ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានគូសបញ្ជាក់ថា ការចូលរួមជាសមាជិកសហគមន៍កសិកម្មទំនើប ប្រជាកសិករនឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ដូចជា អាចបង្កើនសមត្ថភាពប្រកួតប្រជែងលើទីផ្សារ ការជួយការពារហានិភ័យ និងដោះស្រាយបញ្ហាប្រឈមផ្សេងៗ និងជាពិសេស គឺការទទួលបានការគាំទ្រផ្នែកដើមទុនតែម្តង។ ជាក់ស្តែង បើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់រូបនេះ សមាជិកសហគមន៍កសិកម្មទំនើបមានលទ្ធភាពទទួលបានកម្ចីអាជីវកម្មនៅក្នុងអត្រាការប្រាក់ទាប និងមិនតម្រូវឱ្យមានវត្ថុបញ្ចាំ ក៏ប៉ុន្តែអត្ថប្រយោជន៍នេះមិនមែនកសិករម្នាក់ៗអាចទទួលបានកម្ចីរៀងខ្លួននោះទេ ពោលគឺការទទួលបានកម្ចីនេះគឺស្ថិតក្នុងកម្រិតសហគមន៍ ដោយសហគន៍ទទួលបានកម្ចីពីធនាគារជាដៃគូរ រួចទើបយកទុនទាំងនោះមកចាត់ចែងប្រើប្រាស់នៅក្នុងសហគមន៍។
បើតាម ឯកឧត្តម ឃឹម ហ្វីណង់ ការទទួលបានកម្ចីរបស់សហគមន៍កសិកម្មទំនើបពីធនាគារជាដៃគូនេះដែរ គឺមិនមានកំណត់អំពីទំហំកម្ចីនោះទេ គឺអាស្រ័យលើតម្រូវការអាជីវកម្មរបស់សហគមន៍នីមួយៗ តួយ៉ាង តាមរយៈសហគមន៍កសិកម្មទំនើប«ម្រេចមេមត់ត្បូងឃ្មុំ» ដែលទើបត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការថ្មីៗនេះ គឺសហគមន៍ទទួលបានកម្ចីសម្រាប់ធ្វើទុនវិនិយោគបានដល់ប្រមាណ១លានដុល្លារឯណោះ ខណៈសហគមន៍កសិកម្មទំនើបស្វាយចន្ទីផ្សេងៗទៀតក៏ទទួលបានប្រភពទុនក្នុងទំហំធំផងដែរ។
ឯកឧត្តម ឃឹម ហ្វីណង់ បានឱ្យដឹងដែរថា មកទល់ពេលនេះសហគមន៍កសិកម្មទំនើបបានសហការជាមួយ ធនាគារ Wing និង ធនាគារ ARDB ដើម្បីដំណើរការការផ្តល់ប្រាក់កម្ចីអាជីវកម្មនេះ ខណៈសាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានចុះអនុស្សរណៈយោគយល់គ្នាជាមួយសហគមន៍កសិកម្មទំនើប ដើម្បីផ្តល់សេវាធានាឥណទានដល់សហគមន៍។
គួរជម្រាបថា គិតមកទល់ពេលនេះ កម្ពុជាមានសហគមន៍កសិកម្មទំនើបចំនួន៦ហើយ ដែលត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ ដោយក្នុងនោះ រួមមានសម្រាប់ដំណាំស្រូវ បន្លែ ស្វាយចន្ទី និងម្រេច ដែលមានទីតាំងនៅក្នុងខេត្តសៀមរាប កំពង់ធំ ត្បូងឃ្មុំ កណ្តាល និងតាកែវ។ ឯកឧត្តម ឃឹម ហ្វីណង់ រំពឹងថា កម្ពុជា នឹងអាចពង្រីកចំនួនសហគមន៍កសិកម្មទំនើបលើមុខដំណាំផ្សេងៗជាច្រើនទៀតនាពេលដ៏ខ្លីខាងមុខផងដែរ៕