ការបង្ក្រាបលើជនអន្តោប្រវេសន៍ខុសច្បាប់នៅលើទឹកដីអាម៉េរិក ជាគោលនយោបាយសំខាន់មួយក្នុងចំណោមគោលនយោបាយមួយចំនួនទៀត ដែលលោក ដូណាល់ ត្រា ប្រធានាធិបតីសហរដ្ឋអាម៉េរិក ដែលទើបឡើងកាន់តំណែងបានសន្យានៅចំពោះមុខអ្នកគាំទ្ររបស់លោកក្នុងយុទ្ធនាការបោះឆ្នោតថា នឹងអនុវត្តបែបនេះនៅពេលលោកបានជាប់ឆ្នោតជាប្រធានាធិបតី។ ជាក់ស្តែងគ្រាន់តែស្បថចូលកាន់តំណែងភ្លាមលោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយក្នុងការដោះស្រាយបញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់តែម្ដង។
សម្រាប់លោក ដូណាល់ ត្រា បញ្ហាជនអន្តោប្រវេសន៍ខុសច្បាប់ គឺជាគ្រោះថ្នាក់មួយសម្រាប់សហរដ្ឋអាម៉េរិក ហើយលោកបានបញ្ជាឱ្យមន្ទីរបញ្ចកោណផ្តល់ការគាំទ្រសម្រាប់ការសាងសង់ជញ្ជាំងព្រំដែន កន្លែងឃុំឃាំង និងការដឹកជញ្ជូនជនចំណាកស្រុក និងផ្តល់សិទ្ធិអំណាចដល់រដ្ឋមន្ត្រីការពារជាតិក្នុងការបញ្ជូនកងទ័ពទៅកាន់ព្រំដែនតាមតម្រូវការ។
ជាមួយគ្នានេះ លោក ត្រាំ ក៏បានជំរុញឱ្យរដ្ឋបាលរបស់លោកដាក់ឱ្យដំណើរការឡើងវិញនូវកម្មវិធីអន្តោប្រវេសន៍មួយនៅប្រទេសម៉ិកស៊ិក ដែលកម្មវិធីនេះតម្រូវឱ្យជនចំណាកស្រុកមិនមែនម៉ិកស៊ិក ត្រូវរង់ចាំនៅទីនោះសម្រាប់ការដោះស្រាយករណីពាក់ព័ន្ធនឹងអាម៉េរិក។ អាជ្ញាធរព្រំដែនអាម៉េរិកបានអះអាងថា ពួកគេបានបិទបញ្ចប់កម្មវិធីចូលអាម៉េរិកមួយ CBP One របស់លោក ចូ បៃដិន ដែលទើបផុតអាណត្តិ ដែលតាមរយៈកម្មវិធីនេះបានអនុញ្ញាតឱ្យជនចំណាកស្រុករាប់ម៉ឺននាក់ចូលទៅក្នុងទឹកដីអាម៉េរិកដោយស្របច្បាប់។
ក្រុមអ្នករិះគន់លោក ត្រាំ និងក្រុមអ្នកតស៊ូមតិផ្នែកអន្តោប្រវេសន៍បានលើកឡើងថា ការនិរទេសជនអន្តោប្រវេសន៍ច្រើន អាចធ្វើឱ្យប៉ះពាល់ដល់ការធ្វើអាជីវកម្ម បំបែកបំបាក់គ្រួសារ និងធ្វើឱ្យបាត់បង់ចំណូលពន្ធរបស់អាម៉េរិករាប់ពាន់លានដុល្លារ។
សហភាពសេរីភាពស៊ីវិលនៅអាម៉េរិកបាននិយាយនៅក្នុងពាក្យបណ្ដឹងដែលដាក់ទៅតុលាការសហព័ន្ធកាលពីថ្ងៃចន្ទ ថា ការសម្រេចចិត្តរបស់លោក ត្រាំ ក្នុងការបញ្ចប់កម្មវិធី CBP One នេះបានលុបបំបាត់ច្រក ដើម្បីស្វែងរកសិទ្ធិជ្រកកោននៅព្រំដែនអាម៉េរិក-ម៉ិកស៊ិក ហើយពួកគេប្តេជ្ញានឹងជំទាស់នឹងរបៀបវារៈរបស់លោក ត្រាំ តាមផ្លូវតុលាការ៕
អត្ថបទ៖ សុខ មង្គល