វិស័យការបរទេស

ជប៉ុន ស្វែងរកការរម្ងាប់ជម្លោះការទូតជាមួយចិន ពាក់ព័ន្ធនឹងបញ្ហានៅតៃវ៉ាន់


ប្រទេសជប៉ុន នៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ កំពុងស្វែងរកការម្ងាប់ជម្លោះការទូតជាមួយចិន ដែលកំពុងឡើងកម្តៅខ្លាំងជុំវិញបញ្ហានៅកោះតៃវ៉ាន់ ដែលបានធ្វើឱ្យទីក្រុងប៉េកាំង មានការខឹងសម្បារយ៉ាងខ្លាំងរហូតដល់ហាមពលរដ្ឋខ្លួនកុំឱ្យទៅលេងកម្សាន្តនៅប្រទេសជប៉ុន ខណៈជប៉ុន គ្រោងនឹងបញ្ជូនប្រេសិតរបស់ខ្លួនទៅកាន់ប្រទេសចិន នៅសប្ដាហ៍នេះ ដើម្បីដោះស្រាយបញ្ហានេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យការបរទេស
ដោយ

នៅប៉ុន្មានថ្ងៃចុងក្រោយនេះ ប្រទេសក្បែរខាងជប៉ុន និងចិន បានផ្ទុះជម្លោះការទូតយ៉ាងខ្លាំង ក្រោយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអិ តាកាអ៊ិឈិ (Sanae Takaichi) បានប្រាប់សមាជិកសភាជប៉ុន នៅដើមខែវិច្ឆិកា នេះថា ការវាយប្រហាររបស់ចិន លើកោះតៃវ៉ាន់ អាចគំរាមកំហែងដល់ការរស់រានមានជីវិតរបស់ជប៉ុន និងអាចបង្កឱ្យមានការឆ្លើយតបខាងយោធា។ ការលើកឡើងនេះ បានធ្វើឱ្យទីក្រុងប៉េកាំង ខឹងសម្បារយ៉ាងខ្លាំង និងបានប្រាប់ពលរដ្ឋចិន កុំឱ្យទៅលេងប្រទេសជប៉ុន ដែលបង្កើនការព្រួយបារម្ភថា ក្រុមហ៊ុនទេសចរណ៍នៅជប៉ុននឹងជួបបញ្ហាការធ្លាក់ចុះអាជីវកម្មមួយចំនួន។

ទោះយ៉ាងណា ពេលនេះ ប្រទេសជប៉ុន កំពុងស្វែងរកការរម្ងាប់ជម្លោះការទូតនេះ ដោយជប៉ុនគ្រោងបញ្ជូនលោក ម៉ាសាអាគិ កាណៃ (Masaaki Kanai) អ្នកការទូតជាន់ខ្ពស់ម្នាក់នៅក្រសួងការបរទេសជប៉ុន ទៅកាន់ប្រទេសចិន ដើម្បីជួបជាមួយសមភាគីចិន លោក លីវ ជីន សុង (Liu Jinsong) នៅសប្ដាហ៍នេះ។

លោក កាណៃ ត្រូវបានគេរំពឹងថា នឹងបកស្រាយនូវអ្វីដែលលោកស្រី តាកាអ៊ិឈិ បាននិយាយពាក់ព័ន្ធនឹងបញ្ហានៅកោះតៃវ៉ាន់ ដោយមិនបង្ហាញពីការផ្លាស់ប្តូរគោលនយោបាយយោធារបស់ជប៉ុន នោះទេ ដើម្បីជំរុញឱ្យចិន ចៀសវាងធ្វើសកម្មភាពណាមួយដែលធ្វើឱ្យខូចចំណងមិត្តភាពទ្វេភាគី។

ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងតេ (Lai Ching-te) បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងតៃប៉ិថា ចិន កំពុងវាយប្រហារលើប្រទេសជប៉ុន ហើយលោកស្នើដល់សហគមន៍អន្តរជាតិ ឱ្យ​យកចិត្តទុកដាក់លើបញ្ហានេះ និងជំរុញឱ្យចិន អនុវត្តការអត់ធ្មត់ និងបង្ហាញអាកប្បកិរិយាឱ្យស័ក្ដិសមជាមហាអំណាច ជាជាងធ្វើជាអ្នកបង្កបញ្ហាសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់៕

ដោយ៖ សុខ មង្គល




អត្ថបទបន្ទាប់


តើតម្លៃស្រូវមានការប្រែប្រួលយ៉ាងណាក្រោយរដ្ឋទម្លាក់ថវិកា៤០លានដុល្លារជួយរក្សាលំនឹងថ្លៃស្រូវ?

រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញមូលនិធិចំនួន៤០លានដុល្លារជួយអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវក្នុងរដូវប្រមូលផលចុងឆ្នាំ២០២៥ និងដើមឆ្នាំ២០២៦ ក្រោយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ