ទីផ្សារ iPhone

ការលក់ iPhone របស់ក្រុមហ៊ុន Apple ក្នុងទីផ្សារប្រទេសចិន ដាំក្បាលចុះខ្លាំងដល់ទៅ៣០%ក្នុងសប្ដាហ៍ទី១ ដើមឆ្នាំ២០២៤


ការលក់ទូរសព្ទ iPhone របស់ក្រុមហ៊ុន Apple ក្នុងទីផ្សារប្រទេសចិន បានដាំក្បាលចុះខ្លាំងរហូតដល់ទៅ៣០%ក្នុងសប្ដាហ៍ទី១ ដើមឆ្នាំ២០២៤ ហើយនេះជាសញ្ញាឆ្លុះបញ្ចាំងពីការកើនឡើងសម្ពាធនៃការប្រកួតប្រជែងពីបណ្ដាក្រុមហ៊ុនក្នុងស្រុកដូចជាក្រុមហ៊ុន Huawei ជាដើមសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាម៉េរិក មួយនេះ។
ទីផ្សារ iPhone
ដោយ

យោងតាមរបាយការណ៍ស្រាវជ្រាវរបស់ក្រុមអ្នកវិភាគនៅក្រុមហ៊ុនហិរញ្ញវត្ថុអន្តរជាតិ ចេបហ្វឺរី (Jefferies) ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យកន្លងទៅបង្ហាញថា ការលក់ទូរសព្ទ iPhone របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាម៉េរិក Apple ក្នុងទីផ្សារប្រទេសចិន បានធ្លាក់ចុះខ្លាំងរហូតដល់ទៅ៣០%ក្នុងសប្ដាហ៍ទី១ ដើមឆ្នាំ២០២៤ ខណៈក្រុមហ៊ុនចិន ដូចជា Huawei ជាដើមសម្រេចបានកំណើនតិចតួចក្នុងរយៈពេលដូចគ្នានេះ។

របាយការណ៍ដដែលបង្ហាញថា ការលក់របស់ក្រុមហ៊ុន Apple នៅតែធ្លាក់ចុះខ្លាំង ទោះជាមានការបញ្ចុះតម្លៃច្រើនសម្រាប់ម៉ូឌែល iPhone ជាច្រើននៅលើទីផ្សារអនឡាញធំៗរបស់ប្រទេសចិន យ៉ាងណាក៏ដោយ។ តួយ៉ាង ម៉ូឌែល iPhone 15 Pro និងម៉ូឌែល iPhone 15 Pro Max ត្រូវបានដាក់លក់បញ្ចុះតម្លៃ១៦%នៅលើ Platform អនឡាញ ភីនទ័រទ័រ (Pinduoduo) ក្នុងសប្ដាហ៍ទី១ ដើមឆ្នាំ២០២៤។

ក្រុមហ៊ុនហិរញ្ញវត្ថុអន្តរជាតិ ចេបហ្វឺរី (Jefferies) និយាយថា ការធ្លាក់ចុះ៣០%នៃការលក់នេះបង្ហាញពីការបង្កើនល្បឿនពីការធ្លាក់ចុះ៣% របស់ក្រុមហ៊ុន Apple ក្នុងឆ្នាំ២០២៣ ទាំងមូលនៅក្នុងប្រទេសចិន ដែលជាទីផ្សារធំបំផុតទី៣ របស់ Apple។ ការធ្លាក់ចុះ៣%ក្នុងឆ្នាំ២០២៣ ស្មើនឹងការធ្លាក់ចុះ០,៤%ក្នុងចំណែកទីផ្សាររបស់ក្រុមហ៊ុន Apple។

ក្រុមអ្នកវិភាគនៅក្រុមហ៊ុនហិរញ្ញវត្ថុអន្តរជាតិ ចេបហ្វឺរី (Jefferies) បានគូសបញ្ជាក់ថា ការធ្លាក់ចុះនៃការលក់របស់ក្រុមហ៊ុន Apple គឺភាគច្រើនដោយសារទទួលរងសម្ពាធប្រកួតប្រជែងពីបណ្ដាគូប្រកួតប្រជែងរបស់ចិន ជាពិសេសក្រុមហ៊ុន Huawei ដែលបានបញ្ចេញទូរសព្ទម៉ូឌែល Mate 60 Series របស់ខ្លួនកាលពីខែសីហា ឆ្នាំមុន។

ទោះជាយ៉ាងណា ទាំងក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាម៉េរិក Apple និងក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Huawei មិនបានឆ្លើយតបភ្លាមៗទេចំពោះសំណើសុំការឆ្លើយបំភ្លឺជុំវិញរឿងនេះ។

ការបញ្ចេញទូរសព្ទម៉ូឌែល Mate 60 Series ត្រូវបានគេមើលយ៉ាងទូលំទូលាយថាជាការវិលត្រលប់ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមហ៊ុន Huawei មកកាន់ទីផ្សារស្មាតហ្វូនលំដាប់ខ្ពស់ បន្ទាប់ពីក្រុមហ៊ុនចិន មួយនេះបានទទួលរងទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក ជាច្រើនឆ្នាំមកនេះដែលបានរារាំងការវិវត្តរបស់ខ្លួនយ៉ាងសម្បើម៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


តម្លៃប្រាក់ដុល្លារអាម៉េរិក នៅទ្រឹង ខណៈគ្រីបតូ Bitcoin ឡើងថ្លៃនៅមុនការអនុម័តមូលនិធិជួញដូរអត្រាប្ដូរប្រាក់ Bitcoin

តម្លៃប្រាក់ដុល្លារអាម៉េរិក ស្ថិតនៅទ្រឹងនាថ្ងៃអង្គារ ទី៩ ខែមករា ខណៈក្រុមឈ្មួញសញ្ជឹងចាំអ៊ុតមើលការបញ្ចុះអត្រាការប្រាក់ជាបន្តបន្ទាប់របស់ធនាគារក…

គម្រោងរុករករ៉ែដ៏ធំបំផុតរបស់ពិភពលោកតម្លៃ២០ពាន់លានដុល្លារ នឹងដំណើរការនៅឆ្នាំនេះ

នៅទីបំផុត គម្រោងរុករករ៉ែដ៏ធំបំផុតរបស់ពិភពលោកក្នុងទំហំទុនវិនិយោគដ៏មហាសាលដល់ទៅ២០ពាន់លានដុល្លារអាម៉េរិក នៅតំបន់ដាច់ស្រយាលមួយនៃទ្វីបអ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ