រដ្ឋបាលខេត្តកែបប្រកាសចាត់វិធានការតឹងរ៉ឹង

អាជ្ញាធរខេត្តកែបព្រមានចាត់វិធានការក្តៅដោយបិទអាជីវកម្ម ចំពោះអាជីវករណាដែលលក់ល្មើសនឹងការណែនាំ


រដ្ឋបាលខេត្តកែបប្រកាសចាត់វិធានការតឹងរ៉ឹង ឬឈានដល់ការផ្អាកអាជីវកម្មចំពោះអាជីវករណា ដែលបម្រើសេវាម្ហូបអាហារថ្លៃល្មើសការណែនាំ ដើម្បីស្ដារមុខមាត់ និងវិស័យទេសចរណ៍នៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះឡើងវិញ បន្ទាប់ពីមានបាតុភាពមិនល្អបានកើតឡើងជាបន្តបន្ទាប់ ដែលនាំឱ្យមានការិះគន់ពីមហាជននៅលើបណ្តាញសង្គម។
រដ្ឋបាលខេត្តកែបប្រកាសចាត់វិធានការតឹងរ៉ឹង
ដោយ

អ្នកជំនាញក្នុងវិស័យទេសចរណ៍យល់ឃើញថា ដើម្បីទប់ស្កាត់ ឬលុបបំបាត់បាតុភាព ដែលកើតឡើងក្រោមរូបភាពលក់បន្លំភ្នែកជញ្ជីង ឬដំឡើងថ្លៃហួសប្រមាណ អាជ្ញាធរខេត្តកែបគួរតែចាត់វិធានការឱ្យបានម៉ឺងម៉ាត់តាមរយៈការពិន័យ ឬទណ្ឌកម្មលើអាជីវករ ដែលជាអ្នកប្រព្រឹត្តកំហុស។

លោក ប៊ុន យោង អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកែបកត់សម្គាល់ឃើញថា បាតុភាពមួយចំនួនពាក់ព័ន្ធនឹងថ្លៃម្ហូបអាហារនៅតាមតំបន់ទេសចរណ៍ក្នុងខេត្តតែងតែកើតឡើងជារឿយៗ ពិសេសនៅពេលមានបុណ្យទានម្ដងៗបើទោះបីរដ្ឋបាលខេត្តបានចេញសេចក្តីណែនាំជុំវិញបញ្ហានេះជាច្រើនលើកច្រើនសារក៏ដោយ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋបាលខេត្តនេះ នៅតែបន្តប្តេជ្ញាចិត្តក្នុងការកែលម្អលើការផ្ដល់សេវា ពិសេសលើតម្លៃម្ហូបអាហារនេះ។ ជាក់ស្ដែងកាលពីពេលថ្មីៗ រដ្ឋបាលខេត្តជាប់មាត់សមុទ្រមួយនេះ បានរៀបចំកិច្ចប្រជុំពិភាក្សាលើការគ្រប់គ្រង ការផ្ដល់សេវា និងតម្លៃម្ហូបអាហារនៅតាមមូលដ្ឋានលក់ម្ហូបអាហារទាំងអស់ ដោយបានសម្រេចដាក់ចេញនូវសេចក្តីណែនាំ និងវិធានការពិន័យដោយផ្អាកអាជីវកម្មចំពោះអាជីវករណាប្រព្រឹត្តល្មើស ដែលនឹងចេញផ្សាយក្នុងឆាប់ៗខាងមុខនេះ។

ពាក់ព័ន្ធការលក់ម្ហូបអាហារថ្លៃរបស់អាជីវករមួយចំនួននៅតាមឆ្នេរសមុទ្រក្នុងខេត្តកែបនេះ មានប្រភពខ្លះលើកឡើងថា គឺដោយសារអាជីវករត្រូវជួលទីតាំងអាជីវកម្មក្នុងតម្លៃថ្លៃរហូតដល់រាប់ពាន់ដុល្លារក្នុង១ខែៗ ដែលជាហេតុជំរុញឱ្យពួកគេត្រូវលក់ម្ហូបអាហារ ឬផ្តល់សេវាកម្មផ្សេងៗក្នុងតម្លៃថ្លៃ ដើម្បីទប់ការចំណាយ។ ឆ្លើយតបនឹងបញ្ហានេះលោក ប៊ុន យោង អះអាងថា ករណីនេះវាជារឿងឯកជន ហើយវាបានកើតឡើងដោយមានការព្រមព្រៀងគ្នារវាងអ្នកវិនិយោគ និងអ្នកជួលបន្ត ប៉ុន្តែលោកលើកឡើងថា ភាគីទាំងពីរអាចលើកជាសំណើដើម្បីពិភាក្សាគ្នាឡើងវិញបាន។

ពាក់ព័ន្ធបញ្ហានេះដែរលោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជាយល់ឃើញថា ការប្រកបអាជីវកម្មមិនសុចរិតក្នុងវិស័យទេសចរណ៍មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូល និងអាជីវកម្មរបស់អាជីវករប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់វិស័យទេសចរណ៍ និងមុខមាត់ខេត្តទាំងមូលផងដែរ។ យ៉ាងណាមិញអ្នកជំនាញរូបនេះ ស្នើឱ្យរដ្ឋបាលខេត្តចាត់វិធានការឱ្យបានម៉ឺងម៉ាត់តាមរយៈការដាក់ទណ្ឌកម្មពីស្រាលទៅធ្ងន់លើអ្នកប្រព្រឹត្តខុសឆ្គង ដើម្បីទប់ស្កាត់ ឬលុបបំបាត់បាតុភាពអវិជ្ជមានផ្សេងៗ ដែលនាំឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍។

ជាមួយគ្នានេះ លោក ហូ វណ្ឌី ក៏បានស្នើឱ្យអ្នកជួបបញ្ហារិះគន់ទីតាំងណាដែលបម្រើសេវាកម្មម្ហូបអាហារថ្លៃមិនត្រឹមត្រូវឱ្យចំឈ្មោះ ដើម្បីកុំឱ្យផលប៉ះពាល់ដល់អាជីវកម្មនានាដែលគេរកស៊ីត្រឹមត្រូវ បើពុំដូច្នោះទេ វានឹងធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច សង្គម និងចំណូលថវិកាជាតិ។

ជាមួយគ្នានេះ អ្នកនាំពាក្យរដ្ឋបាលខេត្តកែប ស្នើឱ្យភ្ញៀវទេសចរដែលជួបបញ្ហានានាផ្ញើសារ ឬបញ្ចេញមតិយោបល់ចូលក្នុងផេករបស់រដ្ឋបាលខេត្ត ឬផេករបស់អភិបាលខេត្តកែប ដើម្បីរួមគ្នាដោះស្រាយ តាមរយៈការជជែក ការផ្ដល់ហេតុផល និងការរកនីតិវិធី ដើម្បីកែសម្រួលនៅចំណុចខ្វះខាត ខណៈការបញ្ចេញអារម្មណ៍មិនសមរម្យក្នុងបណ្ដាញសង្គម វាអាចបង្កផលប៉ះពាល់ដល់អារម្មណ៍របស់អ្នកទេសចរបរទេសដែលមានបំណងមកសម្រាកលំហែកម្សាន្តនៅក្នុងប្រទេសកម្ពុជា៕

អត្ថបទ៖ បូ ដូឡា ,រូបភាព ឯកសារ




អត្ថបទបន្ទាប់


២០ឆ្នាំនៃការចូលជាសមាជិក WTO តើកម្ពុជា ទទួលបានផលចំណេញសេដ្ឋកិច្ច និងពាណិជ្ជកម្មអ្វីខ្លះ?

បន្ទាប់ពីមានការចរចាជាច្រើនឆ្នាំ កម្ពុជាបានចូលជាសមាជិកជាផ្លូវការរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០០៤ ដោយបានក្…

តើកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធនៅឆ្នាំនេះ វាជាដំឡូងក្តៅ ឬថ្មក្តៅសម្រាប់ម្ចាស់ផ្ទះឡាវ?

ប្រទេសឡាវកំពុងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ទី១១ ខែត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ