រួលកាន់តែខ្លាំងឡើងនៅបរទេស។ ក្នុងកិច្ចប្រជុំនោះលោក ឆយ បានសង្កត់ធ្ងន់ពីភាពមិនប្រាកដប្រជានៅក្នុងបរិយាកាសពាណិជ្ជកម្មពិភពលោក ដែលកំពុងកើនឡើងក្រោយការប្រកាសដំឡើងពន្ធលើដែកថែប និងអាលុយមីញ៉ូម និងពន្ធទ្វេភាគីលើប្រទេសជាច្រើនរបស់សហរដ្ឋអាម៉េរិក។

ពាក់ព័ន្ធនឹងបញ្ហាពន្ធនេះ លោក ត្រាំ ក៏បានបង្ហាញពីលទ្ធភាពនៃការចរចាគ្នាដើម្បីបន្ធូរបន្ថយការអនុវត្តពន្ធនេះផងដែរ ប្រសិនបើសហរដ្ឋអាម៉េរិក រកឃើញថា ប្រទេសរងគ្រោះដោយសារពន្ធនេះមានទំនាក់ទំនងសន្តិសុខល្អជាមួយនឹងសហរដ្ឋអាម៉េរិក៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


លោក ត្រាំ នឹងចុះហត្ថលេខាលើការអនុវត្តពន្ធទ្វេភាគីឆាប់ៗនេះ ដែលជំរុញឱ្យក្ដីបារម្ភពីការផ្ទុះសង្គ្រាមពាណិជ្ជកម្មកាន់តែកើនឡើង

ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសក្តែងៗថា លោកនឹងដាក់ពន្ធគយទ្វេភាគីលើប្រទេសណា ដែលបានយកពន្ធលើការនាំចូលរបស់សហរដ្ឋអាម៉េរិកឆ…

រដ្ឋជាច្រើនដាក់ពាក្យប្តឹងប្រឆាំងការតែងតាំងកំពូលមហាសេដ្ឋី អេឡិន ម៉ាស់ ជាប្រធានទីភ្នាក់ងារប្រសិទ្ធភាពរដ្ឋាភិបាល

យ៉ាងហោចណាស់មានរដ្ឋចំនួន១៤ បានដាក់ពាក្យប្តឹងប្រឆាំងនឹងការតែងតាំងកំពូលមហាសេដ្ឋី អេឡិន ម៉ាស់ ជាប្រធានទីភ្នាក់ងារប្រសិទ្ធភាពរដ្ឋាភិបាលរបស់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ