ពិព័រណ៍ផលិតផលខ្មែរដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន Beyond Retail Business Cambodia ក្នុងនាមឱ្យសហគ្រិនខ្មែរ (Khmer Enterprise) ដែលជាអង្គភាពមួយក្រោមចំណុះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានធ្វើឡើងនៅផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល។ ពិព័ណ៍មួយផ្សេងទៀតនឹងរៀបចំធ្វើឡើងនៅផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល នៅថ្ងៃទី១៩ ដល់ទី២០ ខែកុម្ភៈ ដែលនឹងប្រមូលផ្ដុំការបង្ហាញផលិតផលជាច្រើនប្រភេទ ដូចជាផលិតផលសុខុមាលភាព និងផលិតផលម្ហូបអាហារ ផលិតផលតុបតែងផ្ទះ និងផលិតផលម៉ូដនិងគ្រឿងតុបតែង ដើម្បីបង្កើតបានជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយតាមរយៈការតាំងបង្ហាញផលិតផលគុណភាពខ្ពស់របស់កម្ពុជា។
ព្រឹត្តិការណ៍ពិព័រណ៍ទាំងនេះគឺជាឱកាសដ៏ល្អសម្រាប់ក្រុមហ៊ុនផលិតក្នុងស្រុក និងអ្នកប្រើប្រាស់ជួបគ្នា។ ក្រុមហ៊ុនផលិតបានពន្យល់អំពីផលិតផលរបស់ខ្លួនទៅកាន់អ្នកប្រើប្រាស់ ដែលអ្នកប្រើប្រាស់មួយចំនួនបានផ្តល់កោតសរសើររបស់ខ្លួនដល់ផលិតផលរបស់កម្ពុជា។
លោក ស្រាន់ សុជាតិ ដែលជាអ្នកមកទស្សនានិងទិញទំនិញម្នាក់ក្នុងកម្មវិធីពិព័រណ៍នេះបានថ្លែងថា៖ «អ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេគឺស្រាដែលផលិតក្នុងសាលាកសិកម្ម អ៊ីចឹងវាជាផលិតផលដែលចេញពីស្នាដៃរបស់សិស្សនិស្សិតផ្ទាល់។ សម្រាប់គុណភាពបច្ចុប្បន្ន យើងអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបាន។ អ៊ីចឹង យើងចូលរួមទាំងអស់គ្នាសម្រាប់ការលើកកម្ពស់ផលិតផលខ្មែរ ពីព្រោះថា បើសិនជាយើងអត់ចូលរួមក្នុងការគាំទ្រផលិតផលកសិផលរបស់ប្រជាជនទេ យើងពិបាកក្នុងការជំរុញក៏ដូចជាអភិវឌ្ឍន៍វិស័យកសិកម្ម ក៏ដូចជាវិស័យកែច្នៃម្ហូបអាហារក្នុងស្រុកយើងឱ្យរីកចម្រើនណាស់»។
កញ្ញា អ៊ុង បូរតនា ជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន ហ្គ្រីន ក្លាស្ទើ ម.ក (Green Cluster Plc.) ដែលបានដាក់តាំងបង្ហាញផលិតផលក្នុងពិព័រណ៍នេះបានថ្លែងថា៖ «កម្មវិធីពិព័រណ៍របស់សហគ្រិនខ្មែរនេះ [ដែលរៀបចំឡើងដោយក្រុមហ៊ុន Beyond Retail Business Cambodia] ខ្ញុំគិតថា វាល្អព្រោះមានការតាំងបង្ហាញផលិតផលខ្មែរយើង។ យើងចង់បង្ហាញអតិថិជនទាំងជនជាតិបរទេស ទាំងជនជាតិខ្មែរ ឱ្យពួកគាត់ដឹងថា ខ្មែរយើងក៏មានទំនិញគុណភាពល្អ និងខ្ពស់ដែលផលិតក្នុងស្រុក មិនចាញ់បរទេសដែរ»។
ក្រុមហ៊ុន Green Cluster របស់កញ្ញា បូរតនា បានតាំងបង្ហាញផលិតផលផ្សេងៗដូចជាគ្រាប់ស្វាយចន្ទី ដំណាប់មៀន ស្រាផលិតក្នុងស្រុក និងផលិតផលផ្សេងទៀត។
អ្នកទស្សនាពិព័រណ៍រាប់ពាន់នាក់បានទៅទស្សនាព្រឹត្តិការណ៍ពិព័រណ៍ដែលបានរៀបចំធ្វើឡើងនៅ Angkor Parvis ក្នុងខេត្តសៀមរាបនៅថ្ងៃទី៨ និងទី៩ ខែមករា ឆ្នាំ២០២២ និងនៅរាជធានីភ្នំពេញនៅចុងខែមករា។
កញ្ញា ច័ន្ទ សីមា ប្រធានគម្រោងនៃក្រុមហ៊ុន Beyond Retail Business Cambodia ដែលទទួលខុសត្រូវលើការរៀបចំពិព័រណ៍នេះបានថ្លែងថា៖ «ក្រុមហ៊ុនផលិតក្នុងស្រុកអាចមានមោទនភាពខ្លាំងជាមួយនឹងប្រតិកម្មតបទៅនឹងផលិតផលរបស់ពួកគេពីប្រជាពលរដ្ឋ។ អ្នកប្រើប្រាស់ពិតជាមានចំណាប់អារម្មណ៍ចំពោះគុណភាព និងជម្រើសដែលផ្តល់ជូន»។
ផលិតផលដែលត្រូវបានយកមកដាក់តាំងបង្ហាញ រួមមានសម្លៀកបំពាក់ និងផលិតផលម៉ូដនិងគ្រឿងតុបតែង សាប៊ូនិងប្រេងផលិតក្នុងស្រុក ព្រមទាំងម្ហូបអាហារផលិតក្នុងស្រុក និងផលិតផលកសិកម្ម។
ដោយសារមានការគាំទ្រខ្លាំងពីអង្គរប៉ាវីស ក្រុមហ៊ុន ជីប ម៉ុង រីថែល និងធនាគារ ជីប ម៉ុង ពិព័រណ៍នេះបានបង្ហាញជំនាញបច្ចេកទេសដ៏អស្ចារ្យរបស់ក្រុមហ៊ុនផលិតផលកម្ពុជា។
ក្រុមហ៊ុន ជីប ម៉ុង និងអង្គរប៉ាវីស គឺជាអ្នកឧបត្ថម្ភពិព័រណ៍ «មោនទភាពកម្ពុជា» នេះ៕