
ប្រទេសឥណ្ឌាបានប្ដេជ្ញាបន្តទិញប្រេងឆៅពីរុស្ស៊ី ហើយទន្ទឹមនេះប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ថា ទាំងឥណ្ឌា និងរុស្ស៊ី ហាក់កំពុងធ្លាក់ក្រោមឥទ្ធិពលរបស់មហាយក្សចិន កាន់តែជ្រៅ ដែលពិបាកនឹងរើខ្លួនរួច។ រដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌាលោកស្រី នៀម៉ាឡា ស៊ីថារ៉ាម៉ាន (Nirmala Sitharaman) បានប្រាប់ទូរទស្សន៍ News18 កាលពីថ្ងៃសុក្រ ទី៥ ខែកញ្ញា ថា ប្រទេសឥណ្ឌា ត្រូវតែសម្រេចថា តើត្រូវទិញប្រេងពីប្រទេសណា ដែលផ្ដល់ផលប្រយោជន៍ដល់ប្រទេសឥណ្ឌាច្រើនបំផុត ព្រោះវាជាទំនិញនាំចូលដ៏ធំបំផុត និងមានតម្លៃថ្លៃបំផុតរបស់ឥណ្ឌា។
ប្រទេសឥណ្ឌាបាននិយាយថា ខ្លួននឹងនៅតែបន្តទិញប្រេងរុស្ស៊ី ប្រសិនបើវាជួយដល់សេដ្ឋកិច្ចរបស់ខ្លួន ទោះបីជារងសម្ពាធពីសហរដ្ឋអាម៉េរិកយ៉ាងណាក្ដី។
កាលពីដើមសប្តាហ៍មុន រដ្ឋមន្ត្រីប្រេងឥណ្ឌលោក ហាតឌីប ស៊ីង ពូរី (Hardeep Singh Puri) បានអះអាងថា ឥណ្ឌានាំចូលប្រេងឆៅពីរុស្ស៊ី មិនមែនដើម្បីប្រាក់ចំណេញនោះទេ ប៉ុន្តែដើម្បីរក្សាតុល្យភាពតម្លៃប្រេងនៅលើទីផ្សារពិភពលោក។ លោក ហាតឌីប អះអាងកាលពីសប្ដាហ៍មុនថា ការប្រកាន់ខ្ជាប់របស់ឥណ្ឌា តាមគ្រប់បទដ្ឋានអន្តរជាតិបានជួយទប់ស្កាត់មិនឱ្យប្រេងឆៅហក់ឡើងកប់ពពករហូតដល់ទៅ២០០ដុល្លារក្នុងមួយបារ៉ែល ដែលនឹងក្លាយជាមហន្តរាយដ៏ធំសម្រាប់ពិភពលោក។
ទន្ទឹមនេះ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានសរសេរបង្ហោះអមដោយរូបភាពមេដឹកនាំចិន រុស្ស៊ី និងឥណ្ឌា ដែលមានវត្តមានចូលរួមក្នុងកិច្ចប្រជុំកំពូលនៅចិន កាលពីពេលថ្មីៗនេះថា ប្រទេសចិន និងប្រទេសរុស្ស៊ី ហាក់កំពុងធ្លាក់ចូលក្រោមឥទ្ធិពលរបស់មហាយក្សចិនកាន់តែជ្រៅដែលពិបាកនឹងរើខ្លួនរួច៕
ដោយ: តែម សុខុម