ការិយាល័យទេសចរណ៍នៃរដ្ឋបាលស្វ័យយ័តម៉ាកាវ កំពុងដាក់ចេញនូវយុទ្ធនាការជំរុញ និងទាក់ទាញភ្ញៀវទេសចរបរទេសដែលចាប់ផ្តើមពីថ្ងៃព្រហស្បតិ៍ ទី០១ ខែកុម្ភៈ តទៅ ដោយភ្ញៀវទេសចរបរទេសទាំងអស់នឹងទទួលបាន នូវការផ្តល់ជូនពិសេសសម្រាប់សំបុត្រជិះនាវា ឬក៏រថយន្តក្រុងមួយជើងដោយឥតគិតថ្លៃពីហុងកុង ទៅម៉ាកាវ។
ការិយាល័យនេះបានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះថា ការដាក់ចេញនូវយុទ្ធនាការនេះមានគោលបំណងទាក់ទាញភ្ញៀវបរទេសកាន់តែច្រើន ឱ្យមកលេងម៉ាកាវ និងដើម្បីពង្រីកការធ្វើពិពិធកម្មទីផ្សារដែលជាប្រភពភ្ញៀវទេសចរ ដើម្បីជំរុញកំណើនក្នុងវិស័យទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ច។
ប្រភពដដែលបានបន្តថា កញ្ចប់ផ្តល់ជូនពិសេសតាមរយៈនាវានេះនឹងដំណើរការចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ដល់ថ្ងៃទី៣១ ខែកក្កដា ក្នុងគោលបំណងលើកទឹកចិត្តភ្ញៀវទេសចរអន្តរជាតិនៅហុងកុង ឱ្យបន្តដំណើរកម្សាន្តរបស់ពួកគេមកកាន់ម៉ាកាវ។
ភ្ញៀវទេសចរបរទេសអាចកក់សំបុត្រជិះនាវាឥតគិតថ្លៃជាមុនបាន ដោយគ្រាន់តែបង្ហាញឯកសារធ្វើដំណើរដែលមានសុពលភាពរបស់ពួកគេរួមជាមួយកាតចេញចូល សំបុត្រអេឡិចត្រូនិច ឬ បង្កាន់ដៃធ្វើដំណើរដែលបង្ហាញពីការមកដល់ហុងកុង ក្នុងរយៈពេល៧ថ្ងៃមុនពេលធ្វើដំណើរទៅម៉ាកាវ។
ដោយឡែកការផ្តល់ជូនសំបុត្រដោយឥតគិតថ្លៃសម្រាប់សេវារថយន្តក្រុងដោយផ្ទាល់ មានចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ដល់ថ្ងៃទី៣១ ខែសីហា។ នៅពេលមកដល់អាកាសយានដ្ឋានអន្តរជាតិ ហុងកុង ភ្ញៀវអន្តរជាតិ អាចបង្ហាញឯកសារធ្វើដំណើរដែលមានសុពលភាព និងកាតចេញចូលក្នុងតំបន់ដែលមានការរឹតបន្តឹង ដើម្បីទទួលបានសំបុត្រឡានក្រុងដោយឥតគិតថ្លៃសម្រាប់ការធ្វើដំណើរដោយផ្ទាល់ពីអាកាសយានដ្ឋានអន្តរជាតិហុងកុង ទៅកាន់ម៉ាកាវ ឆ្លងកាត់ស្ពានហុងកុង-ជូហៃ-ម៉ាកាវ។
កាលពីឆ្នាំ២០២៣ ម៉ាកាវ បានស្វាគមន៍ភ្ញៀវទេសចរសរុបជាង២៨លាននាក់ ដោយក្នុងនោះភ្ញៀវទេសចរបរទេសមានតិចមែនទែន ពោលគឺត្រឹមតែ១,៤៦លាននាក់ប៉ុណ្ណោះ ដោយពួកគេបានធ្វើដំណើរចេញពីចិនដីគោក ហុងកុង និងតៃវ៉ាន់៕
ដោយៈ សរ សុជាតិ