
កាលពីខែកក្កដា នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ (Pham Minh Chinh) បានចេញសេចក្តីណែនាំមួយដោយហាមម៉ូតូប្រើសាំងបើកបរចូលកណ្តាលរដ្ឋធានីហាណូយ ចាប់ពីខែមិថុនា ឆ្នាំ២០២៦តទៅ ខណៈប្រទេសនេះព្យាយាមកាត់បន្ថយការបំពុលបរិយាកាសកម្រិតខ្ពស់។ ការរឹតត្បិតកាន់តែទូលំទូលាយ នឹងបន្តធ្វើនៅឆ្នាំ២០២៨ ហើយការហាមឃាត់នេះត្រូវបានគេរំពឹងថា នឹងរីករាលដាលដល់ផ្នែកផ្សេងទៀតនៃប្រទេសនេះ។
ឆ្លើយតបនឹងបញ្ហានេះ ស្ថានទូតជប៉ុន ប្រចាំរដ្ឋធានីហាណូយ បានផ្ញើលិខិតមួយច្បាប់ទៅឱ្យអាជ្ញាធរវៀតណាម ដោយនិយាយថា ការហាមឃាត់ភ្លាមៗនេះអាចប៉ះពាល់ដល់ការងារនៅក្នុងឧស្សាហកម្មគាំទ្រមួយចំនួនដូចជាហាងលក់ម៉ូតូ និងអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់ជាដើម ប៉ុន្តែស្ថានទូតនេះបានបដិសេធមិនចែករំលែកខ្លឹមសារលម្អិតនៃលិខិតនេះទេ។
ស្ថានទូតជប៉ុន ក៏បានជំរុញឱ្យអាជ្ញាធរវៀតណាម ពិចារណាអំពីផែនទីបង្ហាញផ្លូវសមស្របមួយសម្រាប់ដំណើរការនេះ ដែលនឹងរួមបញ្ចូលទាំងរយៈពេលរៀបចំ និងការអនុវត្តជាដំណាក់កាលនៃបទប្បញ្ញត្តិនេះផងដែរ។
បើតាមក្រុមហ៊ុនស្រាវជ្រាវទីផ្សារមួយបានឱ្យដឹងថា វៀតណាម ជាទីផ្សារម៉ូតូធំបំផុតមួយនៅលើពិភពលោក ដែលមានតម្លៃប្រមាណជិត៥ពាន់លានដុល្លារនៅឆ្នាំនេះ ដោយចំនួនម៉ូតូដែលបានចុះបញ្ជីកាលពីឆ្នាំមុនមានជិត៨០% នៃចំនួនប្រជាជនវៀតណាមសរុប១០០លាននាក់ដែលជាអត្រាកម្មសិទ្ធិដ៏ខ្ពស់បំផុតមួយនៅទូទាំងពិភពលោក៕
ដោយ៖ សុខ មង្គល