
អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់ក្រសួងមហាផ្ទៃនេះ ដ្បិតវាជាផ្នែកមួយក្នុងការជួយទប់ស្កាត់ និងលុបបំបាត់ការផ្តល់កម្ចីតាមប្រព័ន្ធអនឡាញខុសច្បាប់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងពីបញ្ហាប្រឈម និងផលប៉ះពាល់នៃការប្រើប្រាស់កម្ចីខុសច្បាប់ និងបានក្រើនរំលឹកឱ្យពលរដ្ឋមានការប្រុងប្រយ័ត្ន និងកុំប្រើប្រាស់កម្ចីតាមប្រព័ន្ធអនឡាញខុសច្បាប់ ដែលអាចធ្វើឱ្យពលរដ្ឋវ័ណ្ឌកជាមួយបំណុល។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានប្រាប់ប្រជាពលរដ្ឋកុំឱ្យសងប្រាក់ ប្រសិនបើក្រុមឱ្យខ្ចីប្រាក់ជាក្រុមខុសច្បាប់ ឬក្រុមជនបរទេសដែលផ្តល់កម្ចីតាមអនឡាញខុសច្បាប់ ហើយក្នុងករណីមានការរករឿងណាមួយកើតឡើង ពលរដ្ឋត្រូវប្តឹងទៅសមត្ថកិច្ច។ ការអះអាងបែបនេះរបស់ឯកឧត្តម ស សុខា ធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។
លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងកម្ចីអនឡាញខុសច្បាប់នេះ ព្រោះវាការរួមចំណែកមួយក្នុងការលុបបំបាត់ការផ្តល់កម្ចីខុសច្បាប់នៅកម្ពុជា។ បើតាមការអះអាងរបស់មន្ត្រីជាន់ខ្ពស់រូបនេះ បច្ចុប្បន្នមានប្រជាពលរដ្ឋជាច្រើនបានរងគ្រោះដោយសារកម្ចីខុសច្បាប់នេះ ហើយវាបានបង្កជាអំពើហិង្សា និងការគំរាមកំហែងចំពោះកូនបំណុលជាដើម។ លោកកត់សម្គាល់ឃើញថា នៅ៣-៤ឆ្នាំចុងក្រោយនេះ ការប្រើប្រាស់កម្ចីក្រៅផ្លូវការនៅកម្ពុជា ហាក់មានការកើនឡើងគួរឱ្យកត់សម្គាល់។ ជាមួយគ្នានេះ លោក កាំង តុងងី ក៏បានដាស់តឿនដល់ប្រជាពលរដ្ឋឱ្យចៀសវាងការប្រើប្រាស់កម្ចីក្រៅផ្លូវការផងដែរ។
លោក សុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការចូលរួមផ្សព្វផ្សាយ ទប់ស្កាត់ និងចាត់វិធានការចំពោះបញ្ហាកម្ចីតាមប្រព័ន្ធអនឡាញខុសច្បាប់នៅកម្ពុជា។ ជាការកត់សម្គាល់របស់ថ្នាក់ដឹកនាំរូបនេះ កម្ចីអនឡាញខុសច្បាប់នៅកម្ពុជានៅមិនទាន់មានការថមថយនៅឡើយទេ។ ជាមួយគ្នានេះ លោកជំរុញឱ្យពលរដ្ឋទាំងអស់ប្រើប្រាស់កម្ចីស្របច្បាប់របស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដែលមានអាជ្ញាបណ្ណចេញដោយធនាគារជាតិនៃកម្ពុជា ដែលស្ថាប័នទាំងនោះមានអត្រាការប្រាក់សមរម្យ និងមានការគោរពតាមគោលការណ៍ការពារអតិថិជន។ ជាមួយគ្នានេះត្រូវជៀសវាងដាច់ខាត ទោះក្នុងប្រការណាក៏ដោយ កុំប្រើប្រាស់កម្ចីអនឡាញខុសច្បាប់ ដែលភាគច្រើនជាជនបរទេស ដែលនាំឱ្យទៅដល់ការខូចខាតធ្ងន់ធ្ងរ និងបាត់បង់កិត្តិយស។
ពាក់ព័ន្ធបញ្ហានេះដែរលោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវយល់ឃើញថា ការប្រកាសមិនឱ្យពលរដ្ឋសងបំណុល ដែលផ្តល់តាមប្រព័ន្ធអនឡាញខុសច្បាប់ពីសំណាក់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃជារឿងមួយល្អ ហើយប្រសិនបើមានការចូលរួមពីប្រជាពលរដ្ឋដែលជាអ្នករងគ្រោះទៀតកាន់តែល្អប្រសើរ។ តែលោកបានបង្ហាញក្តីបារម្ភថា តើអាជ្ញាធរមានសមត្ថកិច្ចអាចដោះស្រាយបញ្ហានេះ និងអាចការពារផលប៉ះពាល់ដល់ជនរងគ្រោះបានកម្រិតណា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស សុខា បានណែនាំដល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ទាំងអស់ បន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចូលរួមអនុវត្ត និងទប់ស្កាត់កុំឱ្យមានការខ្ចីប្រាក់ខុសច្បាប់ ខ្ចីប្រាក់ពីក្រុមជនបរទេស ខ្ចីប្រាក់ដែលមានកម្រិតនៃការដាក់គំនាបទៅលើអ្នកខ្ចីខុសពីច្បាប់ផងដែរ។ យ៉ាងណាមិញ ថ្នាក់ដឹកនាំរូបនេះ ក៏បានណែនាំឱ្យបែងចែកឱ្យដាច់រវាងកម្ចីជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ ឬអង្គភាពផ្តល់ប្រាក់កម្ចីដែលធ្វើប្រតិបត្តិការស្របតាមច្បាប់ និងកម្ចីជាលក្ខណៈឯកជនបុគ្គល និងបុគ្គល ដែលផ្ទុយពីកម្ចីខុសច្បាប់នោះ គឺត្រូវតែមានកាតព្វកិច្ចសងទៅតាមច្បាប់ និងការព្រមព្រៀង៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ