សង្រ្គាមនៅមជ្ឈិមបូព៌ាបានក្លាយជាហានិភ័យចំពោះហេដ្ឋារចនាសម្ព័ន្ធឌីជីថលក្រោមទឹក។ ជាការឆ្លើយតប រដ្ឋាភិបាលថៃ រួមជាមួយក្រុមហ៊ុនទូរគមនាគមន៍ឈានមុខបានដាក់ចេញនូវផែនការគ្រាអាសន្ន ដោយបង្ខំឱ្យប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិតទាំងអស់វាយតម្លៃហានិភ័យជាប្រចាំ និងធានាឱ្យបាននូវប្រព័ន្ធបម្រុងទុក ដែលអាចដំណើរការបានភ្លាមៗ ប្រសិនបើមានការរំខានកើតឡើងនៅតំបន់ជម្លោះ។ ក្រុមអ្នកជំនាញបានលើកឡើងថា ទោះបីជាខ្សែកាបនៅតំបន់មជ្ឈិមបូព៌ា ត្រូវបានរងការខូចខាតយ៉ាងណាក្ដី ក៏ការដាច់អ៊ីនធឺណិតទាំងស្រុងទំនងជាមិនកើតឡើងនោះឡើយ ព្រោះបណ្តាញអ៊ីនធឺណិតទំនើបប្រើផ្លូវបញ្ជូនទិន្នន័យផ្សេងៗគ្នាជាច្រើន ដែលអនុញ្ញាតឱ្យទិន្នន័យត្រូវបានបញ្ជូនបន្តតាមរយៈតំបន់ផ្សេងទៀតដូចជាអាស៊ី ឬប៉ាស៊ីហ្វិក។
ទោះជាយ៉ាងណាបណ្ដាអ្នកប្រើប្រាស់នៅតែអាចជួបប្រទះអ៊ីនធឺណិតដើរយឺត ឬការពន្យារពេលបន្តិចបន្តួច ជាពិសេសសម្រាប់ការតភ្ជាប់ទៅកាន់អឺរ៉ុប ខណៈដែលចរាចរណ៍បញ្ជូនទិន្នន័យអាចត្រូវប្រើផ្លូវជំនួសដែលមានចម្ងាយឆ្ងាយជាងមុន។ បណ្ដាក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ ក៏បានកត់សម្គាល់ផងដែរថា មានតែមួយផ្នែកតូចប៉ុណ្ណោះ នៃចរាចរណ៍អ៊ីនធឺណិតរបស់ប្រទេសថៃ ដែលពឹងផ្អែកលើផ្លូវបញ្ជូននៅតំបន់មជ្ឈិមបូព៌ា ហើយក្រុមហ៊ុនលំដាប់ពិភពលោកជាច្រើនរក្សាទុកទិន្នន័យរួចហើយនៅលើម៉ាស៊ីនមេ ឬ Server ក្នុងស្រុក ឬតំបន់ ដែលកាត់បន្ថយផលប៉ះពាល់ជារួម។ សរុបមក ខណៈដែលហានិភ័យ គឺមានពិតប្រាកដយ៉ាងណាក្ដី ក៏បណ្តាញដ៏រឹងមាំ និងប្រព័ន្ធបម្រុងទុក ឬ Backup System គួរតែជួយរក្សាស្ថិរភាពនៃការផ្ដល់សេវាកម្មអ៊ីនធឺណិត៕
ដោយ: តែម សុខុម