ឆ្លើយតបនឹងការលើកឡើងនេះ មូលនិធិរូបិយវត្ថុអន្តជាតិ (IMF) បានអំពាវនាវឱ្យសហរដ្ឋអាម៉េរិកធ្វើការជាមួយបណ្ដាប្រទេសជាដៃគូពាណិជ្ជកម្ម និងស្វែងរកមធ្យោបាយ ដើម្បីបន្ធូរបន្ថយការរឹតបន្តឹងពាណិជ្ជកម្មទៅវិញទៅមក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗជាច្រើន។
បើតាមរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនស្ដីពីការពិនិត្យផ្ទៀងផ្ទាត់ឡើងវិញលើសេដ្ឋកិច្ចអាម៉េរិក មូលនិធិ IMF បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន គួរតែសហការជាមួយប្រទេសដទៃ ដើម្បីដោះស្រាយការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌ និងសម្របសម្រួលការកាត់បន្ថយពន្ធគយ និងរបាំងពាណិជ្ជកម្មផ្សេងៗទៀត។ មូលនិធិ IMF បានបន្ថែមថា វិធានការពាណិជ្ជកម្ម ដែលធ្វើឡើងសម្រាប់ហេតុផលសន្តិសុខជាតិ គួរតែត្រូវបានកំណត់គោលដៅឱ្យបានច្បាស់លាស់ និងដោយប្រុងប្រយ័ត្ន។
របាយការណ៍នេះបានពិនិត្យឡើងវិញពីឆ្នាំដំបូង នៃការកាន់អំណាចអាណត្តិទី២របស់លោក ដូណាល់ ត្រាំ ដែលអំឡុងពេលនោះលោកបានដាក់ពន្ធគយដ៏ចម្រូងចម្រាស ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្មអាម៉េរិក និងជំរុញផលិតកម្មក្នុងស្រុក។ ទោះជាយ៉ាងណា IMF បានកត់សម្គាល់ថា គោលនយោបាយទាំងនេះបានធ្វើឱ្យរាំងស្ទះដល់ខ្សែច្រវាក់ផ្គត់ផ្គង់ និងទីផ្សារហិរញ្ញវត្ថុ។
លោកស្រី គ្រីស្តាលីណា ចចជីវ៉ា (Kristalina Georgieva) ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិបានលើកឡើងថា ឱនភាពពាណិជ្ជកម្ម និងគណនីចរន្តរបស់សហរដ្ឋអាម៉េរិកនៅតែមានទំហំធំខ្លាំង។ លោកស្រី ក៏បានព្រមានដែរថា ការកើនឡើង នៃបំណុលសាធារណៈ វានឹងបង្កហានិភ័យកាន់តែខ្លាំងឡើងដល់សហរដ្ឋអាម៉េរិក និងសេដ្ឋកិច្ចពិភពលោក។
មូលនិធិ IMF រំពឹងថា កំណើនសេដ្ឋកិច្ចអាម៉េរិកនឹងឈានដល់រង្វង់២,៦% នៅក្នុងឆ្នាំ២០២៦ បើធៀបនឹងកំណើន២,២% ក្នុងឆ្នាំ២០២៥ ប៉ុន្តែទន្ទឹមនេះបានព្រមានថា ភាពមិនប្រាកដប្រជាលើគោលនយោបាយពាណិជ្ជកម្មរបស់លោក ត្រាំ អាចធ្វើឱ្យសេដ្ឋកិច្ចអាម៉េរិកសម្រេចបានកំណើនយឺត៕
ដោយ: តែម សុខុម