
ហេតុការណ៍ ដែលបានកើតឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា នេះ កងកម្លាំងនៃប្រទេសទាំងពីរបានបាញ់ និងផ្លោងគ្រាប់គាំភ្លើងតូចធំដាក់គ្នាទៅវិញទៅមកដ៏គួរឱ្យព្រឺព្រួច តែយ៉ាងណាមកទល់ពេលនេះមិនទាន់ការរាយការណ៍លម្អិតណាមួយពាក់ព័ន្ធនឹងអ្នករងរបួស ឬស្លាប់ក្នុងហេតុការណ៍ប៉ះទង្គិចប្រដាប់អាវុធនេះនៅឡើយទេ។ តើអ្នកជំនាញយល់ឃើញបែបណាចំពោះការឆ្លើយតបរបស់រដ្ឋាភិបាលកម្ពុជា លើការឈ្លានពានរបស់ថៃ?
លោក មាជ សុវណ្ណរ៉ា ប្រធានគណបក្សជំនាន់ថ្មី បានគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការឆ្លើយតបរបស់រដ្ឋាភិបាលកម្ពុជា ដែលបានប្រើកងកម្លាំងប្រដាប់អាវុធវាយតបតជាមួយកងទ័ពថៃ ដែលបានបាញ់ប្រហារមកលើកម្លាំងកម្ពុជាមុន។ សម្រាប់ប្រធានគណបក្សរូបនេះ ការតបតរបស់រាជរដ្ឋាភិបាលកម្ពុជានេះ ជាចំណាត់ការដ៏ត្រឹមត្រូវក្នុងការការពារអធិបតេយ្យភាព និងបូរណភាពជាតិ ពីការឈ្លានពានទាំងកម្រោល និងគឃ្លើនរបស់កងទ័ពថៃ។ បន្ថែមលើការឆ្លើយតបដោយកម្លាំងនេះ លោក យល់ថា កម្ពុជា ត្រូវរាយការណ៍ពីព្រឹត្តិការណ៍ដែលបានកើតឡើងទៅអង្គការសហប្រជាជាតិ ក៏ដូចជាទៅតុលាការយុត្តិធម៌អន្តរជាតិ និងប្រទេសជាសមាជិកអាស៊ានបន្ថែមទៀតផងដែរ។
ស្រដៀងគ្នានេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានចាត់ទុកការផ្ទុះអាវុធរបស់កម្ពុជា តបតជាមួយកងទ័ពថៃ នៅថ្ងៃទី២៤ ខែកក្កដា នេះ គឺជាសិទ្ធិស្របច្បាប់អន្តរជាតិ ក្នុងការការពារអធិបតេយ្យភាពជាតិរបស់ខ្លួន។ ទន្ទឹមការឆ្លើយតបដោយកងកម្លាំងនេះ អ្នកជំនាញរូបនេះ យល់ឃើញថា កម្ពុជា ត្រូវតែបំភ្លឺដល់សហគមន៍អន្តរជាតិ ក៏ដូចជាក្រុមប្រឹក្សាសន្តិសុខអន្តរជាតិ ពីការបំពានរបស់យោធាថៃ មកលើបូរណភាពកម្ពុជា។
ពាក់ព័ន្ធភាពតានតឹងដ៏ក្តៅគគុកនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា បានផ្ញើលិខិតផ្ញើជូនលោក Asim Iftikhar Ahmad ប្រធានប្តូរវេនក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់ខែកក្កដា ឆ្នាំ២០២៥ ស្នើសុំកោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាបន្ទាន់ ដើម្បីសុំការអន្តរាគមន៍បញ្ចប់ការឈ្លានពានរបស់កងទ័ពថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។
ជាមួយគ្នានេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេចំពោះសន្តិភាព ការសន្ទនា និងការដោះស្រាយជម្លោះដោយសន្តិវិធី។ យ៉ាងណាក៏ដោយ កម្ពុជា ក៏រក្សាសិទ្ធិស្វ័យការពារជាមូលដ្ឋានរបស់ខ្លួន ដែលត្រូវបានទទួល ស្គាល់ក្នុងមាត្រា៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយនឹងចាត់រាល់វិធានការចាំបាច់ដើម្បីការពារអធិបតេយ្យ បូរណភាពទឹកដី និងសុវត្ថិភាពផងដែរ៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ