ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានគូសបញ្ជាក់ថា ការហោះហើរនៅថ្ងៃស្អែក គឺជាការហោះហើរចុងក្រោយរបស់ក្រុមហ៊ុនអាកាសចរណ៍ Lao Airline ពីទីក្រុងវៀងចន្ទន៍មកកាន់រាជធានីភ្នំពេញ បន្ទាប់ពីក្រុមហ៊ុននេះបានបើកជើងហោះហើរមិនទាន់បាន៣ខែស្រួលបួល។ ការផ្អាកជើងហោះហើរដ៏គួរចាប់អារម្មណ៍នេះ ត្រូវបានមន្ត្រីជាន់ខ្ពស់រូបនេះអះអាងថា គឺដោយសារកត្តាទីផ្សារ និងពាណិជ្ជកម្ម ដ្បិតថារដូវនេះជារដូវខ្សត់ភ្ញៀវទេសចរ ដែលធ្វើឱ្យការហោះហើរមិនអាចទប់ទល់នឹងការចំណាយ។
ជុំវិញបញ្ហានេះលោក ធួន ស៊ីណាន ប្រធានសមាគមន៍ទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាយល់ឃើញថា ការផ្អាកដំណើរការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Lao Airlines អាចបណ្ដាលមកពីពុំសូវមានអ្នកធ្វើដំណើរ។ អ្នកជំនាញរូបនេះបានចាត់ទុកការផ្អាកនេះ គឺបានបង្ហាញឱ្យឃើញពីការខ្វះខាតអ្វីមួយនៃការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលលើវិស័យអាកាសចារណ៍ ហើយលោកស្នើឱ្យឱ្យមានការត្រួតពិនិត្យលើវិស័យនេះឡើងវិញ។ បើតាមការអះអាងរបស់លោក ធួន ស៊ីណាន ជើងហោះហើរក្នុងស្រុកដែលទើបចាប់ផ្ដើមក្នុងពេលថ្មីៗនេះ ក៏បានកាត់បន្ថយចំនួនជើងហោះហើរផងដែរ ក្រោយចរន្តភ្ញៀវទេសចរហាក់ពុំបានឆ្លើយតបជាមួយសេវាកម្មអាកាសចរណ៍។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Laotian Times ក្រុមហ៊ុនអាកាសចរណ៍ Lao Airlines នឹងផ្អាកជើងហោះហើរត្រង់រវាងទីក្រុងវៀងចន្ទន៍-ភ្នំពេញចាប់ពីថ្ងៃទី១៦ ខែមិថុនា តទៅ ខណៈអ្នកជំនាញនៅក្នុងវិស័យទេសចរណ៍បានគូសបញ្ជាក់ថា ការលុបចោលជើងហោះហើរត្រង់នេះ អាចបណ្ដាលមកពីតម្រូវការធ្វើដំណើរមានចំនួនតិចពេក។
ក្រុមហ៊ុនអាកាសចរណ៍ Lao Airline ដែលជាក្រុមហ៊ុនរបស់រដ្ឋបានសម្រេចចិត្តហោះត្រង់ឡើងវិញពីទីក្រុងវៀងចន្ទន៍មកកាន់រាជធានីភ្នំពេញ ពីភ្នំពេញទៅវៀងចន្ទន៍កាលពីថ្ងៃ១៩ ខែមីនា ឆ្នាំ២០២៤ ដោយប្រើយន្តហោះ Air Bus 320។ បើតាមមន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក្រុមហ៊ុនអាកាសចរណ៍ឡាវធ្លាប់បានហោះហើរត្រង់លើកំណាត់ផ្លូវវៀងចន្ទន៍-ភ្នំពេញ-វៀងចន្ទន៍តាំងពីអំឡុងទសវត្សរ៍៨០ រហូតដល់ពាក់កណ្តាលឆ្នាំ២០០០ ប៉ុន្តែដោយសារកត្តាទីផ្សារបានធ្វើឱ្យការហោះហើរលើកំណាត់ផ្លូវនេះត្រូវបានផ្អាកមួយរយៈ។
គួរបញ្ជាក់ថា ឡាវ គឺជាភ្ញៀវទេសចរបរទេសធំទី៤ ដែលបានធ្វើដំណើរមកកម្សាន្តនៅកម្ពុជាកាលពីឆ្នាំ២០២៣កន្លងទៅ ដោយមានចំនួនសរុបជាង៣៧ម៉ឺននាក់កើនឡើងរហូតដល់ទៅជាង៣០០% បើធៀបនឹងឆ្នាំ២០២២៕