បេក្ខភាពនាយករដ្ឋមន្ត្រីម៉ាឡេស៊ីថ្មី

បេក្ខភាពនាយករដ្ឋមន្ត្រី៤រូប កំពុងស្ថិតក្រោមការជ្រើសរើសពីព្រះមហាក្សត្រម៉ាឡេស៊ី


ព្រះមហាក្សត្រម៉ាឡេស៊ី អាល់ស៊ុលតង់ អាប់ឌុលឡា បានចាប់ផ្តើមស្វែងរកនាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីលោក ម៉ូយីឌីន យ៉ាស៊ីន បានសុំលាលែងពីតំណែងកាលពីថ្ងៃច័ន្ទសប្តាហ៍នេះ ក្រោយកាន់តំណែងទើបតែបាន ១៧ខែប៉ុណ្ណោះ។ នេះគឺជាការកាន់តំណែងជានាយករដ្ឋមន្ត្រីក្នុងរយៈពេលខ្លីជាងគេបំផុត ក្នុងប្រវត្តិសាស្ត្រអ្នកនយោបាយរបស់ម៉ាឡេស៊ី។ យ៉ាងណាមិញ ស្តេចម៉ាឡេស៊ី បានសម្លឹងឃើញបេក្ខភាពចំនួន៤រូបរួចទៅហើយ ដើម្បីអាចជ្រើសរើសម្នាក់មកអង្គុយតំណែងក្បាលម៉ាស៊ីនដឹកនាំរដ្ឋាភិបាលដែលកំពុងទំនេរកៅអីនាពេលនេះ។ តើនរណាស្ថិតក្នុងបេក្ខភាពជ្រើសរើសដោយមហាក្សត្រ?
ពីឆ្វេងទៅស្តាំ៖ លោក ហីសាម៉ូឌីន ហ៊ូសេន, លោក អាសមីល សាប្រ៊ី យ៉ាកុប, លោក អានវ៉ា អ៊ីប្រាហីម និង លោក តេងគូ រ៉ាហ្សាហាមហ្សា
ដោយ

ក្រោយ​ការ​ចុះ​ចេញពី​តំណែង​របស់​លោក ម៉ូ​យី​ឌី​ន មាន​អ្នកលេង​បណ្តាញ​សង្គម​ជា​ច្រើន បាន​បង្កើត​ការ​បោះ​ឆ្នោត​តាម​អន​ឡាញ​ក្រៅផ្លូវការ​នានា ដើម្បី​បង្ហាញ​ពី​ការ​គាំទ្រ​របស់​ពួក​គេ​លើ​បេក្ខភាព​នាយ​រដ្ឋមន្ត្រី​ថ្មី​។

ប៉ុន្តែ​បើ​តាម​រដ្ឋធម្មនុញ្ញ​ម៉ា​ឡេ​ស៊ី មាន​តែ​ស្តេច​ស៊ុ​ល​តង់​មួយ​អង្គ​គត់ ដែល​មាន​សិទ្ធិ​សម្រេច​ជ្រើសរើស​យក​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​មួយ​រូប ដែល​ទ្រង់​ជឿជាក់​ថា អាច​ទទួល​បានការ​គាំទ្រ​ភាគច្រើន​នៅ​ក្នុង​រដ្ឋ​សភាព​ក្នុង​កាលទេសៈ​បែប​នេះ​។ 

យ៉ាងណាមិញ នេះ​មិនមែន​ជា​លក្ខណៈ​វិនិច្ឆ័យ​តែ​មួយ​នោះ​ទេ លក្ខណៈ​វិនិច្ឆ័យ​ផ្សេង​ទៀត​សម្រាប់​នាយក​រដ្ឋមន្ត្រី ដែល​មិន​បាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ គឺ​សំដៅ​ដល់​បុគ្គល​នោះ គួរតែ​មាន​សមត្ថភាព និង ភាព​ស្ញប់ស្ញែង​ខ្ពស់ ព្រោះ​គេ​ត្រូវការ​នាយក​រដ្ឋមន្ត្រី​ថ្មី ដើម្បី​អាច​មក​ចាត់វិធានការ​ដោះស្រាយ​វិបត្តិ​កូ​វី​ដ​១៩ ដែល​ម៉ា​ឡេ​ស៊ី​កំពុង​ជួប​ប្រទះ​ធ្ងន់ធ្ងរ​ពេល​នេះ​។

បើ​តាម​ប្រភព​ដែល​ជិត​ស្និ​ទ​នឹង​សារព័ត៌មាន​ជប៉ុន Nikkei របស់​ជប៉ុន​បាន​ឲ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​បេក្ខភាព​នាយក​រដ្ឋមន្ត្រី ៤​រូប ដែល​ទំនងជា​បេក្ខភាព​ប្រកួតប្រជែង​ខ្លាំង​ជាងគេ ចំពោះ​ការ​ស្នង​តំណែង​ជា​នាយក​រដ្ឋមន្ត្រី បន្ត​ពី​លោក ម៉ូ​យី​ឌី​ន​។

ទី​១ គឺ​លោក អាស​មី​ល សា​ប្រ៊ី យ៉ា​កុប

បច្ចុប្បន្ន លោក​អាស​មី​ល សា​ប្រ៊ី យ៉ា​កុប (Ismail Sabri Yaakob) កំពុង​ស្ថិត​ក្នុង​តំណែង​ជា​ឧបនាយករដ្ឋមន្ត្រី​។ លោក​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​ដឹង​ថា ជា​បេក្ខភាព​ឈានមុខ​គេ​មួយ​សម្រាប់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី ទៅ​តាម​ឋានានុក្រម​។

ក្នុង​វ័យ ៦១​ឆ្នាំ លោក​អាស​មី​ល មាន​សញ្ញាបត្រ​ជំនាញ​ផ្នែក​ច្បាប់ ដោយ​លោក​បាន​ចាប់ផ្តើម​អាជីព​ជា​អ្នកនយោបាយ ដោយ​បម្រើ​ការ​ជា​រដ្ឋមន្ត្រី​យុវជន​និង​កីឡា នៅ​ឆ្នាំ​២០០៨​។ រហូត​ឆ្នាំ​២០១៨​ដល់​ឆ្នាំ​២០២០ លោក​មាន​តួនាទី​ជា​រដ្ឋមន្ត្រី​នៃ​រដ្ឋ​សហព័ន្ធ​ម៉ា​ឡេ​ស៊ី និង​បច្ចុប្បន្ន​ជា​ឧបនាយករដ្ឋមន្ត្រី​។

លោក អាសមីល សាប្រ៊ី យ៉ាកុប

ចំណែកឯ បេក្ខភាព​នាយក​រដ្ឋមន្ត្រី​ទី​២ គឺ​លោក អាន​វ៉ា អ៊ី​ប្រា​ហី​ម

លោក​អាន់​វ៉ា អ៊ី​ប្រា​ហី​ម ជា​អ្នកនយោបាយ​ចាស់វស្សា​មួយ​រូប ដែល​តែង​ឈរឈ្មោះ​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​តាំង​តែ​ពី​ឆ្នាំ ១៩៩៨​មក ហើយ​នេះ​ជា​លើក​ទី​៤​សម្រាប់​លោក​ហើយ ក្នុង​ការ​ប្រជែង​កៅអី​ក្បាលម៉ាស៊ីន​រដ្ឋាភិបាល​មួយ​នេះ​។

លោក អាន់​វ៉ា អ៊ី​ប្រា​ហី​ម ធ្លាប់​កាន់​តំណែង​ជា ឧបនាយករដ្ឋមន្ត្រី​ក្រោម​អាណត្តិ​របស់​អតីត​នាយក​រដ្ឋមន្ត្រី មហា​ធៀរ ពី​ឆ្នាំ ១៩៩៣​ដល​១៩៩៨​។ លោក អាន់​វ៉ា មាន​ប្រវត្តិរូប​ការងារ​ខ្ពស់ ប៉ុន្តែ​ជីវិត​ឯកជន​របស់​លោក ក៏​មាន​ភាព​ច្របូកច្របល់​ណាស់​ដែរ ដោយ​លោក​ធ្លាប់​មានរឿង​អាស្រូវ​ផ្លូវភេទ និង​ពុក​រលួយ​រំលោភ​អំណាច ហើយ​ក៏​ធ្លាប់​ជាប់​ពន្ធនាគារ​ផង​ដែរ​។

លោក អានវ៉ា អ៊ីប្រាហីម

ដោយឡែក​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​ទី​៣ គឺ​លោក តេ​ង​គូ រ៉ា​ហ្សា​ហាម​ហ្សា

លោក​តេ​ង​គូ រ៉ា​ហ្សា​ហាម​ហ្សា (Tengku Razaleigh Hamzah) ជា​អ្នកនយោបាយ​ចាស់វស្សា​ជាងគេ​បំផុត ពោល​បច្ចុប្បន្ន​លោក​កំពុង​មាន​តំណែង​ជា​សមាជិក​សភា ហើយ​លោក​តេ​ង​គូ បាន​កាន់​តំណែង​នេះ​ចំនួន ១១​អាណត្តិ​ជាប់​ៗ​គ្នា​មក​ហើយ​។

ក្នុង​វ័យ​៨៤​ឆ្នាំ លោ​គ តេ​ង​គូ ចាប់ផ្តើម​ជីវិត​ជា​អ្នកនយោបាយ កាលពី​ឆ្នាំ​១៩៧៦ ក្នុង​តំណែង​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ ក្រោយមក​នៅ​ឆ្នាំ ១៩៨៤ លោក​ត្រូវ​បាន​គេ​ប្ដូរ​មក​ជា​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​វិញ​។

ទោះ​ក្នុង​វ័យ​ចាស់ជរា​បន្តិច​មែន ប៉ុន្តែ​លោក​តេ​ង​គូ ត្រូវ​បាន​គេ​មើលឃើញ​ថា អាច​ជា​បេក្ខភាព​សំខាន់​មួយ​រូប​សម្រាប់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ដោយសារ​តែ​លោក​ជិត​ស្និ​ទ​នឹង​ស្តេច​ស៊ុ​ល​តង់ ដែល​ជា​រឿយ​ៗ​លោក​ត្រូវ​បាន​មហាក្សត្រ​កោះហៅ​ឲ្យ​ផ្តល់​ជា​យោបល់ និង​បទ​ពិសោធន៍​នយោបាយ​នានា​ដល់​ទ្រង់​ផង​ដែរ​។

លោក តេងគូ រ៉ាហ្សាហាមហ្សា

ឥឡូវនេះ​យើង​មក​មើល​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​ទី​៤ ចុង​ក្រោយ​នេះ គឺ​លោក ហី​សា​ម៉ូ​ឌី​ន ហ៊ូ​សេន

លោក ហី​សា​ម៉ូ​ឌី​ន ហ៊ូ​សេន (Hishammuddin Hussein) ជា​អ្នកនយោបាយ​ដែល​មាន​ប្រវត្តិ​រូបល្អ​មួយ​រូប​។ លោក​ចាប់ផ្តើម​ជីវិត​នយោបាយ​តាំងពី​វ័យ​៣៤​ឆ្នាំ ដោយ​បម្រើ​ការ​ជា​សមាជិក​សភា ក្នុង​ឆ្នាំ​១៩៩៥ ក្រោយមក​ធ្វើ​ជា​រដ្ឋមន្ត្រី​យុវជន​និង​កីឡា​នៅ​ឆ្នាំ​១៩៩៩​។

បច្ចុប្បន្ន​ក្នុង​វ័យ ៦០​ឆ្នាំ លោក ម៉ូ​ឌី​ន ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​ឥស្សរជន​ជាន់ខ្ពស់​មួយ​រូប ដែល​មិន​ចេះ​ឈ្លោះប្រកែក​គ្នា​ច្រើន និង​អាច​បង្រួបបង្រួម​គណបក្ស​និង​ប្រទេស​ម៉ា​ឡេ​ស៊ី​ជា​ធ្លុង​មួយ​បាន​។

លោក​ក៏​ជា​អ្នកនយោបាយ​ដ៏​មានបទពិសោធន៍​មួយ​រូប​ផង​ដែរ ដោយសារ​តែ​លោក​ធ្លាប់​កាន់ការ​ក្នុង​មុខ​តំណែង​ជា​ច្រើន​ដូច​ជា​រដ្ឋមន្ត្រី​ការ​បរទេស រដ្ឋមន្ត្រី​ការពារ​ជាតិ និង​រដ្ឋមន្ត្រីក្រសួង​អប់រំ​ផង​ដែរ​។

លោក ហីសាម៉ូឌីន ហ៊ូសេន

សូម​បញ្ជាក់​ថា នាយក​រដ្ឋមន្ត្រី​ថ្មី​ដែល​នឹង​ត្រូវ​ជ្រើសតាំង​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា នឹង​ត្រូវ​ចូលខ្លួន​មក​ដោះស្រាយ​បញ្ហា​ធំ​ៗ​ចំនួន​២ គឺ​ទី​១​ទាក់ទង​នឹង​បញ្ហា​គ្រប់គ្រង​ការ​ឆ្លង​រាលដាល​កូ​វី​ដ​-១៩ ដែល​កំពុង​ធ្វើ​ឲ្យ​ម៉ា​ឡេ​ស៊ី​កាន់តែ​ដុនដាប និង បញ្ហា​ស្ដារ​សេដ្ឋកិច្ច​ឡើង​វិញ​ពី​វិបត្តិ​កូ​វី​ដ​-១៩៕ 

None



អត្ថបទបន្ទាប់


ទោះកូវីដ-១៩កំពុងអុកឡុក ប៉ុន្ដែពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុននៅតែបង្ហាញភាពរឹងមាំ

ទោះបីប្រទេសកម្ពុជា និង ជប៉ុនកំពុងជាប់ដៃប្រយុទ្ធប្រឆាំង នឹងការរាតត្បាតនៃជំងឺកូវីដ-១៩ ក៏ដោយ ប៉ុន្តែការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅត…

ក្រសួងប្រៃសណយ៍ នឹងលក់ឧបករណ៍តេស្ដរកកូវីដ-១៩ជូនពលរដ្ឋទូទៅឆាប់ៗនេះ

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងលក់ឧបករណ៍តេស្តរកមេរោគកូវីដ-១៩ ជូនប្រជាពលរដ្ឋទូទៅសម្រាប់លក្ខណៈគ្រួសារ ដោយគ្មានលក្ខខណ្ឌ ក្នុងពេលឆាប់ៗខាងម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ