កាសែតម៉ាឡេស៊ី The Star បានចុះផ្សាយកាលពីពេលថ្មីៗនេះថា អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុម៉ាឡេស៊ី លោក ដាទុក សិរី អាមៀ ហាមហ្សា អាហ្ស៊ីហ្សាន (Datuk Seri Amir Hamzah Azizan) បានលើកឡើងថា តំបន់ហិរញ្ញវត្ថុពិសេស ដែលស្ថិតក្នុងគម្រោងអភិវឌ្ឍន៍លំនៅឋានខ្នាតយក្ស Forest City ដែលជាការអភិវឌ្ឍរួមគ្នាដោយក្រុមហ៊ុនយក្សចិន Country Garden និងក្រុមហ៊ុនក្នុងស្រុក នឹងក្លាយជាទីតាំងដំបូងគេបង្អស់នៅក្នុងប្រទេសម៉ាឡេស៊ី ដែលផ្តល់អត្រាពន្ធ០% សម្រាប់ការបង្កើតក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិឯកជន។
អនុមន្ត្រីរូបនេះបានបន្ថែមទៀតថា ការបន្ធូរបន្ថយពន្ធនេះ គឺជាផ្នែកមួយនៃកញ្ចប់គ្រឿងលើកទឹកចិត្តដ៏ធំ ដើម្បីធ្វើឱ្យគម្រោងអភិវឌ្ឍន៍លំនៅឋានខ្នាតយក្សខាងលើនេះ ក្លាយជាមេដែកក្នុងការឆក់ស្រូបទាញមូលធនអន្តរជាតិ។
លោកបានបន្តថា ការអនុគ្រោះពន្ធនេះក៏រួមបញ្ចូលនូវអត្រាពន្ធសាជីវកម្មសម្បទាន ពី០ ទៅ៥% និងអត្រាពន្ធលើប្រាក់ចំណូលបុគ្គលពិសេស១៥% សម្រាប់កម្មករជំនាញ និងពលរដ្ឋម៉ាឡេស៊ី ដែលជ្រើសរើសធ្វើការនៅទីនោះផងដែរ។
សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍លំនៅឋានខ្នាតយក្ស Forest City ដែលលាតសន្ធឹងលើផ្ទៃដីជិត៣០ហិកតានេះ ត្រូវបានរចនាឡើងសម្រាប់ឱ្យមនុស្សរស់នៅប្រមាណ៧០ម៉ឺននាក់។
នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានប្រកាសជាផ្លូវការនូវគម្រោងអភិវឌ្ឍន៍នេះកាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ដោយគូសបញ្ជាក់ថា ទីតាំងគម្រោងនេះ គឺស្ថិតនៅកៀកព្រំដែនជាមួយប្រទេសសិង្ហបុរី។
តាមការរំពឹងទុក គម្រោងអភិវឌ្ឍន៍លំនៅឋានខ្នាតយក្ស Forest City នេះ នឹងជួយប្រទេសក្នុងការទាក់ទាញមនុស្សមានទេពកោសល្យ និងការវិនិយោគ ដែលនឹងជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់៕
ដោយ: តែម សុខុម