បែកធ្លាយសំឡេងសន្ទនា

បែកធ្លាយសំឡេងសន្ទនាតាមទូរសព្ទរវាងសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត្រ កំពុងធ្វើឱ្យស្ថានការនៅថៃកើនកម្ដៅកាន់តែខ្លាំង


ជារឿងមួយដ៏គួរឱ្យភ្ញាក់ផ្អើល នៅថ្ងៃនេះ ក្រោយមានការបែកធ្លាយសំឡេងសន្ទនាគ្នាតាមទូរសព្ទជាង ៩នាទី រវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងនាយករដ្ឋមន្ត្រីថៃលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ និងត្រូវបានចែករំលែកភ្លូកទឹកភ្លូកដីនៅលើបណ្ដាញសង្គម។ ក្រោយការបែកធ្លាយសំឡេងនេះ ប៉ុន្មានម៉ោង ទាំងសម្តេចតេជោ និង លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ សុទ្ធតែបាន ទទួលស្គាល់ថា សំឡេងនោះ គឺជាសំឡេងពិត។
បែកធ្លាយសំឡេងសន្ទនា
ដោយ

បញ្ហានេះ ត្រូវបានគេមើលឃើញថា កំពុងធ្វើឱ្យភាពច្របូកច្របល់កាន់តែខ្លាំងឡើងនៅក្នុងប្រទេសថៃ ពិសេសទំនាក់ទំនងរវាងរដ្ឋាភិបាលថៃ និងក្រុមយោធា។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអះអាង នៅថ្ងៃទី ១៨ ខែមិថុនាថា សំឡេង ដែលបានបែកធ្លាយនៅលើបណ្ដាញសង្គមហ្វេសប៊ុក អំពីការសន្ទនាគ្នាតាមទូរសព្ទរយៈពេលជាង ៩នាទីនោះ គឺពិតជា សំឡេងសន្ទនាគ្នារបស់សម្តេច និងនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រ ពិតប្រាកដមែន ដោយសម្តេចបញ្ជាក់ថា ការសន្ទនាទាំងស្រុងនោះ គឺមានរយៈពេលដល់ទៅ ១៧៖ ០៦នាទីឯណោះ ប៉ុន្ដែ មានគេកាត់មកផ្សាយត្រឹមតែជាង ៩នាទី។ សម្តេចតេជោ បន្ថែម ជាទម្លាប់ ដើម្បីឱ្យកិច្ចការទាំងឡាយមិនបានគេបំភាន់ ឬបន្លំ ចាំបាច់ត្រូវការថតសម្លេង និង ដើម្បីតម្លាភាពជាមួយផ្ទៃក្នុងរបស់កម្ពុជាផងដែរ។ បើតាមសម្តេចតេជោ សំឡេងសន្ទនាគ្នានេះ បានបែកធ្លាយ នៅក្រោយពេលដែលសម្តេច បានផ្ញើសំឡេងនេះ ទៅកាន់គណៈអចិន្ត្រៃយ៍ គណបក្ស ក្រុមការងារព្រឹទ្ធសភា ក្រុមការងារសភា ក្រុមការងារទទួលបន្ទុកកិច្ចការបរទេស ក្រុមការងារឃោសនាអប់រំ ក្រុមការងារព្រំដែន និងកងកម្លាំងប្រដាប់អាវុធ ប្រហាក់ប្រហែលសរុប ៨០នាក់។ សម្តេចលើកឡើងទៀតថា នៅក្នុងនោះ ប្រហែលអាចមាននរណាម្នាក់ មិនពេញចិត្តនឹងនាយករដ្ឋមន្រ្តីថៃ ព្រោះក្រោយនិយាយគ្នាជាមួយសម្តេចបានប៉ុន្មានម៉ោង បែរជាមេដឹកនាំថៃរូបនេះ បានចេញមកចោទមេដឹកនាំកម្ពុជាថា ធ្វើនយោបាយអត់វិជ្ជាជីវៈ (Unprofessional) ធ្វើនយោបាយតាម Facebook ដែលនេះបង្ហាញពីទង្វើ និយាយផ្សេង ធ្វើផ្សឹង។

សម្តេចបានបញ្ជាក់បន្ថែមថា នៅក្នុងសំឡេងសន្ទនាគ្នាតាមទូរសព្ទ ដែលមានលោក ឃ្លាំង ហួតជាអ្នកបកប្រែ (ខ្មែរ-ថៃ) នោះ គឺមាននាទីសរុប ១៧៖០៦ នាទី ហើយប្រសិនបើភាគីថៃ ចង់បាន សម្តេចតេជោ នឹងបញ្ជូនសំឡេងទាំងស្រុងនោះទៅឱ្យតែម្ដង។

ពាក់ព័ន្ធនឹងការបែកធ្លាយសំឡេងសន្ទនាគ្នានេះ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ក៏បានចេញឆ្លើយតបភ្លាមៗពាក់ព័ន្ធនឹងបញ្ហានេះ ដោយលោកស្រី បានទទួលស្គាល់ថា សំឡេងនេះ ពិតជាសំឡេង ដែលលោកស្រី សន្ទនាជាមួយនឹងសម្តេចតេជោ ហ៊ុន សែន ពិតប្រាកដមែន ហើយថា ការសន្ទនានេះ បានធ្វើឡើង បន្ទាប់ពីមាន ក្លីបវីដេអូរបស់មេបញ្ជាការភូមិភាគ២របស់ថៃ បាននិយាយខ្លាំងៗពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-ថៃ ហើយភាគីកម្ពុជាបានខឹងសម្បារនឹងរឿងនេះ។ លោកស្រីផែថងថាន បន្ថែមថា ទង្វើរបស់កម្ពុជាទាក់ទងនឹងការបែកធ្លាយសំឡេងនេះ គឺជាការប៉ុនប៉ងញ៉ុះញង់ឱ្យមានការបែកបាក់រវាងរាជរដ្ឋាភិបាលរបស់លោកស្រី និងក្រុមយោធាថៃ។ លោកស្រី ផែថងថាន ថែមទាំងបានចោទ សម្តេចតេជោ ហ៊ុន សែន ថាកំពុងស្វែងរកប្រជាប្រិយភាពឲ្យរដ្ឋាភិបាល របស់កូនប្រុសសម្តេច គឺសម្តេចធិបតី ហ៊ុន ម៉ាណែត។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានថៃ Khaosod។

សូមបញ្ជាក់ថា នៅក្នុងសារសំឡេងដែលបែកធ្លាយនោះ នាយករដ្ឋមន្ត្រីថៃ បានទំនាក់ទំនងតាមទូរសព្ទមកសម្តេចតេជោ ហ៊ុន សែន ដើម្បីស្នើជជែកអំពីបញ្ហាតានតឹងផ្នែកព្រំដែនរវាងប្រទេសទាំងពីរ។ ដោយប្រើពាក្យពេចន៍គួរសមហៅខ្លួនឯងថាក្មួយ និងហៅសម្តេចតេជោ ថាឪពុកមា ឬលោកពូ លោកស្រី ផែថងថាន បានលើកឡើងពីទុក្ខលំបាករបស់ខ្លួន ដែលត្រូវរងនូវការរិះគន់ខ្លាំងពីសំណាក់ពលរដ្ឋ និងសម្ពាធពីខាងយោធាថៃ និងស្នើឱ្យកម្ពុជា ជួយសម្រួល និងអាចធ្វើការចរចាគ្នាពាក់ព័ន្ធបញ្ហាបើកច្រកព្រំដែន ឱ្យវិលទៅរកសភាពដើមជាប្រក្រតីវិញ។ ប៉ុន្ដែ សម្តេចតេជោ ហ៊ុន សែន បានអះអាងយ៉ាងច្បាស់ថា បញ្ហាបិទច្រកព្រំដែននោះ គឺខាងភាគីថៃ ជាអ្នកបិទដោយឯកតោភាគី កម្ពុជា មិនចាំបាច់អ្វីត្រូវចរចាលើបញ្ហានេះនោះទេ ពោលគឺគ្រាន់តែភាគីថៃ សម្រេចបើកច្រកឡើងវិញជាមុន នោះកម្ពុជានឹងបើកតាមក្រោយ យូរបំផុតត្រឹម៥ម៉ោងប៉ុណ្ណោះ៕




អត្ថបទបន្ទាប់


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ