អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា កត់សម្គាល់ឃើញថា ការដំឡើងពន្ធគយលើទំនិញចិន របស់សហរដ្ឋអាម៉េរិក កន្លងមក ពុំបានធ្វើឱ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មរបស់កម្ពុជា នោះទេ ប៉ុន្តែផ្ទុយទៅវិញវាបានផ្តល់ឱកាសជាច្រើនដល់កម្ពុជា តាមរយៈការទាក់ទាញបានក្រុមហ៊ុនចិនជាច្រើនឱ្យមកបោះទុនវិនិយោគលើផលិតផលផ្សេងៗសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ រួមទាំងសហរដ្ឋអាម៉េរិក ផងដែរ។ តាមរយៈបទពិសោធន៍នេះ ធ្វើឱ្យអ្នកជំនាញរូបនេះ ជឿជាក់ថា ផែនការដំឡើងពន្ធគយលើទំនិញចិនរហូតដល់៦០% របស់ប្រធានាធិបតីជាប់ឆ្នោតរបស់អាម៉េរិក លោក ដូណាល់ ត្រាំ ទំនងជាមិនធ្វើឱ្យប៉ះពាល់ដល់ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា ជាមួយសហរដ្ឋអាម៉េរិក នោះទេ បើទោះបីចិន ឈរកំពូលតារាងសម្រាប់ការវិនិយោគនៅកម្ពុជា ក៏ដោយ។
ដោយឡែកលោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវយល់ឃើញថា ផែនការដំឡើងពន្ធ៦០% លើទំនិញពីសំណាក់ប្រធានាធិបតីជាប់ឆ្នោតរបស់អាម៉េរិក លោក ដូណាល់ ត្រា ទំនងជាមិនអាចធ្វើឱ្យប៉ះពាល់ដល់ទំនិញដែលផលិតក្រោមការវិនិយោគរបស់ចិន នៅកម្ពុជា នោះទេ។ អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ថា វាអាចជះផលប៉ះពាល់លុះត្រាតែសហរដ្ឋអាម៉េរិក ដាក់ពន្ធលើគ្រប់ទំនិញ ដែលផលិតក្រោមការវិនិយោគរបស់វិនិយោគិនចិន នៅទូទាំងពិភពលោក។ តែយ៉ាងណាលោកជឿជាក់ថា សហរដ្ឋអាម៉េរិកនឹងមិនហ៊ានធ្វើសកម្មភាពណា ដែលអាចឱ្យប៉ះពាល់ដល់ទំនាក់ទំនងប្រទេសផ្សេងៗក្រៅពីប្រទេសចិន នោះឡើយ បើទោះបីជាដឹងថា នៅបណ្ដាប្រទេសមួយចំនួនសម្បូរដោយអ្នកវិនិយោគចិន ក៏ដោយ។
សូមបញ្ជាក់ថា នៅក្នុងរយៈពេល១០ខែកន្លងមកនេះការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិកមានទំហំជាង៨ពាន់២រយលានដុល្លារអាម៉េរិក ដែលធ្វើឱ្យប្រទេសនេះក្លាយជាទីផ្សារនាំចេញធំជាងគេរបស់កម្ពុជា បើធៀបនឹងទីផ្សារផ្សេងៗ។ ចំណែកកម្ពុជានាំចេញទំនិញទៅកាន់ទីផ្សារចិនមានទំហំត្រឹមតែជាង១ពាន់៤រយលានដុល្លារតែប៉ុណ្ណោះ ដែលធ្វើឱ្យប្រទេសនេះក្លាយជាទីផ្សារនាំចេញធំលំដាប់ទី៣របស់កម្ពុជា។ នេះបើតាមទិន្ន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕
អត្ថបទ៖ បូ ដូឡា