![ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត](https://cdn.cambonomist.com/media/images/acledasda1231asaasda1231.2e16d0ba.fill-960x540.jpg)
ក្នុងជំនួបជាមួយគណៈកម្មាធិការនីតិកម្មនៃគណៈរដ្ឋមន្ត្រីជប៉ុន ឯកឧត្តម Iwao Nobuyuki បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្ដម វង្សី វិស្សុត និងគណៈប្រតិភូនៃទីស្តីការគណៈរដ្ឋមន្ត្រី ព្រមទាំងបានបង្ហាញនូវស្មារតីសហការខ្ពស់ក្នុងការចែករំលែកបទពិសោធ និងចំណេះដឹងនានាពាក់ព័ន្ធដំណើការការងារ និងប្រព័ន្ធការងាររបស់គណៈកម្មាធិការនីតិកម្មនៃគណៈរដ្ឋមន្ត្រីជប៉ុន ដែលមានមុខងារប្រហាក់ប្រហែលគ្នាជាមួយនឹងទីស្តីការគណៈរដ្ឋមន្ត្រីកម្ពុជាលើការងារនីតិកម្ម និងការងារកែទម្រង់ច្បាប់។ ក្នុងឱកាសនេះ ឯកឧត្តម វង្សី វិស្សុត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការកសាងស្ថាប័ន និងប្រព័ន្ធរដ្ឋបាលសាធារណៈដែលមានសមត្ថភាព ប្រសិទ្ធភាព ស្អាតស្អំ និងឆ្លាតវៃ ជាអាទិភាពដ៏សំខាន់ និងជាកត្តាចាំបាច់សម្រាប់ការកសាងនីតិរដ្ឋ និងការអភិវឌ្ឍប្រទេស។
![IMG_9831](https://cdn.cambonomist.com/media/images/IMG_9831.original.jpg)
![IMG_9837](https://cdn.cambonomist.com/media/images/IMG_9837.original.jpg)
ក្នុងនាមជាប្រធានស្ថាប័នទទួលបន្ទុកការងារនីតិកម្មនិងការកែទម្រង់ច្បាប់ ឯកឧត្តម វង្សី វិស្សុត បានបញ្ជាក់ថា
ទីស្តីការគណៈរដ្ឋមន្ត្រីបាននិងកំពុងខិតខំសិក្សា និងដកស្រង់បទពិសោធល្អៗពីបណ្ដាប្រទេសនានា និងថ្លែងអំណរគុណដល់ ឯកឧត្តម Iwao Nobuyuki និងមន្ត្រីពាក់ព័ន្ធនៃគណៈកម្មាធិការនីតិកម្មនៃគណៈរដ្ឋមន្ត្រីជប៉ុន ដែលបានចែករំលែកបទពិសោធការងារ និងចំណេះដឹងដល់គណៈប្រតិភូកម្ពុជាប្រកបដោយស្មារតីបើកចំហ និងបានយល់ព្រមបន្តកិច្ចសហប្រតិបត្តការនេះសម្រាប់ជាប្រយោជន៍ដល់ស្ថាប័នទាំងពីរ។
![IMG_9839](https://cdn.cambonomist.com/media/images/IMG_9839.original.jpg)
នាថ្ងៃដដែលនេះ ក្នុងជំនួបជាមួយឯកឧត្តម Ishiguro Norihiko ប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ឯកឧត្តម វង្សី វិស្សុត បានស្វែងយល់អំពីបញ្ហាប្រឈម និងការលើកកម្ពស់ពាណិជ្ជកម្មនិងការវិនិយោគរវាងកម្ពុជានិងជប៉ុន។ ឯកឧត្តម Ishiguro Norihiko បានលើកឡើងថា ក្នុងបរិការណ៍នៃសង្គ្រាមពាណិជ្ជកម្មសកល ក្រុមហ៊ុនជប៉ុនជាច្រើនបាននិងកំពុងពិនិត្យឡើងវិញ និងរៀបចំខ្សែច្រវាក់តម្លៃនិងផលិតកម្ម ដើម្បីធ្វើពិពិធកម្មមូលដ្ឋានផលិតកម្ម តាមរយៈការបង្វែរការវិនិយោគមកប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងប្រទេសកម្ពុជាផងដែរ។ ឯកឧត្តម វង្សី វិស្សុត បានថ្លែងអំណរគុណចំពោះកិច្ចសហការរបស់ JETRO និងបានគូសរំលេចអំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការតាមដាន និងដោះស្រាយបញ្ហាប្រឈម និងកង្វល់នានារបស់វិស័យឯកជន តាមរយៈវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងបានជំរុញឱ្យសហគមន៍វិនិយោគិនជប៉ុនលើកឡើងអំពីបញ្ហាប្រឈមនានាដោយបើកចំហជូនរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាទាំងនោះ។
![IMG_9853](https://cdn.cambonomist.com/media/images/IMG_9853.original.jpg)
![IMG_9865](https://cdn.cambonomist.com/media/images/IMG_9865.original.jpg)
ក្រៅពីនេះ ឯកឧត្តមក៏បានពិភាក្សានិងផ្លាស់ប្តូរយោបល់លើផែនការដោះស្រាយបញ្ហានានា ពាក់ព័ន្ធនឹងកង្វះកម្លាំងពលកម្ម, ការបណ្តុះបណ្តាលពលករជំនាញ, ការជំរុញធុរកិច្ចថ្មី, និងយន្តការលើកទឹកចិត្តនានា។ល។ ក្នុងគោលដៅទាក់ទាញការវិនិយោគថ្មីៗទៀតមកកាន់ប្រទេសកម្ពុជា។ លើសពីនេះទៀត ភាគីទាំងពីក៏បានផ្លាស់ប្តូរ យោបល់អំពីការបង្កើនសមត្ថភាពផលិតកម្ម គុណភាព និងស្តង់ដាទំនិញកម្ពុជា ដើម្បីនាំចូលទីផ្សារជប៉ុន និងបានពិភាក្សាអំពីគោលនយោបាយថ្មីរបស់ JETRO ដែលមានបំណងលើកស្ទួយធុរកិច្ចថ្មីកម្ពុជា តាមរយៈការលើកកម្ពស់កិច្ចសហប្រតិបត្តិការធុរកិច្ចថ្មីកម្ពុជា-ជប៉ុន។
![IMG_9833](https://cdn.cambonomist.com/media/images/IMG_9833.original.jpg)
![IMG_9821](https://cdn.cambonomist.com/media/images/IMG_9821.original.jpg)
![IMG_9819](https://cdn.cambonomist.com/media/images/IMG_9819.original.jpg)
ទន្ទឹមនេះ ក្នុងជំនួបជាមួយអង្គការទេសចរណ៍ជាតិជប៉ុន (JNTO) ឯកឧត្តម Atsumi Gamo បានចែករំលែកបទពិសោធ អំពីយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលជប៉ុន ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ រហូតក្លាយជាវិស័យដ៏មាន
សក្តានុពល និងជាជន្ទល់សេដ្ឋកិច្ចទី២របស់ជប៉ុន។ ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាប្រឈមក្នុងខ្សែច្រវាក់
តម្លៃនៃវិស័យទេសចរណ៍រវាងប្រទេសទាំងពីរជារួម ហើយបានផ្តោតទៅលើបញ្ហានៅកម្ពុជា ដោយស្វែងយល់អំពីទស្សនរបស់ភ្ញៀវទេសចរជប៉ុន និងគោលនយោបាយរបស់រដ្ឋាភិបាលជប៉ុន ព្រមទាំងដំណោះស្រាយបញ្ហានៅក្នុងវិស័យនេះ ដើម្បីជំរុញកំណើនទេសចរជប៉ុនមកកាន់កម្ពុជាឱ្យកាន់តែច្រើនថែមទៀត ក៏ដូចជាការលើកកម្ពស់ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។ គួរបញ្ជាក់ថា ជំនួបពិភាក្សាទាំងនេះធ្វើឡើងនៅក្នុងទស្សនកិច្ចរបស់គណៈប្រតិភូនៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលដឹកនាំដោយ ឯកឧត្តម វង្សី វិស្សុត តាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន។
![IMG_9910](https://cdn.cambonomist.com/media/images/IMG_9910.original.jpg)
![IMG_9927](https://cdn.cambonomist.com/media/images/IMG_9927.original.jpg)
![IMG_9897](https://cdn.cambonomist.com/media/images/IMG_9897.original.jpg)
![IMG_9920](https://cdn.cambonomist.com/media/images/IMG_9920.original.jpg)
![IMG_9919](https://cdn.cambonomist.com/media/images/IMG_9919.original.jpg)
![IMG_9916](https://cdn.cambonomist.com/media/images/IMG_9916.original.jpg)
![ឯកឧត្តម វង្សី វិស្សុត](https://cdn.cambonomist.com/media/images/photo_2_2025-02-06_10-44-15.2e16d0ba.fill-960x540.jpg)
![ឯកឧត្តម វង្សី វិស្សុត](https://cdn.cambonomist.com/media/images/photo_1_2025-02-06_10-44-15.2e16d0ba.fill-960x540.jpg)