
បន្ទាប់ពីមានការបង្ហោះ និងចុះផ្សាយពីករណីនេះមានការបញ្ចេញមតិយ៉ាងព្រោងព្រាតពីសាធារណជននៅលើបណ្តាញសង្គមដោយអ្នកខ្លះថា គួរផ្តល់ការងារឱ្យបុរសរូបនេះនៅតាមស្ថាប័នរដ្ឋណាមួយ ដើម្បីបន្តធ្វើការងារមើលថែដំរី ដែលខ្លួនបានមើលថែអស់រយៈពេលជាង២០ឆ្នាំមួយនេះ ហើយអ្នកខ្លះក៏បានចោទជាសំណួរថា តើហេតុអ្វីបានលោកលាឈប់ពីការងារ?
លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ករណីលោក ទ្រី ស៊ីថេង អ្នកមើលថែ ឬហ្មដំរី ឡាក់គី លាឈប់ពីការងារនៅអង្គការសម្ព័ន្ធមិត្តសត្វព្រៃគួរតែមានការស៊ើបអង្កេតរកមូលហេតុនៃការលាឈប់នេះ ដើម្បីផ្តល់ភាពយុត្តិធម៌ដល់ភាគីអ្នកមើលថែផង និងអង្គការនេះផង។ សម្រាប់អ្នកជំនាញរូបនេះ ក្នុងករណីរកឃើញថា លោក ទ្រី ស៊ីថេង ជាអ្នកប្រព្រឹត្តកំហុសហើយកំហុសនោះមិនធ្ងន់ធ្ងរ ភាគីពាក់ព័ន្ធគួរតែផ្តល់ឱ្យកាសឱ្យលោកបន្តធ្វើការជាអ្នកមើលថែដំរីបន្តទៀត ព្រោះ លោក ជាមនុស្សដែលមានទេពកោសល្យ សមត្ថភាព ក៏ដូចជាមានក្ដីស្រលាញ់ចំពោះសត្វ ហើយសម្រាប់អ្នកដែលមានជំនាញធ្វើការបានយូរឆ្នាំដូចលោក ទ្រី ស៊ីថេង នេះ ក៏មិនងាយនឹងរកបាននោះដែរ។
ជាមួយគ្នានេះ លោក យង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព កត់សម្គាល់ឃើញថា ករណីចាកចេញរបស់អ្នកមើលថែដំរីកាលពីពេលថ្មីៗនេះ ប្រសិនជាលោកបានប្រព្រឹត្តទោសកំហុសមិនធ្ងន់ធ្ងរនោះទេ គួរតែមានការលើកលែងអធ្យាស្រ័យ ដើម្បីអាចនៅមើលថែដំរីបន្តទៀត តែយ៉ាងណាប្រសិនជាលោកបានប្រព្រឹត្តទោសកំហុងធ្ងន់ ដែលមិនអាចលើកលែងបាន នោះត្រូវប្រឈមនឹងការបញ្ឈប់ពីការងារ។
លោកបានបន្ថែមថា ជុំវិញបញ្ហានេះ ស្ថាប័នពាក់ព័ន្ធគួរតែផ្ដល់ការងារក្របខណ្ឌរដ្ឋដល់អ្នកមើលថែដំរីខាងលើនេះ ដើម្បីរក្សាទុកធនធាន ក៏ដូចជាលើកទឹកចិត្តឱ្យបន្តកិច្ចការលំបាកមួយនេះផងដែរ។
យ៉ាងណាមិញ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងជួបជាមួយលោក ទ្រី ស៊ីថេង ហ្មដំរី ឡាក់គី នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីជួយរកដំណោះស្រាយជុំវិញបញ្ហានេះ។ ជាមួយគ្នានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយដោយលើកឡើងថា ការលាឈប់របស់លោក ទ្រី ស៊ីថេង វាជារឿងផ្ទៃក្នុងរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដោយមិនមានការជាប់ពាក់ព័ន្ធជាមួយរដ្ឋបាលព្រៃឈើ ឬក្រសួងកសិកម្មនោះទេ។
ពាក់ព័ន្ធការលាឈប់ពីការរបស់លោក ទ្រី ស៊ីថេង នេះដែរ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ នៅថ្ងៃទី២ ខែកក្កដា បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា លោក ទ្រី ស៊ីថេង ដែលជាអតីតបុគ្គលិក និងជាអ្នកថែទាំដំរីនៅភ្នំតាម៉ៅ បានដាក់លិខិតលាលែងពីការងារដោយស្ម័គ្រចិត្តខ្លួនឯង ដោយលាឈប់ពីការងារចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ តទៅ។
តែយ៉ាងណាបើតាមការគូសបញ្ជាក់របស់លោក ទ្រី ស៊ីថេង នៅក្នុងបទសម្ភាសជាមួយអ្នកបង្កើតមាតិកា និងសារព័ត៌មានផ្សេងៗ លោកមិនដែលមានចិត្តចង់ចាកចេញពីការងារអ្នកមើលថែដំរី ជាមួយអង្គការដែលលោកធ្លាប់ធ្វើជាមួយម្ដងណាឡើយ ប៉ុន្តែមូលហេតុដែលលោកលាឈប់ពីការងារខាងលើនេះ ដោយសារលោកបានខ្វាយខ្វល់ពីកង្វះខាតចំណីរបស់សត្វនៅភ្នំតាម៉ៅខ្លាំងពេកបង្កឱ្យលោកមិនពេញចិត្តរហូតដល់មិនអាចធ្វើការជាមួយអ្នករួមការងារបន្តទៀតបាន ទើបផ្នែករដ្ឋបាលបានដាក់សំណើឱ្យលោកលាឈប់ពីការងារតែម្ដង៕
អត្ថបទដោយ៖ ជា ម៉ារ៉ា