
ជាមួយគ្នានេះ បើតាមការអះអាងរបស់ប្រធានមន្ទីរទេសចរណ៍នៃបណ្តាខេត្តមាត់សមុទ្រធំៗ៣ នៅក្នុងរយៈពេលដូចគ្នានេះ ខេត្តទាំង៣ ទទួលបានភ្ញៀវទេសចរជាងកន្លះលាននាក់ ដែលវាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយគាំទ្រ និងជំរុញកំណើនសេដ្ឋកិច្ចនៅតាមមូលដ្ឋាន។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានគូសបញ្ជាក់ថា នៅក្នុងថ្ងៃឈប់សម្រាករយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៥ នេះ ខេត្តកំពត ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តជិត២០ម៉ឺននាក់មានការកើនឡើងគួរឱ្យកត់សម្គាល់ បើធៀបនឹងពិធីបុណ្យភ្ជុំបិណ្ឌកាលពីឆ្នាំមុន ដោយក្នុងនោះមានភ្ញៀវទេសចរអន្តរជាតិ ប្រមាណជិត២ពាន់នាក់។ ប្រធានមន្ទីរទេសចរណ៍រូបនេះ បានចាត់ទុកវត្តមានរបស់ភ្ញៀវទេសចរនេះ គឺបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចនៅតាមមូលដ្នាន ជាពិសេសអ្នកប្រកបរបរក្នុងសេវាកម្មទេសចរណ៍នានាតែម្តង។
ជាមួយគ្នានេះ លោក តាំង សុចិត្រគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ក្រោមការរៀបចំរក្សាសន្តិសុខ និងសុវត្ថិភាពរបស់អាជ្ញាធរខេត្ត និងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍កម្សាន្តនានា នៅក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរជាង២១ម៉ឺន៦ពាន់នាក់ មានការកើនឡើងជាង២០% បើធៀបនឹងឆ្នាំមុន។ ក្នុងនោះភ្ញៀវទៅកម្សាន្តតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានា មានជាង២១ម៉ឺន៤ពាន់នាក់ និងភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះនានា មានជាង២ពាន់នាក់។
មិនខុសគ្នាពីបណ្តាខេត្តទាំងពីរខាងលើនោះទេ ខេត្តកែប បានស្រូបទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកលេងកម្សាន្តប្រមាណជាង៩ម៉ឺននាក់ មានការកើនឡើងជាង១៤% បើធៀបនឹងឆ្នាំមុខ។ នេះបើតាមការគូសបញ្ជាក់របស់លោក ប៉ុក ទាំង ប្រធានមន្ទីរទេសចរណ៍ខេត្តកែប ដែលបានចាត់ទុកកំណើនភ្ញៀវទេសចរនេះ មិនត្រឹមបង្កភាពអ៊ូអរ និងសប្បាយរីករាយប៉ុណ្ណោះទេ ថែមទាំងជួយបង្កើនប្រាក់ចំណូលដល់ពលរដ្ឋនៅតាមមូលដ្ឋាន ទាំងអ្នកបម្រើសេវាកម្មទេសចរណ៍ដោយផ្ទាល់ និងប្រយោល តាមរយៈការលក់ម្ហូបអាហារ សេវាស្នាក់នៅ និងសេវាផ្សេងៗ។
បើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបជាង២លាន១៤ម៉ឺននាក់ បានចេញដើរលេងកម្សាន្តនៅទូទាំងប្រទេសមានការកើនឡើងជាង២០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះខេត្តដែលទទួលបានសចរច្រើនជាងគេរួមមានខេត្តសៀមរាប មានចំនួនជិត២៤នាក់, ខេត្តបាត់ដំបង មានជិត២២ម៉ឺននាក់ និងខេត្តព្រះសីហនុ មានជាង២១ម៉ឺននាក់៕