បើយោងតាមរបាយការណ៍របស់អាជ្ញាធរផ្លូវដែក នៅក្នុងរយៈពេល៨ខែឆ្នាំ២០២៤ មានទំនិញរហូតដល់ជិត៤លានតោន ជាមួយទំហំទឹកប្រាក់ជិត២ពាន់លានដុល្លារ ត្រូវបានដឹកជញ្ជូនតាមផ្លូវដែកល្បឿនលឿនចិន-ឡាវ ក្នុងនោះបើគិតជាទំនិញមានការកើនឡើងជិត២៣% ហើយបើគិតទឹកប្រាក់មានការកើនឡើង៥៦% បើធៀបនឹងរយៈពេលពេលដូចគ្នាកាលពីឆ្នាំ២០២៣។
កាលដំបូងឡើយផ្លូវដែកនេះ ត្រូវបានរចនាឡើងដើម្បីដឹកជញ្ជូនទំនិញតែ៥០០ប្រភេទប៉ុណ្ណោះ ប៉ុន្តែឥឡូវមានមុខទំនិញរហូតដល់៣ពាន់មុខផ្សេងៗគ្នា ហើយវាបានដើរតួយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនគ្រឿងម៉ាស៊ីន និងអគ្គិសនីមកពីប្រទេសចិន ក៏ដូចជាផលិតផលកសិកម្ម កៅស៊ូធម្មជាតិ និងផ្លែឈើត្រូពិចមកពីប្រទេសឡាវ និងថៃ ទៅកាន់ប្រទេសចិន វិញផងដែរ។ ផ្លូវដែកនេះ បានធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពដឹកជញ្ជូនទំនិញនៅក្នុងតំបន់ដែលផ្តល់អត្ថប្រយោជន៍ដល់ពាណិជ្ជកម្មរវាងឡាវ និងថៃ។
លោក ស៊ូ លីពីង (Xu Liping) នាយកមជ្ឈមណ្ឌលសម្រាប់ការសិក្សាអាស៊ីអាគ្នេយ៍នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន បានកត់សម្គាល់ថា ផ្លូវរថភ្លើងនេះ បានឆ្លុះបញ្ចាំងពីការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសចិន និងបណ្តាប្រទេសអាស៊ាន។
គេបានរំពឹងថា នៅថ្ងៃពិព័រណ៍ចិន-អាស៊ាន នៅទីក្រុងណាននីង ប្រទេសចិន ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកញ្ញា ផ្លូវដែកនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលការធ្វើពាណិជ្ជកម្ម និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងចិន និងអាស៊ាន ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕
អត្ថបទ៖ សុខ មង្គល