វិស័យការពារជាតិ

តើកម្ពុជា មានយន្តការគន្លឹះសំខាន់ៗអ្វីខ្លះ ក្នុងការទាមទារយកដីដែលថៃ បានលួចប្លន់ត្រឡប់មកវិញ?


យោធាថៃបានប្រើច្បាប់ព្រៃវាយសម្រុកឈួសឆាយចូលទន្ទ្រានកាន់កាប់ និងឈរជើងគ្រប់គ្រងដីកម្ពុជា ដោយខុសច្បាប់នៅតំបន់មួយចំនួនក្នុងខេត្តចំនួន៤ រួមមាន ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ ព្រះវិហារ និងឧត្តរមានជ័យ ក្នុងអំឡុងសង្គ្រាមប្រយុទ្ធគ្នា២១ថ្ងៃកន្លងទៅនេះ។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
វិស័យការពារជាតិ
ដោយ

ការចូលមកកាន់កាប់ដីកម្ពុជា ដោយខុសច្បាប់របស់យោធាថៃនេះបានធ្វើឱ្យពលរដ្ឋជាច្រើនបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង និងចោទជាសំណួរថា តើកម្ពុជា អាចយកដីទាំងនោះបានមកវិញដែរទេ? ពាក់ព័ន្ធបញ្ហានេះអ្នកជំនាញបានលើកឡើងថា ថៃ មិនអាចប្រើកម្លាំងទ័ពមកកំណត់ខណ្ឌសីមាព្រំដែនរវាងកម្ពុជា និងថៃ បាននោះទេ ព្រោះខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរអាចដោះស្រាយទៅបានតាមរយៈយន្តការដែលមានស្រាប់ប៉ុណ្ណោះ គឺតាមនីតិវិធីច្បាប់​។

លោកមេធាវី សុខ សំអឿន ប្រធានក្រុមអ្នកច្បាប់ និងទីប្រឹក្សាអមរិន្ទ បានលើកឡើងថា ការទាមទារដីដែលថៃ ចូលមកទន្ទ្រានកាន់កាប់ដោយខុសច្បាប់នៅតំបន់មួយចំនួននៅតាមខ្សែបន្ទាត់ព្រំដែន វាអាស្រ័យលើកម្ពុជា ខ្លួនឯង ថាតើកម្ពុជានឹងទាមទារតំបន់ទាំងនោះត្រឡប់មកវិញដែរ ឬយ៉ាងណា។ តែយ៉ាងណាអ្នកជំនាញផ្នែកច្បាប់រូបនេះជឿជាក់ថា ថៃ ប្រាកដជាមិនងាយដកថយចេញពីដីដែលពួកគេបានចូលទន្ទ្រានកាន់កាប់ដោយស្រួលនោះទេ លុះត្រាតែកម្ពុជា ប្រើយន្តការអង្គការសហប្រជាជាតិ និង ជំរុញឱ្យសហគមន៍អន្តរជាតិ ដាក់សម្ពាធលើថៃ ឱ្យខ្លាំងទើបអាចទៅរួច។ ​​ប្រសិនបើថៃ នៅតែមិនព្រមដកទ័ពចេញពីទឹកដីខ្មែរ អ្នកជំនាញផ្នែកច្បាប់រូបនេះយល់ថា កម្ពុជា មិនអាចប្រើយន្តការគណកម្មការដោះស្រាយវិវាទព្រំដែនបន្តទៀតបាននោះទេ គឺមានតែប្រើយន្តការអង្គការសហប្រជាជាតិ និង​ប្ដឹងទៅតុលាការអន្តរជាតិតែប៉ុណ្ណោះ។

​​ជាមួយគ្នានេះ លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយយល់ឃើញថា ការចូលមកកាន់កាប់ក្នុងទឹកដីកម្ពុជា ពីសំណាក់ក្រុមយោធាថៃនេះ គឺជាទង្វើរំលោភលើដែនអធិបតេយ្យភាព និងរំលោភលើស្មារតីនៃកិច្ចប្រជុំនានាកាលពីកន្លងទៅ ជាពិសេសកិច្ចប្រជុំត្រីភាគីដែលបានធ្វើនៅប្រទេសចិន កាលពីកន្លងទៅថ្មីៗ។ បើតាមអ្នកជំនាញរូបនេះ ថៃ មិនអាចកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរតាមរយៈការប្រើកម្លាំងយោធាបាននោះទេ ពោលគឺមានតែពឹងផ្អែកលើលិខិតតូបករណ៍អន្តរជាតិ និង សន្ធិសញ្ញាដែលមានស្រាប់តែប៉ុណ្ណោះ។ យ៉ាងណាមិញអ្នកជំនាញភូមិសាស្ត្រនយោបាយរូបនេះយល់ឃើញថា ក្រៅពីដាក់លិខិតតវ៉ាតាមផ្លូវទូតទៅភាគីថៃ កម្ពុជា ក៏អាចដាក់ពាក្យប្ដឹងទៅអង្គការសហប្រជាជាតិ និងតុលារការយុត្តិធម៌អន្តរជាតិ ហើយត្រូវផ្សព្វផ្សាយឱ្យបានទំលាយបន្ថែមទៀត។

​ជុំវិញនឹងបញ្ហានេះដែរ បើតាមឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៦នេះថា ទឹកដីរបស់កម្ពុជា មានមូលដ្ឋានច្បាស់លាស់និងរឹងមាំ ដែលការពារដោយច្បាប់អន្តរជាតិ និងគ្មានអ្នកណាអាចរំលោភបំពានបានឡើយ ពីព្រោះខ្សែព្រំដែនកម្ពុជា-ថៃ គឺជាខ្សែព្រំដែនអន្តរជាតិ ដែលបន្សល់ទុកដោយគណៈកម្មាធិការព្រំដែនឥណ្ឌូចិន-សៀម ស្របតាមគោលការណ៍អន្តរជាតិ និងឯកសារនិងកិច្ចព្រមព្រៀងនានាដែលភាគីទាំងពីរបានឯកភាពគ្នា។

ក្រុមអ្នកជំនាញយល់ឃើញថា មូលហេតុដែលថៃ ព្រមចុះហត្ថលេខាឱ្យមានឈប់បាញ់គ្នាជាមួយកម្ពុជា គឺដោយសារមានកថាខណ្ឌមួយចែងថា ក្រោយបទឈប់បាញ់ ភាគីណាដែលបានឈរជើងនៅទីតាំងណាត្រូវបន្តឈរជើងនៅទីតាំងនោះ នឹងត្រូវបញ្ឈប់រាល់សកម្មភាពទាំងអស់។ ប៉ុន្តែនៅកថាខណ្ឌចុងក្រោយនៃកិច្ចព្រមព្រៀងនេះបានចែងថា វិវាទព្រំដែនត្រូវដោះស្រាយតាមច្បាប់អន្តរជាតិ ពោលគឺរឿងកំណត់ព្រំដែនត្រូវធ្វើទៅតាមច្បាប់អន្តរជាតិ ដោយផ្អែកលើកិច្ចព្រមព្រៀងបារាំង-សៀម ឆ្នាំ១៩០៤ និង១៩០៧ ក៏ដូចជា MoU ២០០០ និង២០០១៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


រដ្ឋពន្យារពេលយកពន្ធលើចំណេញមូលធនផ្នែកអចលនទ្រព្យដល់ដំណាច់ឆ្នាំ២០២៦

វិស័យអចលនទ្រព្យកម្ពុជា ដែលបានរងផលប៉ះពាល់យ៉ាងដំណំដោយសារវិបត្តិជំងឺកូវីដ-១៩ និងការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល និងបញ្ហាសង្រ្គាមនានា នៅពុំទាន…

តើរដ្ឋគួរមានវិធានការបែបណាខ្លះដើម្បីជួយដោះស្រាយបញ្ហាទុក្ខលំបាកប្រជាពលរដ្ឋ ដែលផ្ទះរបស់ពួកគេត្រូវបានយោធាថៃ ទន្ទ្រានកាន់កាប់ព័ទ្ធយកនោះ?

ប្រទេសថៃ បានប្រើប្រាស់កម្លាំងយោធាវាយចូលទន្ទ្រានកាន់កាប់ និងឈរជើងគ្រប់គ្រងដីកម្ពុជាដោយខុសច្បាប់នៅតាមតំបន់មួយចំនួនក្នុងខេត្តបន្ទាយមានជ័យ, ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ