
កាលពីខែមិថុនា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានប្រកាសយកពន្ធ ៥០% លើការនាំចូលដែកថែប និងអាលុយមីញ៉ូមសម្រាប់ប្រទេសភាគច្រើន ប៉ុន្តែនៅពេលពន្ធនេះបានចូលជាធរមានកាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ លោក ត្រាំ បានពង្រីកវិសាលភាពអនុវត្តពន្ធនេះលើផលិតផលពាក់ព័ន្ធរហូតដល់ជាង៤០០មុខ ដែលបង្កើតភាពមិនច្បាស់លាស់កាន់តែខ្លាំងសម្រាប់អាជីវកម្ម និងដៃគូពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក។ ការអនុវត្តពន្ធដោយបិទផ្លូវចរចានេះ គឺដើម្បីគាំទ្រដល់ការបន្តរស់ឡើងវិញនូវឧស្សាហកម្មដែកថែប និងអាលុយមីញ៉ូមរបស់អាម៉េរិក។
បញ្ជីពន្ធដែកថែប និងអាលុយមីញ៉ូមថ្មីនេះ បានគ្របដណ្តប់លើផលិតផលរាប់ចាប់តាំងពីបំពង់ពន្លត់អគ្គិភ័យ គ្រឿងចក្រ គ្រឿងបន្លាស់រថយន្ត សម្ភារៈសំណង់ រហូតដល់សារធាតុគីមី ដែលមានផ្ទុកសារធាតុអាលុយមីញ៉ូម ឬក៏ដែក។
លោក Jason Miller សាស្ត្រាចារ្យផ្នែកគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់នៅសាកលវិទ្យាល័យ Michigan State បានវាយតម្លៃថា ពន្ធដែក និងអាលុយមីញ៉ូមថ្មីនេះ អាចធ្វើឱ្យប៉ះពាល់ដល់ការនាំចូលយ៉ាងហោចណាស់៣២០ពាន់លានដុល្លារដោយផ្អែកលើតម្លៃពន្ធគយទូទៅនៅឆ្នាំ២០២៤ ខណៈកាលពីពេលកន្លងទៅលោកបានព្យាករថា អាចមានផលប៉ះពាល់ត្រឹមតែ១៩០ពាន់លានដុល្លារប៉ុណ្ណោះ។ លោកជឿជាក់ថា វិធានការនេះនឹងជំរុញឱ្យអត្រាអតិផរណាមានការកើនឡើងបន្ថែមទៀត ហើយចង់ ឬមិនចង់វានឹងធ្វើឱ្យប៉ះពាល់ដល់ការចំណាយរបស់ពលរដ្ឋ៕
ដោយ៖ សុខ មង្គល