ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី៣ ខែកុម្ភៈ លោក អានុទីន ឆាន់វីរៈគុល រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាមេដឹកនាំគណបក្សភូមិចៃថៃផងនោះបានបញ្ជាក់ថា មកទល់ពេលនេះ គ្មានសញ្ញាណាមួយ ដែលនាំឱ្យមានការព្រួយបារម្ភដល់សន្តិសុខតាមព្រំដែននោះទេ។ បើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ MGR Online លោក អានុទីន បានសង្កត់ធ្ងន់ថា គ្រប់យ៉ាងកំពុងដំណើរការទៅដោយរលូន និងគ្មានឧបសគ្គអ្វីមករារាំងថ្ងៃបោះឆ្នោតឡើយ។
ជាមួយគ្នានេះ លោកបានកោតសរសើរចំពោះស្មារតីរបស់ប្រជាជនថៃ ដែលបានបង្ហាញពីកម្សួលនៃការចង់ចូលរួមបោះឆ្នោតនៅថ្ងៃទី៨ ខែកុម្ភៈ ដែលនេះបានបង្ហាញឱ្យឃើញថា ប្រជាពលរដ្ឋផ្ដល់តម្លៃខ្ពស់ដល់ការសម្រេចជោគវាសនាប្រទេសជាតិ។ លោកបានថ្លែងថា៖«ការបោះឆ្នោតនេះ នឹងកំណត់អនាគតរបស់ប្រទេស ហើយម្ចាស់នៃអនាគតដ៏ពិតប្រាកដ គឺប្រជាជនដែលជាម្ចាស់ឆ្នោតគ្រប់រូប»។
គួររំលឹកថា យោងតាមលទ្ធផលស្ទង់មតិចុងក្រោយរបស់វិទ្យាស្ថាន NIDA Poll បានបង្ហាញថា គណបក្សភូមិចៃថៃរបស់លោក អានុទីន កំពុងឈរនៅលំដាប់ថ្នាក់លេខ២ ខណៈលេខ១ បានទៅលើគណបក្សប្រជាជន ដែលជាគណបក្សកំណែទម្រង់ថ្មី។ ចំណែកឯគណបក្សភឿថៃ ស្ថិតនៅលំដាប់ទី៣ និងគណបក្សប្រជាធិបតេយ្យរបស់លោក អាភីស៊ីត វេចាជីវ៉ា ស្ថិតនៅលំដាប់ទី៤ សម្រាប់ការប្រកួតប្រជែងនាថ្ងៃអាទិត្យ សប្ដាហ៍នេះ៕
អត្ថបទៈ សួន ឡង់ទី