អ្នកចិញ្ចឹមក្រពើ

អ្នកចិញ្ចឹមក្រពើជាច្រើនបានបោះបង់ការចិញ្ចឹម ខណៈកម្ពុជា កំពុងចរចាបើកទីផ្សារនាំចេញទៅចិន


ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វក្រពើជាច្រើនបានរងការខាតបង់ និងខ្លះបានបោះបង់ការចិញ្ចឹម ដោយសារទីផ្សារ និងតម្លៃក្រពើបានធ្លាក់ចុះខ្លាំងនៅអំឡុងពេលនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ ប៉ុន្តែបច្ចុប្បន្នតម្លៃក្រពើហាក់រើបឡើងវិញបន្តិច ក្នុងនោះកូនក្រពើទើបញាស់អាចលក់បានខ្ទង់៨ដុល្លារក្នុង១ក្បាល ស្របពេលដែលគម្រោងនាំចេញទៅទីផ្សារចិន ទំនងជាអាចកើតឡើងក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ។ ក្រុមអ្នកចិញ្ចឹមក្រពើរំពឹងថា ទីផ្សារ និងតម្លៃសត្វក្រពើនឹងមានភាពល្អប្រសើរឡើងវិញ ប្រសិនបើអាចនាំចេញដោយផ្ទាល់ទៅកាន់ប្រទេសចិន មែននោះ។
អ្នកចិញ្ចឹមក្រពើ
ដោយ

លោក ញ៉ែម បូរាណ អ្នកចិញ្ចឹមសត្វក្រពើម្នាក់នៅក្នុងខេត្តសៀមរាប ជឿជាក់ថា ទីផ្សារ និងតម្លៃសត្វក្រពើនឹងមានភាពល្អប្រសើរឡើងវិញ ប្រសិនបើចិន ពិតជាអនុញ្ញាតឱ្យកម្ពុជា អាចនាំចេញសត្វក្រពើទៅកាន់ប្រទេសខ្លួននាពេលខាងមុខមែននោះ ហើយវាក៏នឹងជួយធ្វើឱ្យអ្នកចិញ្ចឹមក្រពើមានកម្លាំងចិត្តក្នុងការចិញ្ចឹមផងដែរ។

បើតាមការអះអាងរបស់ម្ចាស់កសិដ្ឋានរូបនេះ អ្នកចិញ្ចឹមក្រពើជាច្រើនបានកាត់បន្ថយបរិមាណចិញ្ចឹម និងមួយចំនួនធំបានបោះបង់ការចិញ្ចឹម ក្រោយតម្លៃក្រពើមានការធ្លាក់ចុះខ្លាំងនៅប៉ុន្មានឆ្នាំកន្លងមកនេះ។

​ដោយឡែក លោក គង់ មី ជាអ្នកចិញ្ចឹម និងជាឈ្មួញទិញសត្វក្រពើនៅក្នុងខេត្តសៀមរាប បានឱ្យដឹងថា ទីផ្សារសត្វក្រពើនាពេលបច្ចុប្បន្នមានភាពប្រសើរជាងបណ្ដាឆ្នាំមុនៗបន្តិច ដោយក្នុងនោះកូនក្រពើទើបញាស់អាចលក់បានប្រមាណ៨ដុល្លារក្នុង១ក្បាល ខណៈកាលពីមុនបានធ្លាក់ថ្លៃនៅសល់១ ឬ២ដុល្លារ ក្នុង១ក្បាលប៉ុណ្ណោះ។

ភាពប្រសើរឡើងវិញនេះ គឺដោយសារមានក្រុមហ៊ុនចិន មានតម្រូវការ និងបានបញ្ជាទិញជាបន្តបន្ទាប់ ស្របពេលការចិញ្ចឹមក្នុងស្រុកមានការធ្លាក់ចុះយ៉ាងខ្លាំងនៅមួយរយៈពេលចុងក្រោយនេះ។

អ្នកចិញ្ចឹមក្រពើរូបនេះជឿជាក់ថា តម្លៃសត្វក្រពើនឹងកាន់តែមានភាពល្អប្រសើរ ប្រសិនបើចិន ពិតជាបើកឱ្យកម្ពុជា អាចនាំចេញសត្វក្រពើដោយផ្ទាល់ទៅកាន់ប្រទេសខ្លួននាពេលខាងមុខមែននោះ។

​ពាក់ព័ន្ធទីផ្សារសត្វក្រពើនេះដែរ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានឱ្យដឹងថា បច្ចុប្បន្នទីផ្សារសត្វក្រពើមួយចំនួនត្រូវបាននាំចេញទៅកាន់ប្រទេសជិតខាង និងមួយចំនួនទៀតមានការបញ្ជាទិញពីក្រុមហ៊ុនរបស់ចិន។

បើតាមការគូសបញ្ជាក់របស់ប្រធានមន្ទីររូបនេះ ការធ្លាក់ចុះតម្លៃសត្វក្រពើនៅប៉ុន្មានឆ្នាំកន្លងមកនេះ បានធ្វើឱ្យកសិដ្ឋានជាច្រើនឈប់ចិញ្ចឹម ជាហេតុធ្វើឱ្យចំនួនសត្វក្រពើមានការធ្លាក់ចុះយ៉ាងខ្លាំង។ បើតាមមន្រ្តីជំនាញរូបនេះ បច្ចុប្បន្ននៅក្នុងខេត្តសៀមរាប មានកសិដ្ឋានចិញ្ចឹមសត្វក្រពើចំនួន១៩៣កសិដ្ឋាន និងមានសត្វក្រពើតូចធំប្រមាណជាង១០ម៉ឺនក្បាល។

​សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងគម្រោងនាំចេញសត្វក្រពើទៅកាន់ទីផ្សារប្រទេសចិន នេះដែរ កាលពីពេលថ្មីៗ មន្ដ្រីជំនាញកម្ពុជាបានចុះយកសំណាកក្រពើ ដើម្បីវិភាគជំងឺមួយចំនួនតាមលក្ខខណ្ឌតម្រូវ មុនអាចឈានដល់ការនាំចេញសត្វក្រពើរស់ស្របតាមស្តង់ដា និងអនុសញ្ញាសាយតេស។ នៅពេលការនាំចេញលើកទី១ទទួលបានជោគជ័យ នោះវានឹងធ្វើឱ្យទីផ្សារសត្វក្រពើរស់របស់កម្ពុជានៅប្រទេសចិន នឹងមានវិសាលភាពកាន់តែធំ និងអាចផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចដល់អ្នកចិញ្ចឹមសត្វក្រពើក្នុងប្រទេសកម្ពុជា។

គិតត្រឹមឆ្នាំ២០២៣ នៅកម្ពុជាមានកសិដ្ឋានចិញ្ចឹមក្រពើចំនួន២៦៨កសិដ្ឋាន ស្ថិតនៅខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំង កណ្តាល និងខេត្តព្រៃវែង។ នេះបើយោងតាមទិន្ន័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


តើមានកត្តាអ្វីជួយជំរុញឱ្យការនាំចេញរថយន្តជជុះរបស់ចិន កើនឡើងយ៉ាងគំហុករហូតដល់៤៥% នៅឆ្នាំ២០២៤?

ចិន ដែលជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២នៅលើពិភពលោក សម្រេចបបានការនាំចេញរថយន្តជជុះប្រមាណ៤០ម៉ឺនគ្រឿង ក្នុងឆ្នាំ២០២៤ មានការកើនឡើងយ៉ាងគំហុក…

រោងចក្រផលិតសំបកកង់រថយន្តតម្លៃ៥០០លានដុល្លារ បានបើកការសាងសង់ ខណៈអ្នកជំនាញរំពឹងជួយជំរុញតម្លៃជ័រកៅស៊ូឱ្យកើនឡើង

រោងចក្រផលិតសំបកកង់រថយន្តដ៏ធំមួយតម្លៃ៥០០លានដុល្លារ ត្រូវបានបើកការដ្ឋានសាងសង់នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស៊ីនបាវិត ខេត្តស្វាយរៀង នៅលើផ្ទៃដី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ